២. ទំនាក់ទំនងរវាងជំងឺទឹកនោមផ្អែម និងវីរុសកូវីដ១៩
បើតាមការចុះផ្សាយលើវិបសាយមន្ទីរពេទ្យ Massachusetts General Hospital បានលើកឡើងថា គេមិនទាន់ដឹងច្បាស់ថាមូលហេតុអ្វីឲ្យប្រាដកទេ ដែលអ្នកជំងឺទឹកនោមផ្អែមពេលឆ្លងកូវីដ១៩ មានផលវិបាកធ្ងន់ធ្ងរ។ ប៉ុន្តែថា តាមការសិក្សាកន្លងមកអ្នកមានជំងឺទឹកនោមផ្អែមអាចមានប្រព័ន្ធភាពស៊ាំខ្សោយ ធ្វើឲ្យប៉ះពាល់ដល់ការជាសះស្បើយពីរបួស ឬជំងឺផ្សេងមិនបានលឿន។
បន្ថែមពីនេះ បើអ្នកជំងឺទឹកនោមផ្អែម មិនបានគ្រប់គ្រងជំងឺនេះឲ្យបានល្អក្នុងរយៈពេលយូរ វានឹងបង្កឲ្យមានការរលាក ដែលការណ៍នេះក៏មានផលប៉ះពាល់ដល់ប្រព័ន្ធភាពស៊ាំផងដែរ។
លោកស្រីវេជ្ជបណ្ឌិតដដែលបញ្ជាក់ថា៖ «ការរលាកកើតមាននៅពេលមានកម្រិតរងរបួសនៅលើកោសិកា។ ឧទាហរណ៍ថា ពេលយើងធ្វើម្ហូប ហើយមុតដៃ នោះគេហៅថាការរលាក។ ក្រោយមានការរលាក ក៏មានការនាំមូលេគុល និងប្រូតេអ៊ីនផ្សេងទៅកាន់កន្លែងរបួសនោះដើម្បីបានជាសះស្បើយ។ ប៉ុន្តែដំណើរការនេះនឹងមិនអាចធ្វើទៅបានគ្រប់ពេលទេ បើយើងមានជំងឺប្រចាំកាយ ហើយបើមានការរលាកយូរអង្វែង នឹងធ្វើឲ្យមានគ្រោះថ្នាក់»។
លោកស្រី បន្ថែមទៀតថា៖ «នៅក្នុងឈាមមានធាតុបង្កឲ្យរលាក ហើយតាមការពិសោធន៍ផ្នែកវេជ្ជសាស្រ្ត យើងបានរកឃើញថាអ្នកជំងឺមានរោគសញ្ញាកូវីដ១៩ធ្ងន់ធ្ងរ ក៏មានធាតុបង្កការរលាកខ្ពស់ដែរ។ ធាតុបង្កនេះ ក៏គេបានរកឃើញលើអ្នកជំងឺទឹកនោមផ្អែមដែលមិនបានគ្រប់គ្រងស្ថានភាពជំងឺទឹកនោមផ្អែមបានល្អដែរ»។
