brand logo
មាតិកា
រង្វាស់​សុខភាព

ផ្សព្វផ្សាយពាណិជ្ជកម្ម

ចែករំលែក

កត្តាទាំង ៦ នេះ បង្កើនហានិភ័យខ្ពស់ក្នុងការកើតជំងឺមហារីកសួត

មហារីកសួតកើតឡើងនៅពេលមានកោសិកាខុសធម្មតាដុះ និងរីកលូតលាស់ក្នុងសួត និងបង្កឡើងដោយកត្តាជាច្រើន។ តើអ្នកណាខ្លះមាន​ហានិភ័យ​ខ្ពស់ក្នុងការកើតមហារីក​សួត?

កត្តាទាំង ៦ នេះ បង្កើនហានិភ័យខ្ពស់ក្នុងការកើតជំងឺមហារីកសួត

អ្នកដែលមានហានិភ័យខ្ពស់ក្នុងការកើតជំងឺមហារីកសួតមាន​ដូច​ជា៖

១. ជក់បារី

ការជក់បារីអាចបណ្តាលឱ្យយើងកើតជំងឺមហារីកសួត ព្រោះសារធាតុគីមី​នៅក្នុងផ្សែង​បារី​បំផ្លាញកោសិកាសួត និងធ្វើឱ្យជាលិកាសួតប្រែប្រួល។ ដំបូង​​​រាងកាយយើង​អាច​ជួសជុល​កោសិកាដែលខូចនោះដោយខ្លួនឯងបាន ប៉ុន្តែយូៗទៅ កោសិកាសួត​ខូចកាន់​តែច្រើន ហើយបង្កជាមហារីក។

២. ស្រូបផ្សែងបារី

ទោះបីយើងមិនជក់បារី ការស្រូបផ្សែងបារីច្រើនក៏ធ្វើឱ្យយើងប្រឈម​កើតមហារីក​ដែរ ព្រោះ​យើង​បានស្រូបសារធាតុគីមីដែលមាននៅក្នុងផ្សែងបារី។

៣. ស្រូបសារធាតុគីមី

អ្នកដែលធ្វើការជាមួយ ឬឧស្សាហ៍ស្រូបសារធាតុគីមីគ្រោះថ្នាក់មួយចំនួន​ដូចជា អាសបេស្តូស (asbestos) អ៊ុយរ៉ាញ៉ូម អាសេនិច កាដមៀម (cadmium) ក្រូមីញ៉ូម នីកែល និងប្រេងឥន្ធនៈដូចជា សាំង ម៉ាស៊ូត ប្រេងរំអិល ប្រេងកាត ជាដើម ក៏​ប្រឈម​នឹង​ជំងឺ​មហារីកសួត​ដែរ​។​

ស្រូបសារធាតុគីមី

ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ!

ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

៤. មានសមាជិកគ្រួសារកើតមហារីកសួត

អ្នកដែលមានឪពុកម្តាយ បងប្អូនបង្កើត ឬកូនដែលមានមហារីកសួត មានឱកាសខ្ពស់​ក្នុងការកើតមហារីកសួត ដោយសារកត្តាហ្សែន ឬការរស់នៅក្នុងផ្ទះជាមួយគ្នា​ដែល​ស្រូប​ផ្សែងបារី ឬសារធាតុគីមីដូចគ្នា។

៥. ស្រូបឧស្ម័នរ៉ាដុន (Radon)

ឧស្ម័នរ៉ាដុនជាឧស្ម័នវិទ្យុសកម្មគ្មានពណ៌ គ្មានក្លិន ដែលបានមកពីការ​សាយភាយ​សារធាតុអ៊ុយរ៉ាញ៉ូមពីក្នុងដី និងថ្ម។ ឧស្ម័ន​នេះអាចឡើង​មក​តាម​ដី ហើយ​ចូល​ទៅ​ក្នុង​អគារ​តាម​ចន្លោះ​តូចៗ និង​ស្នាម​ប្រេះៗ។ អ្នកដែល​ជក់​បារី ហើយ​បានស្រូប​ឧស្ម័ន​រ៉ាដុន​មានហានិភ័យខ្ពស់ក្នុងការកើត​​មហារីក​សួត​។

៦. ធ្លាប់ព្យាបាលដោយវិទ្យុសកម្ម

អ្នកដែលធ្លាប់ព្យាបាលមហារីកប្រភេទផ្សេងដោយវិទ្យុសកម្មនៅទ្រូងដូចជាហារីកសុដន់ក៏អាចមានហានិភ័យកើតមហារីកសួតដែរ។

មហារីកសួតសាហាវ តែយើងអាចការពារបាន។ ដើម្បីការពារហារីកសួតយើងត្រូវចៀសវាងការជក់បារី ស្រូបផ្សែងបារី ឬស្រូបសារធាតុគីមី។ លើស​ពីនេះទៅទៀត យើងត្រូវហាត់​ប្រាណ និងញុំា​អាហារ​ល្អៗដើម្បីពង្រឹងសុខភាពសួត។

អត្ថបទគួរអាន៖

medical
វេជ្ជ. ចាន់ ស៊ីណេត
ត្រួតពិនិត្យដោយ
ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
អត្ថបទ​ដោយ សុខ វណ្ណ · កែ 03/11/2022