មូលហេតុ​លម្អិតម៉េចបានដល់ថ្នាក់​ក្រិន​ថ្លើម ព្យាបាលលែងជា

ត្រួតពិនិត្យដោយ | ដោយ

កែសម្រួលចុងក្រោយនៅថ្ងៃទី 27/11/2019
Share now

​ឮពាក្យ “ក្រិន​ថ្លើម” ម្នាក់ៗប្រាកដជាខ្លាចរអា ព្រោះជាជំងឺរ៉ាំរ៉ៃ​ទៅ​មុខ​ជា​និច្ច មិន​អាច​បកក្រោយ​។ ចុះ​យើង​ទាំង​អស់​ដឹង​អត់​ថា ម៉េច​បានយើង​ក្រិន​ថ្លើម? ព្យា​បាល​បាន​អត់? “Hello គ្រូពេទ្យ” នឹងលម្អិត​ខ្ទេច​ពាក់​ព័ន្ធ​ជំងឺ​ក្រិន​ថ្លើម។

១- ជំងឺ​ក្រិន​ថ្លើម

ក្រិន​ថ្លើម សំ​ដៅ​ពេល​ថ្លើម​មាន​កើត​ឡើង​ជាលិកា​សម្លាក និង​ដើរ​តួ​ជំនួស​ជាលិកា​ធម្មតា។ ជាលិកា​ទាំង​នោះ​ កើត​ឡើង​ដោយ​សារ​កោសិកា​ល្អ​នៅ​ក្នុង​ថ្លើមមាន​ការខូច​ខាត​ ហើយ​យូរ​ទៅ​បង្ក​ជាជំងឺ​នេះ​ឡើង​តែ​ម្តង ធ្វើ​ឲ្យ​ថ្លើម​ប្រែ​ជា​កំពីក​កំពក​ និង​មាន​សភាព​រឹង ក្រោយ​មក​ចាប់​ផ្តើម​បំពេញ​មុខងារ​មិន​បាន​ល្អ។  វត្ត​មាន​សម្លាក​ទាំង​នោះ បាន​រារាំង​លំហូរ​ឈាម​ទៅ​ក្នុង​ថ្លើម នាំ​ឲ្យ​ឈាម​ច្រាល​ចូល​ទៅ​ក្នុង​អណ្តើក បង្ក​បញ្ហា​ធ្ងន់​ធ្ងរ​តែ​ម្តង។

បច្ចុប្បន្ន​ នៅ​ស្រុក​យើង ជំងឺ​ក្រិន​ថ្លើម អាច​ត្រឹម​តែព្យាបាល​ដើម្បី​គ្រប់​គ្រង​អាការៈ​ជំងឺ​បាន​តែ​ប៉ុណ្ណោះ ប៉ុន្តែ​នៅ​ប្រទេស​ជឿន​លឿន ក្រិន​ថ្លើម​អាច​ព្យាបាល​ដាច់​តាម​រយៈ​ការ​ប្តូរ​ថ្លើម​ទាំង​មូល។

២- រោគ​សញ្ញា​ក្រិន​ថ្លើម

ដំណាក់​កាលដំបូង ជំងឺ​ក្រិន​ថ្លើម​មិន​មាន​រោគ​សញ្ញា​ច្បាស់​លាស់​នោះ​ទេ ប៉ុន្តែ​ពេល​ស្ថាន​ភាព​ជំងឺ​កាន់​តែ​ធ្ងន់​ធ្ងរ អាច​នឹង​លេច​ចេញ​រោគ​សញ្ញា​ជា​ច្រើន​ដូច​ជា៖

– សរសៃ​ឈាម​ឆ្មារៗ អាច​មើល​ឃើញ​នៅ​លើ​ស្បែកពោះ​ផ្នែក​ខាង​លើ
– អស់​កម្លាំង
– បញ្ហា​ដំណេក
– ស្បែក​រមាស់
– ចំណង់អាហារ​ថយ​ចុះ
– ស្រក​ទម្ងន់
– ចង្អោរ
– ឈឺ​ និង​ចុក​ចាប់​នៅ​តំបន់​ថ្លើម
– បាត​ដៃ​ក្រហម​ ឬ​មាន​ពពាល​ក្រហមៗ
– ខ្សោយ។

ពេល​ជំងឺ​ក្រិន​ថ្លើមកាន់​តែ​វិវត្ត​ធ្ងន់​ធ្ងរ អាច​នឹង​ចេញ​រោគ​សញ្ញា​ជា​ច្រើន​ផ្សេង​ទៀត​ដូច​ជា៖

– ពោះ​ធំ បង្ក​ដោយ​កា​រចាល់​ផ្តុំ​សារ​ធាតុ​រាវ​នៅ​ក្នុង​ពោះ
– បេះ​ដូង​លោត​កាន់​តែ​ញាប់
– ប្រែ​ប្រួល​ដំណើរ​ការ​រាង​កាយ (ខួរ​ក្បាល​រង​ប៉ះ​ពាល់​ដោយ​ការ​ប្រមូល​ផ្តុំ​ជាតិ​ពុល)
– អញ្ចាញធ្មេញ​ហូរ​ឈាម
– បាត់​បង់​សាច់​ដុំនៅ​ដើម​ដៃ និង​រាង​កាយ
– បំប្លែង​សារធាតុ​ចេញ​ពី​ស្រា​ និង​ឱសថ​​យឺតយ៉ាវ
– វង្វេង​វង្វាន់​ស្មារតី
– វិល​មុខ​
– ហើម​កជើង ប្រអប់​ជើង និង​ជើង ដោយ​សារ​ចាល់សារ​ធាតុ​រាវ
– ជ្រុះ​សក់
– ងាយ​ជាំ
– ខាន់​លឿង
– ចំណង់​ផ្លូវ​ភេទ​ថយ​ចុះ​
– បញ្ហា​ការ​ចង​ចាំ​
– គ្រុន​ក្តៅ​ញឹក​ញាប់
– រមួល​សាច់​ដុំ
– ឈាម​ច្រមុះ
– ឈឺ​ចាប់​នៅ​លើ​ស្មា​ស្តាំ
– ដង្ហក់
– លាមក​ខ្មៅ​ ដូច​ជ័រ​ខ្មៅ ឬ​ស្លេក
– ទឹក​នោម​កាន់​តែ​ក្រមៅ
– ក្អួត​ឈាម
– ដំណើរ​ទ្រេត​ទ្រោត។

៣- មូលហេតុ

ជំងឺ​ក្រិន​ថ្លើម​ តែង​​បណ្តាល​មក​ពី​បញ្ហា​ថ្លើម ឬ​បញ្ហា​សុខភាព​មួយ​ចំនួន​ទៀត ​ធ្លាប់​កើត​​មានពី​មុន​មក​ ​ដូច​ជា៖

– ផឹក​ស្រា​ច្រើន​ពេក៖ ផឹក​ស្រា​ច្រើន​ពេក និងយូរ​ឆ្នាំ ធ្វើ​ឲ្យយើង​កាន់​តែ​ប្រឈម​កើត​ជំងឺ​ក្រិន​ថ្លើម។ នាំ​ឲ្យ​កើន​ជាតិ​ខ្លាញ់​ និង​រលាក​ថ្លើម។ កម្រិត​បរិមាណ​ស្រាសម្រាប់​ស្រីៗ ផឹក​មួយ​កែវ​ក្នុង​មួយ​ថ្ងៃ ខណៈ​ប្រុសៗ ២ ​កែវ​ គឺ​សម​ល្មម។

– ជំងឺ​រលាក​ថ្លើម​ដោយ​សារ​មេរោគ៖ ជំងឺ​រលាក​ថ្លើម សំដៅ​លើ​ករណី​រលាក​ថ្លើម ​បណ្តាល​មក​ពី​ការ​ផឹក​ស្រា​ច្រើន​លើស​កម្រិត ថ្នាំ​មួយ​ចំនួន ឬ​ស្ថាន​ភាព​វេជ្ជ​សាស្ត្រ។ យ៉ាង​នេះ​ក្តី សឹង​តែ​គ្រប់​ករណី ជំងឺ​រលាក​ថ្លើម​បង្ក​ឡើង​ដោយ​មេរោគ។ គ្នា​យើង​អាច​ឆ្លង​ជំងឺ​រលាក​ថ្លើម ក្នុង​ករណី​មាន​ការ​ប៉ះ​ពាល់​ឈាម​អ្នក​ដែលបង្ក​រោគ ហើយ​ករណី​ទាំង​នោះ​មាន​ដូច​ជា៖

  • ចាក់ ឬ​មុត​ម្ជុល​ដោយ​ចៃ​ដន្យ​
  • ប្រើ​ប្រាស់​ម្ជុល​រួម​គ្នា
  • ធ្លាប់​បញ្ចូល​ឈាម អ្នក​មាន​ជំងឺ​រលាក​ថ្លើម​ប្រភេទ B និង C (ឈាម​មិន​ទាន់​ពិនិត្យ​ឃើញ​មេរោគ)
  • រួម​ភេទ ឬ​ប៉ះ​ពាល់​ទឹក​កាម សារធាតុ​រាវ​អ្នក​មាន​ជំងឺ​ថ្លើម។

– ជំងឺ​ខ្លាញ់​រុំ​ថ្លើម (មិន​មែន​មក​ពី​ស្រា)៖ ទោះ​បី​យើង​មិន​ចូល​ចិត្ត​ផឹក​ស្រា​ក៏​ដោយ នៅ​តែ​អាច​ជួប​ប្រទះ​ករណី​ខ្លាញ់​ចាល់​នៅ​ក្នុង​ថ្លើម​ដូចគ្នា។ ផ្អែក​លើ​កត្តា​នេះ បញ្ហា​សុខ​ភាព​មួយ​ចំនួន អាច​បង្ក​ឲ្យ​យើង​កើត​ជំងឺ​ក្រិន​ថ្លើម ដូចជា៖

  • ជំងឺ​ទឹក​នោម​ផ្អែម​ (​ធាត់​លើស​ទម្ងន់​)
  • ជាតិ​កូលេស្តេរ៉ូល និង​ទ្រី​គ្លី​សេរីត ​ខ្ពស់​នៅ​ក្នុង​ឈាម
  • ជំងឺ​លើស​ឈាម​
  • ប្រជុំ​រោគ​សញ្ញា​មេតា​បូលីស​ដំណើរ​ការ​មិន​ប្រក្រតី​។

– រលាក​ថ្លើម​ដោយ​សារ​ប្រព័ន្ធ​ភាព​ស៊ាំ​ប្រឆាំង​រាង​កាយ​ខ្លួន​ឯង៖ ករណី​នេះ សំដៅ​លើ​ប្រព័ន្ធ​ភាព​ស៊ាំ​យើង​ធ្វើ​សកម្ម​ភាព​លើស​កម្រិត ឬខុស​ប្រក្រតី ដោយ​ទៅ​វាយ​ប្រហារ​ថ្លើម។ គ្រូ​ពេទ្យ​ជំនាញ ជឿ​ជាក់​ថា រលាក​ថ្លើម​ដោយ​សារ​ប្រព័ន្ធ​ភាព​ស៊ាំ​វាយ​ប្រហារ​រាង​កាយ​ខ្លួន​ឯង អាច​ជាប់​ទាក់​ទង​ករណី​ណា​មួយ ជា​មួយ​ហ្សែន ចម្លង​តគ្នា​ក្នុង​ចំណោម​សមាជិក​គ្រួសារ។ លើស​ពី​នេះ ស្រីៗ​កាន់​តែ​ប្រឈម​ខ្លាំង​ជាង​ប្រុសៗ កើត​ជំងឺ​រលាក​ថ្លើម​ប្រភេទ​នេះ។

– ខូច​ខាត​កូន​បំពង់​ទឹក​ប្រមាត់៖ កូន​បំពង់​ទឹក​ប្រមាត់ ជាបំពង់​តូចៗ មាន​នា​ទីដឹក​នាំ​ទឹក​ប្រមាត់ ពី​ថ្លើម​ទៅ​កាន់​ពោះ​វៀន​តូច។ បើ​ជំងឺ​ណា​មួយ ឬ​របួស​ណា​មួយ​កើត​មាន​ឡើង ធ្វើ​ឲ្យ​រាំង​ស្ទះ​កូន​បំពង់​នេះ ទឹក​ប្រមាត់​គ្មាន​កន្លែង​ត្រូវ​ទៅ​ នឹង​បក​ក្រោយ​ទៅ​កាន់​ថ្លើម​វិញ ជា​ហេតុ​នាំ​ឲ្យ​កើត​ជំងឺ​ក្រិន​ថ្លើម។ ករណី​គ្រួស​ក្នុង​ថង់​ទឹក​ប្រមាត់​ និង​ជំងឺ​សួត សុទ្ធ​តែ​បង្ក​ឲ្យ​មាន​ការ​ផលិត​ជាតិ​អន្ធិល​ច្រើន​ហួស​ហេតុ ជា​រឿយៗ​នាំ​ឲ្យ​ខូច​ខាត​កូន​បំពង់​ទឹក​ប្រមាត់​នេះ​ឯង។

– ឱសថ៖ ថ្នាំ​ជាក់​លាក់​មួយ​ចំនួន ប្រើ​ប្រាស់​ជា​យូរ​អង្វែង អាច​នាំ​ឲ្យ​កើត​ជំងឺ​ក្រិន​ថ្លើម​ដូចគ្នា។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជា​មួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជាមិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទពាក់ព័ន្ធ:

    ប្រភព

    Cirrhosis of the liver: Causes, symptoms, and treatments http://www.medicalnewstoday.com/articles/172295.php Accessed July 13, 2017

    What Is Cirrhosis? http://www.webmd.com/a-to-z-guides/cirrhosis-liver#1 Accessed July 13, 2017