Thiamine Deficiency (​ជំងឺ​កង្វះ​វីតាមីន​បេ​១)

ដោយ ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត

និយមន័យ

តើ​អ្វី​ទៅ​ជា​ជំងឺ​កង្វះវី​តាមីន​បេ​១?

ធ្យាមីន​ឬ​វីតាមីន​បេ​១​ គឺ​ជា​ប្រភេទ​វីតាមីនមួយ​ក្នុង​ចំណោម​វីតាមីន​បេ​ទាំង​៨​ប្រភេទ​ដែល​មាន​តួនាទី​សំខាន់​ក្នុង​ដំណើរ​កា​រ​រាង​កាយ។ វា​ត្រូវ​បាន​ប្រើ​ស្ទើរ​តែ​គ្រប់​កោសិកា​ទាំង​អស់​ដើម្បី​បំប្លែង​អាហារ​ឲ្យ​ទៅ​ជា​ថាមពល។ ដោយសារ​តែ​សារពាង្គកាយ​របស់​មនុស្ស​មិន​អាច​សំយោគ​វា​បាន​ដោយ​ខ្លួន​ឯង​ដូច​នេះ​យើង​ត្រូវ​បរិភោគ​អាហារ​ណា​ដែល​សំបូរ​សារធាតុ​វីតាមីន​ប្រភេទ​នេះ​ដូច​ជា​សាច់​ គ្រាប់​ធញ្ញជាតិ​ជាដើម។នៅ​ពេល​ដែល​ញ៉ាំ​អាហារ​ទាំង​នេះ​មិន​គ្រប់​គ្រាន់​ទេ​នោះ​នឹង​បង្ក​ឲ្យ​មាន​កង្វះ​វីតាមីន ​(បេរីបេរី)។

តើ​អ្វី​ទៅ​ជា​ជំងឺ​កង្វះ​វីតាមីន​បេ​១​ ហើយឧស្សាហ៍​ជួប​ប្រទះ​ដែរ​ឫ​ទេ?

មិន​សូវ​ជា​ឃើញ​ច្រើន​នោះ​ទេ​ក្នុង​ប្រទេស​អភិវឌ្ឍន៍។

រោគ​​សញ្ញា

រោគសញ្ញា​របស់​ជំងឺ​កង្វះ​វីតាមីន​បេ១

រោគ​សញ្ញា​ដែល​ឧស្សាហ៍​ជួប​ប្រទះ​ជាង​គេ​គឺ៖

  • ស្រក​ទម្ងន់​យ៉ាង​គំហុក
  • មិន​ឃ្លាន​អាហារ
  • រលាក​ពោះវៀន​ធំ
  • វិបត្តិ​ក្រពះ​ពោះវៀន​៖ រាក
  • ខូច​សរសៃ​ប្រសាទ​វិញ្ញាណ
  • ក្រហាយ​ចុង​ជើង​ជាពិសេស​នៅ​ពេល​យប់
  • រលាក​សរសៃ​ប្រសាទ​វិញ្ញាណ
  • ហត់​ឬអស់​កម្លាំង
  • នៅ​មិន​សុខ
  • ខ្សោយ​សាច់​ដុំ រមួល​ក្រពើឈឺ ​និង​ស្ពឹក​ជើង
  • បម្រែបម្រួល​ផ្លូវ​អារម្មណ៍​ដូចជា​ស្មឿក​ៗ​ឬ​បាក់​ទឹក​ចិត្ត
  • មាន​វិបត្តិ​បេះដូង​ដូចជា​បេះដូង​រីក​ជាដើម

នៅ​ពេល​ដែល​មាន​កង្វះ​វីតាមីន​នេះ​ខួរក្បាល​ បេះដូង ជាលិកា​ក៏​ដូចជា​សរីរាង្គ​ផ្សេង​ៗ​ត្រូវ​ទទួល​ការ​ខូចខាត​ដែរ។ កំហាប់​ច្រើន​របស់​សារធាតុ​នេះ​គឺ​ជា​ធម្មតា​គេ​រក​ឃើញ​នៅ​ក្នុង​បេះដូង​និង​សាច់ដុំ​ជាប់​ឆ្អឹង ថ្លើម ក្រលៀន​និង​ខួរក្បាល។ជំងឺ​កង្វះ​វីតាមីន​បេ១​អាច​ធ្វើ​ឲ្យ​មាន​ការ​សឹករិចរិល​សរសៃ​ប្រសាទ​រង​និង​ផ្នែក​ខ្លះ​នៃ​ខួរក្បាល​ដូចជា​ខួរ​កណ្ដាល​និង​ខួរ​តូច។ លើស​ពី​នេះ​ទៅ​ទៀត​វា​អាច​បន្ថយ​សំពាធ​ឈាម​ កត្តា​ប្រឆាំង​ក្នុង​សរសៃ​ឈាម​កើន​ឡើង​ក៏​ដូចជា​ហើម​និង​ធ្វើ​ឲ្យ​បេះដូង​រីក​ធំ​ទៀត​ផង។ វាក៏​អាច​នៅ​មាន​សញ្ញា​ផ្សេង​ទៀតដែរ​។

តើ​ត្រូវ​ជួប​គ្រូពេទ្យ​នៅ​ពេល​ណា​?

ប្រសិន​បើ​លោក​អ្នក​មាន​សញ្ញា​ដូច​បាន​រៀប​រាប់​ខាង​លើ​សូម​រួសរាន់​ទៅ​ជួប​គ្រូពេទ្យ​ ព្រោះរាងកាយ​របស់​មនុស្ស​ម្នាក់​ៗ​អាច​នឹង​ឆ្លើយ​តប​ជាមួយ​មេរោគ​ផ្សេង​ៗ​ពី​គ្នា​ដូច​នេះ​បើ​មាន​អ្វី​មិន​ច្បាស់​សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ។

មូលហេតុ

ហេតុ​អ្វី​ទើប​កើត​ជំងឺ​ខ្វះ​វីតាមីន​បេ១?

តាមការ​ស្រាវ​ជ្រាវ​រកឃើញ​ថា​មនុស្ស​មួយ​ចំនួន​អាច​កើត​មាន​កង្វះ​សារធាតុ​នេះ​បាន​នៅ​ពេល​ដែល៖

  • មាន​បញ្ហា​ថ្លើម
  • អ្នក​ផឹក​ស្រា​ច្រើន
  • ជំងឺ​មិន​ឃ្លាន​អាហារ​និង​វិបត្តិ​ក្នុង​ការ​បរិភោគ​អាហារ​ដែល​បង្ក​ឲ្យ​មាន​កង្វះ​អាហារូបត្ថម្ភ
  • ចាស់​ជរា​ដោយសារ​តែ​បរិភោគ​មិន​គ្រប់​គ្រាន់​ ជំងឺ​រ៉ាំរ៉ៃ​និង​ការ​ប្រើ​ប្រាស់​ថ្នាំ​ដែល​បង្អាក់​ការ​ស្រូប​យក​វីតាមីន​បេ​១
  • ឱសថ​ដែល​បង្ក​ឲ្យ​មាន​វិបត្តិ​ក្នុង​ការ​ស្រូប​យក​សារធាតុវីតាមីនបេ១នេះ
  • បញ្ហា​ក្រពះ​ពោះវៀន​ដែល​មាន​ការ​រាក​និង​ក្អួត​ជាដើម
  • ជំងឺ​អេដស៍
  • ជំងឺ​ទឹក​នោម​ផ្អែម​ដោយសារ​ការ​បាត់​បង់​មុខ​ងារ​តម្រង​នោម
  • មាន​ការ​វះកាត់​ត​ពោះវៀន​ដែល​បង្ក​ឲ្យ​មាន​ការ​ស្រូប​ចូល​បាន​តិច
  • អាហារ​ដែល​មិន​សូវ​សម្បូរ​សារធាតុ​ចិញ្ចឹម​និង​កង្វះ​បន្លែ​និង​ធញ្ញជាតិ​ដូចជា​គ្រាប់​សណ្ដែក​និង​គ្រាប់​ផ្លែ​ឈើ​មួយ​ចំនួន។
  • ក្ដៅ​ខ្លួន ហាត់​ប្រាណ​ជ្រុល​និង​ស្ត្រេស​ជាដើម​
  • បរិភោគ​អាហារ​ដែល​ប្រឆាំង​ការ​ស្រូប​វីតាមីន​បេ​១​ដូចជា​តែ,សាច់​គ្រឿង​សមុទ្រ​ឆៅ​និង​កាហ្វេ​ជាដើម​។
  • ស្ត្រី​មាន​ផ្ទៃ​ពោះ​ព្រោះ​ថា​ក្នុង​អំឡុង​ពេល​លូតលាស់​គឺ​ត្រូវ​ការ​វីតាមីន​ច្រើន​។​​

សារធាតុ​ក្នុង​កាហ្វេ​និង​តែ​ ដែល​គេ​ហៅ​ថា​តានីន​គឺ​អាច​មាន​អំពើ​ទៅ​លើ​ធ្យាមីន​ធ្វើ​ឲ្យ​មាន​បម្រែបម្រួល​បង្ក​ឲ្យ​ពិបាក​ស្រូប​ចូល​ក្នុង​ខ្លួន​ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​មាន​បញ្ហា​ក្រពះ​ពោះវៀន​និង​ជំងឺ​កង្វះ​វីតាមីន​នេះ​តែ​ម្ដង។ គេ​ឃើញ​យ៉ាង​កម្រ​នៅ​លើ​ប្រជាជន​លោក​ខាង​លិច​ហើយ​គេ​ជឿ​ថា​អាច​កើត​មាន​ជំងឺ​នេះ​បាន​លុះ​ត្រា​តែ​អ្នក​នោះ​ផឹក​ភេសជ្ជៈ​ដែល​មាន​ជាតិ​កាហ្វេអ៊ីន​ច្រើន​តែ​ប៉ុណ្ណោះ​។ អ្នក​ស្រាវ​ជ្រាវ​ភាគ​ច្រើន​ជឿ​ថា​ការ​ញ៉ាំ​កាហ្វេ​ តែ ​គឺ​មិន​មាន​អំពើ​គួរ​ឲ្យ​បារម្ភ​ទៅ​លើ​ធ្យាមីន​នោះ​ទេ​លើក​លែង​តែ​អ្នក​នោះ​មាន​របប​អាហារ​ដែល​ខ្វះ​ជាតិ​វីតាមីន​បេ១​និង​វីតាមីន​សេ​។ ដោយសារ​តែ​វីតាមីន​សេ​អាច​ការពារ​អំពើ​ប្រឆាំង​របស់វីតាមីនប១​និង​សារធាតុ​តានីន​នៅ​ក្នុង​កាហ្វេ​និង​តែ​បាន​។ អ្នក​ស្រាវ​ជ្រាវ​ឯ​ទៀត​បាន​រក​ឃើញ​ថា​សាច់​ត្រី​ស្រស់​និង​សិប្បី​សត្វ​គឺ​មាន​ជាតិ​គីមី​ដែល​អាច​បំផ្លាញ​វីតាមីនបេ១​បាន​។ គេ​បាន​រក​ឃើញ​ភស្តុតាង​នៅ​លើ​មនុស្ស​ដែល​ចូល​ចិត្ត​ញ៉ាំ​សាច់​ត្រី​ឆៅ​ គ្រឿង​សមុទ្រ​ឆៅ​តែ​បើ​ចម្អិន​បាន​ល្អ​គឺ​មិន​មាន​បញ្ហា​នោះ​ទេ។

ក៏មាន​ដែរ​អ្នក​ស្រាវ​ជ្រាវ​ផ្សេង​ទៀត​បាន​លើក​ឡើង​ថា​គ្រាប់​ធញ្ញជាតិ​អារេកា​អាច​ប្ដូរ​អំពើ​គីមី​របស់​ធីចាមីន​និង​ធ្វើ​ឲ្យ​វា​ដំណើរ​ការ​មិន​បាន​ល្អ។ មក​ដល់​បច្ចុប្បន្ន​នេះ​មិន​ទាន់​មាន​ការ​ស្រាវ​ជ្រាវ​ណា​បង្ហាញ​ថា​ថ្នាំ​ផ្សេង​ៗ​អាច​មាន​អំពើ​ទៅ​លើ​ធីចាមីន​នេះ​នេះ​នៅ​ឡើយ​ទេ​ ដូច​នេះ​មុន​នឹង​ប្រើ​ប្រាស់​ថ្នាំ​បំប៉ន​សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ​។

កត្តា​ហានិភ័យ

តើ​មាន​កត្តា​ប្រឈម​អ្វី​ខ្លះ​បណ្ដាល​ឲ្យ​មាន​កង្វះ​ធីចាមីន​​?

  • ញៀន​ស្រា
  • ចាស់​ជរា
  • ជំងឺ​អេដស៍
  • ជំងឺ​ទឹកនោមផ្អែម
  • វះកាត់​ត​ពោះ​វៀន​
  • លាង​ឈាម
  • ការ​ប្រើ​ថ្នាំ​បញ្ចុះ​ទឹក​នោម​លើស​កម្រិត

អត្ថបទពាក់ព័ន្ធ៖ សម្គាល់មនុស្សញៀនស្រា អត់មិនបាន តាមរយៈអាការៈទាំងនេះ

រោគ​វិនិច្ឆ័យ​និង​ការ​ព្យាបាល

រោគ​វិនិច្ឆ័យ​

អ្នក​ចាំ​បាច់​ត្រូវ​ធ្វើ​តេស្ត​ជា​ច្រើន​ដើម្បី​កំណត់​ថា​មាន​កង្វះ​សារធាតុ​នេះ​ពិត​ប្រាកដ​មែន​។ ការ​ពិនិត្យ​ឈាម​និង​ទឹកនោម​គឺ​ធ្វើ​ឡើង​ដើម្បី​វាស់​ពី​កំហាប់​វីតាមីន​នេះ​ក្នុង​ខ្លួន។ ក្នុង​ករណី​ដែល​រាងកាយ​មិន​អាច​ស្រូប​យក​បាន​ល្អ​អ្នក​នឹង​មាន​អត្រា​កំហាប់​នៃ​វីតាមីន​បេ​១​នេះ​ទាប​ជា​មិន​ខាន​ដែល​មើល​ឃើញ​ក្នុង​ឈាម​តែ​ខ្ពស់​ក្នុង​ទឹក​នោម​។

គ្រូពេទ្យ​នឹង​ធ្វើ​ការ​ពិនិត្យ​រាងកាយដើម្បី​រក​មើល​ការ​ខូចខាត​សរសៃ​ប្រសាទ​វិញ្ញាណ​​ដូចជា​តេស្ត​លំនឹង​ ការ​ពិបាក​ដើរ​ ធ្លាក់​ត្របក​ភ្នែក និង​ខ្សោយ​រេផ្លិច​ជាដើម។ អ្នក​ជំងឺ​ដែល​មាន​កង្វះ​ធ្យាមីន​ដំណាក់​កាល​ធ្ងន់​អាច​ប្រឈម​នឹង​ការ​បាត់​ការ​ចង​ចាំ​វង្វេង​វង្វាន់​និង​ស្រមើស្រមៃ​ជាដើម។

ការ​ពិនិត្យ​មើល​បេះដូង​នឹង​ធ្វើ​ឡើង​បន្ទាប់​ទៀត​រក​មើល​បេះដូង​ដើរ​ញាប់ ហើម​ជើង​និង​ការ​ពិបាក​ដក​ដង្ហើម​ដែល​សុទ្ធ​តែ​ជា​រោគ​សញ្ញា​នៃ​ជំងឺ​នេះ​។

ការ​ព្យាបាល​

ការ​ព្យាបាល​គឺ​ងាយ​ស្រួល​ដោយ​គ្រាន់​តែ​បំពេញ​បន្ថែម​នូវវីតាមីន​បេ​១​ជា​ការ​ស្រេច​។ គ្រូពេទ្យ​អាច​នឹង​ផ្ដល់​ឲ្យ​ជា​ថ្នាំ​លេប​ឬចាក់​។ សម្រាប់​អ្នក​ជំងឺ​ដំណាក់​កាល​ធ្ងន់ធ្ងរ​គឺ​អាច​ឈាន​ដល់​ដាក់សេរ៉ូម​ទៀត​ក៏​មាន​។ ការ​ធូរ​ស្បើយ​នឹង​ត្រូវ​តាមដាន​ដោយ​ការ​ធ្វើ​តេស្ត​នៅ​ពេល​ណាត់​ជួប​លើក​ក្រោយ​ដើម្បី​វាស់​ស្ទង់​ពី​កម្រិត​ស្រូប​ល្អ​របស់​រាង​កាយ​អ្នក​។

ចំណេះដឹង​ផ្សេង​ទៀត

តើ​ត្រូវ​ធ្វើ​បែប​ណា​ដើម្បី​ជៀស​វាង​ជំងឺ​នេះ?

អ្នក​អាច​អនុវត្ត​នូវ​វិធី​ដូច​ខាង​ក្រោម​ដើម្បី​ការ​ពារ​ខ្លួន​អ្នក​ដូចជា៖

  • បរិភោគ​អាហារ​ដែល​មាន​តុល្យភាព​ល្អ​មាន​សារធាតុ​ចិញ្ចឹម​ច្រើន​ពិសេស​វីតាមីន​បេ១​ដូចជា​ជា​បន្លែ​ខៀវ​ សាច់ គ្រាប់​ធញ្ញជាតិ​សាច់​ត្រី​ ទឹក​ដោះ​គោ​ជាដើម​។
  • អ្នក​គួរ​ជ្រើស​រើស​ម្សៅ​ទឹក​ដោះ​គោ​កូន​ដែល​សម្បូរ​ទៅ​ដោយវីតាមីនបេ១​។ ត្រូវ​ជាវ​ផលិតផល​ម្សៅ​ទឹកដោះ​គោ​ណា​ដែល​មាន​អាជ្ញាប័ណ្ណ​ត្រឹម​ត្រូវ។
  • បន្ថយ​ការ​ពិសា​ស្រា​ព្រោះ​ថា​វា​ទប់​កុំ​ឲ្យ​មាន​ជំងឺ​បេរីបេរី ជា​ប្រភេទជំងឺម្យ៉ាង​បណ្តាល​ពី​កង្វះវីតាមីនបេ១​។ អ្នក​ដែល​ឧស្សាហ៍​ញ៉ាំ​គ្រឿង​ស្រវឹង​ជោគ​ជាំ​គួរ​ធ្វើ​ការ​វាស់​កម្រិត​វីតាមីន​បេ​១​ឲ្យ​បាន​ទៀង​ទាត់។

ក្នុង​ករណី​មាន​សំនួរ​ ឬ​មន្ទិល​សង្ស័យ​ជុំ​វិញ​សុខភាព​អ្នក ​ជម្រើស​ល្អ​បំផុត​សូម​ពិគ្រោះ​ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​គ្រូពេទ្យ​ជំនាញ​។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា​ មិន​ធ្វើ​រោគ​វិនិច្ឆ័យ​ ឬ​ការ​ព្យាបាល​ជូន​ទេ៕

Share now :

ត្រួតពិនិត្យថ្ងៃទី ខែ​ធ្នូ 25, 2019 | កែសម្រួលចុងក្រោយ ខែ​ធ្នូ 26, 2019

ប្រភព
អ្នកអាចចូលចិត្ត