ខែសម្បូរទុរេនឃើញតែគេលក់ និងបង្ហោះទុរេនព្រោងព្រាតពេញបណ្តាញសង្គម ដែលជាហេតុធ្វើឲ្យស្រ្តីពពោះទប់អារម្មណ៍មិនបានឡើយ។ តើការញ៉ាំទុរេនពេលមានផ្ទៃពោះមានចោទជាបញ្ហាអត់? ហេតុអី?
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
ខែសម្បូរទុរេនឃើញតែគេលក់ និងបង្ហោះទុរេនព្រោងព្រាតពេញបណ្តាញសង្គម ដែលជាហេតុធ្វើឲ្យស្រ្តីពពោះទប់អារម្មណ៍មិនបានឡើយ។ តើការញ៉ាំទុរេនពេលមានផ្ទៃពោះមានចោទជាបញ្ហាអត់? ហេតុអី?
ចំពោះបញ្ហានេះ លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធានផ្នែកសម្ភព និងរោគស្ត្រី នៃមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន សែនសុខ បានឲ្យដឹងថា ស្ត្រីមានផ្ទៃពោះអាចញ៉ាំទុរេនបាន ឬមិនបាន អាស្រ័យទៅលើស្ថានភាពសុខភាពរបស់ស្ត្រីមានផ្ទៃពោះផ្ទាល់។
លោកវេជ្ជបណ្ឌិតថា ស្ត្រីមានផ្ទៃពោះដែលមិនមានបញ្ហាសុខភាពទេនោះ អាចញ៉ាំទុរេនបាន ថែមទាំងមានប្រយោជន៍ទៀត ដោយហេតុថា ទុរេនមានកម្រិតកាឡូរី ជាតិរ៉ែ និងវីតាមីនខ្ពស់ មានសាច់ទន់ ងាយរំលាយ ហើយពោរពេញដោយជាតិស្ករធម្មជាតិ ដែលផ្ដល់ឲ្យម៉ាក់ៗកំពុងពពោះ មានថាមពលបន្ថែម និងជួយឲ្យមានកម្លាំង។
តែទោះយ៉ាងណា ការញ៉ាំច្រើនជ្រុលពេក តាមចំណង់នៃការឃ្លានរបស់ស្ត្រីមានផ្ទៃពោះ មិនល្អនោះទេ ពិសេសនៅអំឡុងត្រីមាសទី៣ ដែលជាពេលស្ត្រីពពោះងាយនឹងឡើងគីឡូលឿនបំផុត។ លោកវេជ្ជបណ្ឌិតថា ទុរេនមានរសជាតិផ្អែមខ្លាំង អាចធ្វើឲ្យស្ត្រីពពោះឡើងកម្តៅក្នុងខ្លួន ឬធ្វើឲ្យធាត់កាត់តែខ្លាំង។
លោកវេជ្ជបណ្ឌិតបានបន្តថា ទុរេនមានជាតិស្ករ និងកាបូអីដ្រាតខ្ពស់ ដោយទុរេនទំហំល្មមត្រឹម២គ្រាប់ មានកម្រិតកាឡូរី រហូតដល់ ៦០ កាឡូរី បែបនេះស្ត្រីដែលមានបញ្ហាសុខភាពមួយចំនួនខាងក្រោមនេះ លោកវេជ្ជបណ្ឌិតណែនាំឲ្យចៀសវាងការញ៉ាំទុរេន។
– ស្រ្តីមានផ្ទៃពោះលើសទម្ងន់
– ស្រ្តីមានជំងឺទឹកនោមផ្អែមពេលមានផ្ទៃពោះ
– ស្រ្តីមានផ្ទៃពោះមានប្រវត្តិគ្រួសារមានជំងឺទឹកនោមផ្អែម។
ដោយឡែកលោកវេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេសជំងឺទូទៅ បានប្រាប់ឲ្យដឹងថា បន្ទាប់ពីញ៉ាំទុរេនហើយភ្លាម យើងមិនគួរញ៉ាំអាហារមានជាតិហ្គាស និងអាហារមានជាតិផ្អែមតាមក្រោយនោះទេ ព្រោះអាចបណ្តាលឲ្យឈឺពោះ ឆ្អល់ពោះ ហើមពោះ រាក ក្អួត លើសជាតិស្ករ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
ត្រួតពិនិត្យដោយ
វេជ្ជ. ចាន់ ស៊ីណេត
ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ