ស្ត្រីចំនួននិយាយថា ការថែទាំខ្លួន និងញ៉ាំពពួកវីតាមីន គឺស្ថិតក្នុងអំឡុងពេលមានផ្ទៃពោះប៉ុណ្ណោះ។ តែនោះជាការគិតខុសទៅវិញទេ លោកវេជ្ជបណ្ឌិត ច័ន្ទ រស្មី ឯកទេសសម្ភព និងរោគស្ត្រី បានឲ្យដឹងថា នៅមុនពេលចង់បានកូន អំឡុងពេលពពោះ ក្រោយពេលសម្រាល និងអំឡុងពេលបំបៅដោះកូន ស្ត្រីសុទ្ធតែត្រូវការជីវជាតិសំខាន់ៗទាំងអស់។ ខាងក្រោមនេះជាវីតាមីន និងជីវជាតិល្អៗដែលម៉ាក់ៗត្រូវការ។
១- មុនពេលពពោះ ត្រូវការអាស៊ីដហ្វូលិក ឬវីតាមីន B9
ជួយការពារទារកពីការបាត់បង់ការលូតលាស់បំពង់សរសៃប្រសាទដែលនាំឲ្យប៉ះពាល់ដល់ខួរក្បាល និងខួរឆ្អឹងខ្នង (ឥតលលាដ៍ក្បាល ឬឆ្អឹងខ្នងបិទមិនជិត)។ ភាពខ្វះខួរក្បាលនៃសរសៃប្រសាទកើតមានឡើងក្នុងរយៈពេល ២៨ ថ្ងៃដំបូងក្រោយពេលមានគភ៌ មុនពេលស្ត្រីជាច្រើនដឹងថាខ្លួនមានផ្ទៃពោះ។ ដោយសារតែពាក់កណ្ដាលនៃការមានផ្ទៃពោះ គឺមិនត្រូវបានគ្រោងទុក គ្រូពេទ្យបានណែនាំថា ស្ត្រីណាដែលមានផ្ទៃពោះគួរតែទទួលទានអាស៊ីដហ្វូលិក ៤០០ មីក្រូក្រាម (mcg) ជារៀងរាល់ថ្ងៃដោយចាប់ផ្ដើមពីការចង់បានគភ៌ បន្តរយៈពេល ១២ សប្ដាហ៍ដំបូងនៃការមានផ្ទៃពោះ។