អាការៈឈឺទ្វារមាសអំឡុងពេលពពោះ គឺជាបញ្ហាដែលកើតឡើងជាទូទៅ។ ជាក់ស្តែង ការរីកធំនៃស្បូនអាចបណ្តាលឲ្យមានការឈឺចាប់នៅប៉ុន្មានសប្តាហ៍ដំបូងនៃការពពោះ។ ចំណែកនៅត្រីមាសចុងក្រោយវិញ អាការៈឈឺទ្វារមាសនេះ អាចបង្កឡើងដោយកត្តាមួយចំនួន ដូចជាការរីកមាត់ស្បូន ទម្ងន់របស់ទារក និងការកើនឡើងនៃលំហូរឈាមទៅកាន់ទ្វារមាស។ យ៉ាងណាមិញ ម៉ាក់ៗអាចដោះស្រាយបញ្ហាមួយនេះបានតាមរយៈការម៉ាស្សា និងធ្វើលំហាត់ប្រាណអាងត្រគាកជាដើម។
មូលហេតុបង្កនៃការឈឺទ្វារមាសអំឡុងពេលពពោះ
អាការៈឈឺទ្វារមាស ឬឈឺអាងត្រគាកអំឡុងពេលពពោះ អាចបណ្តាលមកពីមូលហេតុជាច្រើន នៅពេលដែលរាងកាយយើងកំពុងតែទទួលយកការផ្លាស់ប្ដូរថ្មីៗ។ ខាងក្រោមនេះ ជាមូលហេតុដែលម៉ាក់មានអាការៈឈឺចាប់នៅតំបន់ទ្វារមាស។
១. លំហូរឈាម៖ អំឡុងពេលពពោះ ជាទូទៅ លំហូរឈាមទៅក្នុងស្បូនមានការកើនឡើង ដែលបង្កជាការឈឺចាប់។ ជាមួយគ្នានេះដែរ ការឈឺចាប់ ក៏អាចបណ្តាលមកពីសរសៃឈាមវ៉ែននៅត្រង់តំបន់ទ្វារមាស ឬសរសៃឈាមរីកធំនៅតំបន់អាងត្រគាក។
២. ការឆ្លងមេរោគ៖ ការឈឺចាប់នៅទ្វារមាសអាចកើតឡើង បណ្តាលមកពីការឆ្លងមេរោគផ្សិតនៅជុំវិញទ្វារមាស។ ជួនកាល ការឆ្លងមេរោគទ្វារមាស ឬអាងត្រគាក អាចមានរោគសញ្ញាមួយចំនួនដូចជា ឈឺចាប់នៅទ្វារមាស ធ្លាក់ទឹករម្អិលទ្វារមាស ចង្អោរ រាករូស ឬឈឺខ្នងជាដើម។
៣. ការបើកមាត់ស្បូន ៖ ប្រសិនបើម៉ាក់មានអាការៈឈឺដូចគេចុក ជាពិសេសនៅត្រីមាសចុងក្រោយ នោះអាចបណ្តាលមកពីការបើកនៃមាត់ស្បូន។ ការបើកមាត់ស្បូននេះ អាចកើតឡើងរយៈពេលពីរបីសប្តាហ៍មុនសម្រាល ដែលអាចមានធ្លាក់ឈាមថែមទៀតផង។

៤. សម្ពាធគភ៌៖ ទារកដែលកំពុងលូតលាស់នៅលើតំបន់អាងត្រគាក អាចធ្វើឲ្យម៉ាក់ៗមានអាការៈឈឺចាប់នៅតំបន់ទ្វារមាសដូចគ្នា ដែលការឈឺចាប់នេះ អាចមានរយៈពេលពីរបីវិនាទី ឬពីរបីនាទី និងយូរជាងនេះ។ ករណីនេះ អាចកើតឡើងនៅត្រីមាសទី១ នៅពេលដែលស្បូនរីកធំ និងដាក់សម្ពាធប្លោកនោមលើ និងគូទ ឬនៅត្រីមាសទី២ នៅពេលដែលទារកសង្កត់លើតំបន់អាងត្រគាក ឬនៅត្រីមាសទី៣ នៅពេលដែលទារកបង្វិលក្បាលចុះក្រោម។