នៅត្រីមាសទី ២ អាការៈចាញ់អាចថមថយ ឬបាត់ទៅវិញតែម្តង តែទោះជាបែបនេះក្តីម៉ាក់ៗអាចជួបនូវបញ្ហាផ្សេងៗទៀតដូចជា៖
១- ឡើងទម្ងន់
ម៉ាក់ៗបំប៉នអាហាររាល់ថ្ងៃ កូនកាន់តែធំ ម្ល៉ោះហើយទម្ងន់របស់ម៉ាក់ៗក៏ឡើងទៅតាមនោះដែរ។ អំឡុងត្រីមាសទី២នេះ ទោះជាម៉ាក់ៗឡើងទម្ងន់ខ្លាំងក៏មិនចោទជាបញ្ហាដែរ សំខាន់ឲ្យតែម៉ាក់ និងកូនមានសុខភាពល្អ។
២- មានបញ្ហាស្បែក
ចូលដល់ត្រីមាសទី ២ ស្រីៗគ្នាយើងអាចនឹងមានបញ្ហាស្បែក ឡើងកន្ទួលរមាស់នៅបរិវេណក្បាលពោះ កើតពីកម្រិតអ័រម៉ូនគ្មានតុល្យភាព ឬអាចមកពីការស្លៀកតឹងពេក។ ពេលកូនក្នុងពោះធំឡើងៗ ស្បែកពោះនឹងយាររីកទៅតាមនោះដែរ ហើយម្ដាយនឹងមានអារម្មណ៍រមាស់ៗជាប្រចាំ។ វិធីព្យាបាល ត្រូវងូតទឹកត្រជាក់ៗ និងប្រើសាប៊ូឲ្យត្រឹមត្រូវ ចៀសវាងសាប៊ូដែលមានក្លិនក្រអូបឆួលខ្លាំង ព្រោះវាអាចធ្វើឲ្យស្បែកពោះកាន់តែរមាស់។
៣- ហត់-ពិបាកដកដង្ហើម
ម៉ាក់ៗដែលធាត់ៗតែងជួបបញ្ហាពិបាកដកដង្ហើម និងពិបាកគេង ចាប់ពីត្រីមាសទី២ទៅ ព្រោះកូនកាន់តែធំ។ ម្យ៉ាងវិញទៀតការកើនឡើងនូវអ័រម៉ូនអឺស្ត្រូសែន អំឡុងពពោះ ធ្វើឲ្យហើមភ្នាសច្រមុះ បណ្តាលឲ្យកើនបរិមាណឈាម រីកសរសៃឈាមក្នុងភ្នាសច្រមុះ ពិបាកក្នុងការដកដង្ហើមដែរ។ ដោះស្រាយបញ្ហានេះ ម៉ាក់ៗត្រូវញ៉ាំតិចៗតែច្រើនដង គេងផ្អៀងទៅខាងឆ្វេង ញ៉ាំទឹកឲ្យបានច្រើន ឬញ៉ាំតែខ្ញី និងគេងដាក់ក្បាលឲ្យខ្ពស់។