backup og meta

រីកតម្រងនោមអំឡុងពេលពពោះបណ្តាលមកពីអ្វី? គ្រោះថ្នាក់ដែរអត់?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Aug 21, 2023

    រីកតម្រងនោមអំឡុងពេលពពោះបណ្តាលមកពីអ្វី? គ្រោះថ្នាក់ដែរអត់?

    ការ​រីក​តម្រង​នោម​សម្តៅ​ទៅ​លើ​អាការៈ​​ហើម​តម្រង​នោម​ នៅ​ពេល​ដែល​​មាន​​ការ​ប្រមូលផ្ដុំ​ទឹក​នោម​ ដែល​មិន​អាច​ឆ្លង​ទៅ​កាន់​ប្លោក​នោម​​​ ដោយ​សារ​តែ​ការ​ស្ទះ​បង្ហួរ​នោម។ ស្ថានភាព​នេះ ​ប៉ះពាល់​ដល់​ស្ត្រី​ពពោះ​ប្រមាណ​ជា​៩០%​ឯណោះ។ ក្នុង​ករណី​ដែល​ម៉ាក់​​ៗ​មាន​រោគសញ្ញា​នៃ​ការ​រីក​តម្រង​នោម គួរ​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ជំនាញ​ភ្លាម​ៗ ទើប​ជា​ការ​ប្រសើរ។

    រោគសញ្ញា​នៃ​ការ​រីក​តម្រង​នោម

    ​ការ​រីក​តម្រង​នោម អាច​បង្ហាញ​រោគសញ្ញា​មួយ​ចំនួន​ ហើយ​ករណី​ខ្លះ ក៏​មិន​បញ្ចេញ​រោគសញ្ញា​ដូច​គ្នា។ ជា​ធម្មតា រោគសញ្ញា​​កើត​ឡើង​អាស្រ័យ​ទៅ​លើ​ថា​តើ​ការ​ហើម​មាន​លក្ខណៈ​ស្រួចស្រាល់ ឬ​សន្សឹម​ៗ។ រោគសញ្ញា​នៃ​ការ​រីក​តម្រង​នោម​ រួម​មាន​៖

    • ការ​ឈឺចាប់​​នៅ​តំបន់​ខ្នង និង​ពោះ
    • ចង្អោរ និង​ក្អួត
    • ការ​បង្ក​រោគ​លើ​ផ្លូវ​ទឹក​នោម​
    • ក្តៅ​ខ្លួន
    • នោម​ឈាម​
    • ឈឺ​ទ្រូង
    • ហើម​ជើង
    • នោម​ញឹក​។

    មូលហេតុ​បង្ក​នៃ​ការ​រីក​តម្រង​នោម

    ការ​រីក​តម្រង​នោម​អំឡុង​ពេល​ពពោះ​​ កើត​ឡើង​បណ្តាល​មក​ពី​មូលហេតុ​មួយ​ចំនួន​ ដូចជា កត្តា​អ័រម៉ូន ការ​កើន​ឡើង​ទម្ងន់​ស្បូន ក្រួស​តម្រង​នោម​ កំណក​ឈាម​ សម្លាក​នៃ​តម្រង​នោម មហារីក​ប្លោក​នោម​។ល។ ដូច​គ្នា​នេះ​ដែរ កត្តា​ខាង​ក្រៅ​ដូចជា​ មហារីក​មាត់​ស្បូន ​ជំងឺ​សរសៃ​ឈាម​វ៉ែន​អូវែ ជំងឺ​ទឹក​នោម​ផ្អែម ក៏​អាច​បណ្តាល​ឲ្យ​កើត​មាន​បញ្ហា​មួយ​នេះ​ដែរ។

    កត្តា​ហានិភ័យ

    ផលវិបាក​ និង​ហានិភ័យ​នៃ​ការ​រីក​តម្រង​នោម​អំឡុង​ពេល​ពពោះ​នេះ រួម​មាន​ការ​សម្រាល​កូន​មិន​គ្រប់​ខែ និង​រលាក​តម្រង​នោម​។ ផលវិបាក​ដ៏​កម្រ​មួយ​ទៀត ប៉ុន្តែ​អាច​គ្រោះថ្នាក់​ដល់​អាយុ​ជីវិត​ គឺ​ជា​ការ​បែក​តម្រង​នោម​ដោយ​ឯងៗ ដោយ​សារ​តែ​ការ​កើន​ឡើង​​​នៃ​ទឹក​ដែល​ប្រមូលផ្ដុំ​រចនាសម្ព័ន្ធ​​លើស​កម្រិត​នៅ​លើ​សាច់​តម្រង​នោម។

    ពពោះ

    ពេល​ណា​គួរ​ទៅ​ជួប​ជាមួយ​នឹង​គ្រូពេទ្យ?

    ប្រសិនបើ​ម៉ាក់​ៗ​មាន​អាការៈ​គ្រុន​ក្តៅ ឈឺចាប់​ស្រួចស្រាល់​នៅ​ក្នុង​ពោះ នោម​មាន​លាយ​ឈាម​ ប្លោក​នោម​មិន​ដំណើរការ​ ឬ​ប្រឈម​នឹង​ផលវិបាក​ប្រព័ន្ធ​ទឹក​នោម​ផ្សេង​ទៀត គួរ​តែ​ទៅ​ជួប​ជាមួយ​នឹង​គ្រូពេទ្យ​ជា​បន្ទាន់។ ការ​រីក​តម្រង​នោម​នេះ អាច​បង្ក​គ្រោះថ្នាក់​ខ្លាំង​ចំពោះ​ស្ត្រី​ពពោះ​ដែល​មាន​តម្រង​នោម​តែ​មួយ។ ដូច្នេះ​ហើយ ​ទោះ​បី​ជា​ការវិវត្តន៍​នៃ​រោគសញ្ញា​តិចតួច​ក្តី ក៏​យើង​មិន​គួរ​ធ្វើ​ប្រហែស​ដែរ​។​​

    អត្ថបទគួរអាន៖

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Aug 21, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម