២- ចាក់ថ្នាំស្ពឹកតាមឆ្អឹងខ្នងបង្កើនកត្តាប្រឈមអូទីស្សឹម?
ការសិក្សាក្នុងឆ្នាំ ២០១៤ របស់បារាំង បានពិសោធលើសត្វកណ្តុរ និងចុះផ្សាយក្នុងទស្សនាវដ្តីវិទ្យាសាស្រ្ត បង្ហាញថា ការចាក់ថ្នាំស្ពឹកតាមឆ្អឹងខ្នង (Epidurals) ក្នុងអំឡុងពេលសម្រាលកូន អាចធ្វើឲ្យកើនឡើងកំហាប់ក្លរីត (Cl) ឬអំបិលខ្ពស់នៅក្នុងខួរក្បាលកូនសត្វកណ្តុរទើបនឹងកើត។ អ្នកស្រាវជ្រាវបានសន្និដ្ឋានថា វាអាចបង្កើននូវហានិភ័យអូទីស្សឹមលើមនុស្សបាន។
កម្រិតសារធាតុក្លូរីតខ្ពស់ មានសារៈសំខាន់ណាស់ទៅលើការវិវត្តខួរក្បាលទារកអំឡុងពេលក្នុងផ្ទៃ ហើយអំឡុងពេលឈឺពោះសម្រាល និងពេលសម្រាល ទារកបានប៉ះពាល់ជាមួយសារជាតិអុកស៊ីតូស៊ីន ដែលជាអ័រម៉ូនបណ្តាលឲ្យមានការកន្ត្រាក់សាច់ដុំស្បូន។ អ័រម៉ូនអុកស៊ីតូស៊ីន មានតួនាទីដូចគ្នាទៅនឹងថ្នាំបញ្ចុះទឹកនោម និងសម្រាប់បន្ថយកម្រិតក្លរីតលើទារក នាំឲ្យអ្នកស្រាវជ្រាវជឿថា ចាក់ថ្នាំស្ពឹកឆ្អឹងខ្នងពេលសម្រាល អាចរំខានដល់ការបញ្ចេញអ័រម៉ូនអុកស៊ីតូស៊ីន បណ្តាលឲ្យកម្រិតជាតិក្លរីត នៅតែខ្ពស់ក្រោយទារកសម្រាលចេញមកក្រៅ។