ការងារអ្វីក៏ល្អដែរ ឲ្យតែជាកម្លាំងញើសឈាមយើងពិតប្រាកដ។ ប៉ុន្តែមានលក្ខខណ្ឌខ្លះ ស្រីៗគ្នាយើងត្រូវខំប្រឹងធ្វើការ មិនថាពេលថ្ងៃ ឬពេលយប់ទេ។ យ៉ាងណាក៏ដោយ ការងារពេលយប់ អាចជះឥទ្ធិពលអាក្រក់ដល់សុខភាពយើង។
“Hello គ្រូពេទ្យ” នឹងបកស្រាយខាងក្រោម៖
១- ធ្វើការយប់ប៉ះពាល់អ្វីខ្លះ?
មិនថាការងារពេញម៉ោង អចិន្ត្រៃយ៍ ឬប្ដូរវេនរយៈពេលខ្លីទេ សុទ្ធតែប៉ះពាល់សុខភាព។
រយៈពេលខ្លី៖ ទាក់ទងនឹងក្រពះ ពោះវៀន គេងមិនលក់ ភាពរហ័សរហួនធ្លាក់ចុះ និងអស់កម្លាំងព្រោះគេងមិនឆ្អែត។
រយៈពេលវែង ឬអចិន្ត្រៃយ៍៖ អាចមានគ្រោះថ្នាក់ធ្ងន់ធ្ងរចំពោះសុខភាព និងអាចមានជំងឺ៖
– សរសៃឈាមបេះដូង៖ មានហានិភ័យកើតជំងឺសរសៃឈាមបេះដូងច្រើន ហើយវានឹងរាលដាលទៅតាមពេលវេលា ឬចំនួនម៉ោងធ្វើការ។
– ទឹកនោមផ្អែម និងជំងឺមេតាប៉ូលីស៖ មនុស្សធ្វើការដល់ ១៦ ម៉ោង អាចមានជំងឺទឹកនោមផ្អែមខ្ពស់ រហូតដល់ ៥០% ព្រមទាំងបង្កជំងឺមេតាប៉ូលីស ដូចជា ឡើងសម្ពាធឈាម ធាត់ ហើយជាតិស្ករក្នុងឈាម និងកម្រិតកូលេស្តូរ៉ូលអាក្រក់ ឡើងខ្ពស់។
– ធាត់៖ មិនហាត់ប្រាណគ្រប់គ្រាន់ និងខ្វះការគ្រប់គ្រងរបបអាហារ។
– ធ្លាក់ទឹកចិត្ត និងអារម្មណ៍មិនប្រក្រតី៖ ស្រីៗឈឺចាប់ដោយការធ្លាក់ទឹកចិត្ត និងអារម្មណ៍ខុសប្រក្រតីផ្សេងៗ ពិសេសពេលមករដូវ ផ្លាស់ប្តូរអ័រម៉ូន អាចនាំឲ្យចាប់ផ្តើមមានអារម្មណ៍អវិជ្ជមាន។
– បញ្ហាក្រពះ ពោះវៀនធ្ងន់៖ មានសញ្ញាខ្លះដែលស្រួលយល់គឺ រកក្អួតចង្អោរ រាក និងចុកណែនក្នុងពោះ។
– បញ្ហាពេលមានផ្ទៃពោះ៖ វាអាចប៉ះពាល់ដល់ប្រព័ន្ធបន្តពូជ ងាយរងការរលូតកូន មានផលពិបាកពេលសម្រាលកូន ទារកមិនគ្រប់ខែ មិនគ្រប់គីឡូ និងមានជំងឺ Endometriosis (ធ្វើឲ្យរដូវមិនទៀង និងឈឺចាប់ពេលមករដូវ)។
– មហារីក៖ មានភស្តុតាងជាក់លាក់ដែលបង្ហាញថា ធ្វើការពេលយប់ មានហានិភ័យកើតមហារីក ពិសេសមហារីកសុដន់។
២- គួរធ្វើម៉េច?
បើត្រូវធ្វើការយប់ខានមិនបាន ឬដូរការងារមិនបាន គួរធ្វើតាមការណែនាំខាងក្រោម៖
– ញ៉ាំ៖ គ្រប់គ្រាន់ រកអីប៉ូវៗ ហាត់ប្រាណឱ្យបានទៀងទាត់ និងរក្សាទម្ងន់មួយដែលល្អសម្រាប់សុខភាព។
– គេងឱ្យបានគ្រប់គ្រាន់៖ សំខាន់ណាស់សម្រាប់សុខភាព ព្យាយាមគេងសងឲ្យឆ្អែត រៀបចំបន្ទប់គេងកុំឲ្យមានពន្លឺ ប្រើម៉ាស់ពាក់ភ្នែក និងអត់មានសំឡេងរំខាន។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-due-date]