ជាធម្មតាទារកទើបកើតចេញពីផ្ទៃម្តាយតែងតែយំ ក្នុងករណីទារកមិនយំ ឆ្មបនឹងទះគូទឱ្យទារកយំ។ មានការលើកឡើងថា ទារកទើបកើតយំកាន់តែឮកាន់តែល្អ។ ហេតុអ្វីបានជាធ្មបទះគូទទារកទើបកើតឱ្យយំ?
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
ជាធម្មតាទារកទើបកើតចេញពីផ្ទៃម្តាយតែងតែយំ ក្នុងករណីទារកមិនយំ ឆ្មបនឹងទះគូទឱ្យទារកយំ។ មានការលើកឡើងថា ទារកទើបកើតយំកាន់តែឮកាន់តែល្អ។ ហេតុអ្វីបានជាធ្មបទះគូទទារកទើបកើតឱ្យយំ?
វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធានផ្នែកសម្ភព និងរោគស្រ្តីនៅមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខបានលើកឡើងថា ទារកទើបកើតស្រែកយំដើម្បីបើកសួត ដកដង្ហើម ប៉ុន្តែបើទារកមិនយំទេ សួតទារកមិនទាន់ដំណើរការដើម្បីដកដង្ហើមទេ ដូច្នេះឆ្មបទះគូទទារកឱ្យយំដើម្បីជួយទារកដកដង្ហើម។
ទារកក្នុងផ្ទៃមិនដកដង្ហើមតាមច្រមុះទេ ផ្ទុយទៅវិញអុកស៊ីសែនធ្វើដំណើរឆ្លងកាត់សួត បេះដូង សរសៃឈាម តាមរយៈស្បូនរបស់ម្តាយ និងឆ្លងកាត់សុកចូលទៅទងផ្ចិតទារក ដែលមានន័យថាអុកស៊ីសែនហូរតាមឈាមម្តាយចូលក្នុងសុកទៅបេះដូង រួចទៅរាងកាយទារកទាំងមូល។ បន្ទាប់មកកាបូនឌីអុកស៊ីតនៅក្នុងខ្លួនទារកធ្វើដំណើរឆ្លងកាត់ទងផ្ចិត និងសុកទៅក្នុងចរន្តឈាមរបស់ម្តាយវិញ។
បន្ទាប់ពីទារកកើតចេញពីផ្ទៃម្តាយប្រហែល ១០វិនាទី ទារកនឹងដកដង្ហើមដំបូង នៅពេលទារកឆ្លើយតបទៅនឹងការផ្លាស់ប្តូរបរិយាកាសពីក្នុងផ្ទៃម្តាយមកក្រៅ។ សារធាតុរាវចាប់ផ្តើមហូរចេញពីសួតរបស់ទារក ហើយត្រូវបានជំនួសដោយអុកស៊ីសែន បន្ទាប់មកសួតទារកចាប់ផ្តើមធ្វើការ។
ប៉ាម៉ាក់កុំមានការភ័យ ឬភ្ញាក់ផ្អើលពេលលឺទារកដង្ហក់ ព្រោះទារកចាប់ផ្តើមបើកសួតដកដង្ហើម។ ការដកដង្ហើមពីរបីដងដំបូងរបស់ទារកអាចខ្លី និងមិនទៀងទាត់។ បន្ទាប់ពីដកដង្ហើមពីរបីដង ទារកនឹងអាចដកដង្ហើមបានស្រួលជាងមុន ព្រោះខ្យល់ចាប់ផ្តើមចូលពេញសួត។
អត្ថបទគួរអាន៖
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕