ម៉ាក់ៗត្រគាកតូច សម្រាលកូនតាមធម្មជាតិមានអត្រាគ្រោះថ្នាក់ខ្លាំង

    ម៉ាក់ៗត្រគាកតូច សម្រាលកូនតាមធម្មជាតិមានអត្រាគ្រោះថ្នាក់ខ្លាំង

    ម៉ាក់​ៗ​កំពុងតែពពោះ​មួយ​ចំនួន​ធំ​ប្រាកដ​ជា​ចង់​សម្រាល​កូន​តាម​បែប​ធម្មជាតិ ប៉ុន្តែ​បើ​ម៉ាក់​ៗ​ណា​ដែល​មាន​រូបរាង​មិន​អំណោយផល កម្ពស់​ទាប ធាត់​ខ្លាំង និង​អាង​ត្រគាក​តូច​ប្រាកដជា​ចៀស​មិន​ផុត​ពី​សម្រាល​តាម​វះកាត់​ឡើយ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត គាន់ អូន ប្រធាន​ផ្នែក​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​កាល់​ម៉ែត បាន​ប្រាប់​មក Hello គ្រូពេទ្យ

    គ្រូពេទ្យ​ជំនាញ​ផ្នែក​​រោគ​ស្ត្រី​បាន​បន្ត​ថា គ្រូពេទ្យ​ទាំងអស់​តែង​ជំរុញ​ឲ្យ​ម៉ាក់​ៗ​សម្រាល​កូន​តាម​ផ្លូវ​ក្រោម តែ​ករណី​នេះ​គ្រោះថ្នាក់​ណាស់ ព្រោះ​ពេល​អាង​ត្រគាក​តូច​កូន​ពិបាក ឬ​កើត​មិន​ចេញ​តែ​ម្ដង៖ “កាលណា​តែ​ម្ដាយ​មាន​បញ្ហា​កើត​មិន​ចេញ កូន​នៅ​ក្នុង​អាច​ស្លាប់ ឬ​កើត​មក​ខ្សោយ​មិន​គ្រប់​លក្ខណៈ ព្រោះ​អុកស៊ីសែនពេល​នោះ​មិន​គ្រប់គ្រាន់​ចូល​ទៅ​ក្នុង ហើយ​កូន​ណា​ជួប​បញ្ហា​សន្លប់​ពេល​កើត​ ធំ​ឡើង​ទៅ​អាច​ខ្សោយ​បញ្ញា ឬ​សុខភាព​មិន​ល្អ។ ចំណែក​ម្ដាយ​វិញ​ក៏​មាន​អត្រា​គ្រោះថ្នាក់​ខ្លាំង​ដែរ ប្រសិនបើ​ជួយ​មិន​ទាន់​ពេល​វេលា​ដោយ​វះកាត់​”

    អត្ថបទ​ពាក់ព័ន្ធ៖

    • មួយ​ជីវិត ស្រីៗ​អាច​សម្រាល​កូន​ដោយ​វះកាត់​​ប៉ុន្មាន​ដង?
    • មាន​បញ្ហា​អីខ្លះ ម៉ាក់ៗ​ត្រូវ​តែ​សម្រាល​កូន​ដោយ​វះកាត់?

    ត្រគាកតូចHello_គ្រូពេទ្យ

    ក្នុង​នោះ​លោក​វេជ្ជបណ្ឌិត​បាន​ឲ្យ​ដឹង​ថា បើ​ម៉ាក់​ៗ​ស្ថិត​ក្នុង​ស្ថានភាព​បែប​នេះ​អត្រា​កើត​គ្រោះថ្នាក់​ខ្ពស់​ទាំង​កូន និង​ម៉ាក់ ហើយ​លោក​ក៏​បាន​បន្ថែម​ទៀត​ថា គ្រូពេទ្យ​ជំនាញ​ទាំងអស់​គួរតែ​វាយ​តម្លៃ​តាំងពី​ពេល​ពិនិត្យ​ផ្ទៃពោះ​ប្រចាំ​ខែ និង​នៅ​ពេល​សម្រាល​ជាក់ស្ដែង​តែម្ដង។

    ជាចុងក្រោយ​លោក​គ្រូពេទ្យបាន​ឲ្យ​ដឹង​ថា ការ​សម្រាល​កូន​តាម​ធម្មជាតិ​វា​ល្អ​ណាស់ តែ​បើ​ធម្មជាតិ​ទៅ​មិន​រួច សូម​កុំ​ជំទាស់ គឺ​ត្រូវ​វះកាត់​ឲ្យ​ទាន់​ពេលវេលា ហើយ​គ្រូពេទ្យ​ទាំងអស់​តាមដាន​ម៉ាក់ និង​កូន​តាំងពី​នៅ​ក្នុង​ពោះ បើ​រក​ឃើញ​កូន​ទទឹង​ពោះ សុក​ពាំង​មាត់​ស្បូន ឬ​សញ្ញា​ទៅ​មិន​រួច​ណា​មួយ គួរតែ​រៀបចំ​ការ​វះកាត់​ទុក​ឲ្យ​ហើយ ដើម្បី​សុវត្ថិភាព កុំ​ឲ្យ​ដល់​ពេល​ប្រថុចញ៉ុច ការ​ត្រៀម​លក្ខណៈ​មិន​បាន​ល្អ ព្រោះ​ពេល​ចៃដន្យ​គឺ​មិន​សព្វ​ជ្រុងជ្រោយ​ដូច​ការ​បម្រុង​ទុក​នោះ​ទេ។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ Try Ravi កែសម្រួល​ចុងក្រោយ 24/06/2019
    ត្រួតពិនិត្យដោយ ដេត ធន្នី