ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
ស្រីៗមិនតិចទេ ដែលតែងនិយាយលេងថា ស្ដាយរាងកាលនៅក្រមុំ។ រាងឆ្វែលស្អាត ស្លៀកពាក់អីក៏សម មើលឃើញស្អាត តែក្រោយរៀបការ បានកូន១ កូន២ ហើយរូបរាងក៏ប្រែ ប្រួលដល់ថ្នាក់អ្នកខ្លះ ឃើញកញ្ចក់ ឬជញ្ជីងខ្លាច។ អំឡុងពពោះ ជាពេលវេលាដែលស្រីៗយើង ត្រូវថែទាំ សុខភាព យកកម្លាំងកើតអាអូន ឬធ្វើម៉េចឲ្យកូនក្នុងផ្ទៃ សុខភាពល្អ ដោយញ៉ាំរបស់ប៉ូវៗ ឆ្ងាញ់ៗ រហូតគីឡូឡើងច្រើន។ ពេលយើងពពោះឡើងគីឡូតាមការណែនាំជារឿងធម្មតា ប៉ុន្តែអ្វីដែលគួរឲ្យបារម្ភនោះគឺ ក្រោយសម្រាលហើយ គីឡូអត់ស្រកចុះសោះ។
ស្រ្ដីជាម្ដាយខ្លះចំណាយពេលប៉ុន្មានខែប៉ុណ្ណោះ ដើម្បីបានរូបរាងដែលខ្លួនប្រាថ្នាមកវិញដូចកាលមិនទាន់មានផ្ទៃពោះ ឯអ្នកខ្លះទៀត ត្រូវការពេលយូរបន្តិច ឬកាន់តែឡើងគីឡូស្រឹបៗ រហូតក្លាយជាស្ត្រីធាត់ក៏មាន។ មូលហេតុអ្វីខ្លះ បានជាស្ត្រីភាគច្រើន មានអារម្មណ៍ថា ពិបាកសម្រក យករាងដើម មុនពេលពពោះ នៅក្រោយសម្រាល?
បញ្ហានេះច្រើនកើតចំពោះម្ដាយថ្មីថ្មោង ខ្ទង់ ១ខែដំបូងក្រោយសម្រាល។ ដើម្បីជួយដល់បញ្ហាអស់កម្លាំង ការញ៉ាំច្រើន ហើយសកម្ម រហូតគីឡូឡើងយ៉ាងទ្រលុកទ្រលន់។ នេះជាហេតុធ្វើឲ្យពិបាកក្នុងការសម្រកទម្ងន់។
គេងមិនគ្រប់គ្រាន់ ជាឫសគល់បង្កឲ្យមានភាពតានតឹង ល្ហិតល្ហៃ និង អស់កម្លាំង ព្រមទាំងប៉ះពាល់កម្រិតអ័រម៉ូនក្នុងខ្លួនដែលគ្រប់គ្រងទៅលើការឃ្លានអាហារ។ ម៉្យាងទៀតក៏បណ្ដាលឲ្យអ័រម៉ូនករទីសុល (អ័រម៉ូនតានតឹង) កាន់តែកើនឡើង ធ្វើឲ្យរាងកាយរបស់ស្រ្ដីជាម្ដាយដុតកម្លោចកាឡូរីមិនបានគ្រប់គ្រាន់ និងធ្វើឲ្យជាតិខ្លាញ់កើនឡើង។
អត់ខ្វល់រឿងហាត់ប្រាណសោះ ឬយូរៗ មែនទែនបានធ្វើម្ដងម្កាល ដូចបើកឱកាសឲ្យខ្លួនធាត់ (កាឡូរីក្នុងរាងកាយកើនឡើង)។ លើសពីនេះ ការមិនធ្វើលំហាត់ប្រាណ ជាពិសេសពេលដែលអាយុកាន់តែច្រើន គឺធ្វើឲ្យពន្យឺតដល់ការដុតកម្លោចខ្លាញ់ក្នុងរាងកាយ។
សារធាតុខ្លាញ់ដែលរក្សាទុកក្នុងរាងកាយស្រ្ដីជាម្ដាយមុនសម្រាល គឺដើម្បីត្រៀមកម្លាំងក្នុងការបំបៅដោះកូន។ សារធាតុខ្លាញ់នេះអាចពិបាកឲ្យស្រកណាស់ ជាពិសេសស្រ្ដីដែលមិនបំបៅដោះកូនប្រចាំ ឬសំដៅលើអ្នកដែលឲ្យកូនបៅទឹកដោះគោ។ ចំពោះអ្នកមានកូនភ្លោះវិញ គឺកាន់តែពិបាកស្រកណាស់ដែរ ក្រោយសម្រាល។
ឆ្លងទន្លេហើយ បើសង្កេតមើលរូបរាង យើងនឹងឃើញពីការផ្លាស់ប្ដូរមួយចំនួន។ អ្នកខ្លះ រអ៊ូរទាំច្រើន ថាគេក្លាយជាយាយម៉ាប់ ឬអូនអ៊ូក ហើយ ទោះ ១-២ឆ្នាំ ក្រោយសម្រាលក៏ដោយ។ មូលហេតុនេះគឺបង្កឡើងដោយការប្រែប្រួលសាច់ដុំក្បាលពោះយើង។ ស្រ្ដីមួយចំនួនងាយនឹងមានស្នាមសង្វារ ឬសាច់យារធ្លាក់ខ្លាំង ដោយសារតែកត្តាហ្សែន ហើយបញ្ហាទាំងនេះអាចកាត់បន្ថយបាន ទោះមិនបាត់ទាំងស្រុង។ មូលហេតុគឺ ដោយសារតែស្បែកយើងបាត់បង់ភាពស្វិត បន្ទាប់ពីសម្រាល បូករួមនឹងកត្តាអាយុ កាន់តែច្រើន។
ដំណោះស្រាយ៖ ព្យាយាមហាត់ប្រាណឲ្យបានទៀងទាត់ដាច់ខាត ឬរៀបចំរបបអាហារញ៉ាំឲ្យបានត្រឹមត្រូវ កុំចេះតែញ៉ាំតាមឃ្លាន បើមិនដូច្នេះទេ ស្នាមនឹងវិវត្តកាន់តែអាក្រក់ឡើងៗ ហើយសាច់ដុំក្បាលពោះ នឹងមិនស្រកទៅណាទេ។
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
ត្រួតពិនិត្យដោយ
វេជ្ជ. ចាន់ ស៊ីណេត
ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ