ក្រោយសម្រាលកូនរួច មានម៉ាក់ៗជាច្រើនជួបបញ្ហារដូវប្រែប្រួល ខុសពីកាលមិនទាន់មានកូន។ មកពីមូលហេតុអ្វីបានរដូវមិនទៀងក្រោយសម្រាល? លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត បានឲ្យដឹងថា នោះក៏ព្រោះតែអ័រម៉ូនយើងប្រែប្រួល ទើបបណ្ដាលឲ្យម៉ាក់ៗមួយចំនួនជួបប្រទះបញ្ហាបែបនោះ។
ប្រធានផ្នែកសម្ភព និងរោគស្ត្រីនៃមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ រូបនេះក៏បន្តទៀតថា ក្រោយសម្រាលរួច ដោយសារតែអ័រម៉ូនប្រែប្រួលស្ទើរតែទាំងស្រុងដូចជាពពួកអ័រម៉ូនអឺសស្រ្តូហ្សែន និងប្រូហ្សេស្តេរ៉ូន ទើបធ្វើឲ្យរដូវក៏ប្រែប្រួលទៅតាមនោះដែរ។ វេជ្ជបណ្ឌិតក៏បញ្ជាក់ទៀតថា ក្រោយសម្រាលការមករដូវ ប្រៀបដូចចាប់ផ្ដើមថ្មីទាំងស្រុង។
ការមករដូវឡើងវិញ ក៏អាចបញ្ជាក់អំពីស្ថានភាពជាសះស្បើយ និងត្រលប់មករកសភាពដើមនៃស្បូនផងដែរ ហើយអ្នកអាចនឹងមានផ្ទៃពោះម្ដងទៀតគ្រប់ពេល បើរួមភេទមិនបានការពារ។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើយើងយល់ថាវាមានអ្វីខុសប្រក្រតីខ្លាំង គួរតែពិភាក្សាជាមួយគ្រូពេទ្យជំនាញ ដើម្បីស្វែងរកមូលហេតុផ្សេងទៀតដូចជាឈាមពណ៌ក្រមៅខ្លាំង ការឈឺចាប់ខ្លាំង មានកំណកឈាមធំៗ ឬរដូវមកលើស ១ សប្ដាហ៍។
វេជ្ជបណ្ឌិតក៏បន្ថែមទៀតថា ពេលជួបបញ្ហាទាំងនេះត្រូវការយកចិត្តទុកដាក់ខ្លាំង ព្រោះបើបណ្ដែតបណ្ដោយអាចនាំឲ្យមានគ្រោះថ្នាក់ចំពោះសុខភាព។