អំឡុងពេលពពោះ ម៉ាក់ៗស្ទើរតែគ្រប់រូប មានអាការៈចាញ់កូនទោះតិច ឬខ្លាំងក្ដី។ សម្រាប់ម៉ាក់ៗពពោះមួយចំនួន ការចាញ់កូនខ្លាំង គឺជារឿងគួរឲ្យធុញទ្រាន់មួយ ដោយសារអាការៈធ្វើទុក្ខមិនអាចធ្វើអ្វីបានពេញលេញ។ ចុះបើម៉ាក់ៗចាញ់កូនខ្លាំងបែបនេះ អាចមានវិធីអ្វីជួយកាត់បន្ថយ និងផ្ដល់ភាពងាយស្រួលដល់ម៉ាក់ៗពពោះដែរ ឬអត់?
“នៅពេលខ្ញុំពពោះបានប្រហែល៧-៨ អាទិត្យ ខ្ញុំចាប់ផ្ដើមចាញ់កូនខ្លាំង ធ្វើទុក្ខច្រើន រកធ្វើអ្វីក៏មិនសូវបានដែរ។ ពេលចាញ់កូនម្ដងៗ ខ្ញុំធុញណាស់។” នេះបើតាមបទពិសោធន៍ម៉ាក់ៗធ្លាប់ពពោះពីមុនមក អ្នកស្រី ម៉ម លក្ខិណា ម្ចាស់ហាងលក់សម្ភារៈបេប៊ី នៅស្ទឹងមានជ័យ។
ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!
ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!
អ្នកស្រីបន្តថា ភាគច្រើនអាការៈចាញ់កូនធ្វើទុក្ខនៅពេលព្រឹក បន្ទាប់ពីញ៉ាំអាហារ ពិសេសក្រោយលេបថ្នាំជាតិដែករួច។ ពេលអាការៈចាញ់កូនធ្វើទុក្ខម្ដងៗ ចេះតែវិលមុខ អស់កម្លាំង ចេះតែចង់ក្អួត និងត្រូវរកកន្លែងសម្រាកភ្លាមៗតែម្ដង។ ប៉ុន្តែ អាការៈចាញ់កូន បែរជាអន់ថយនៅពេលថ្ងៃ និងល្ងាច លុះត្រាតែមានចំណីអាហារដែលឃើញហើយ មិនចង់ញ៉ាំ បើញ៉ាំដឹងតែចង្អោរចេញមកវិញគ្មានសល់។ ដូចគ្នានេះ នៅពេលដែលធុំក្លិនខ្ទឹម ត្រី ឬហិតក្លិនទឹកអប់ឈួលខ្លាំង ក៏អាការៈចាញ់កូនធ្វើទុក្ខដែរ។
អត្ថបទគួរអាន៖
អាហារល្អៗដែលគ្នាយើងពពោះ គួរញ៉ាំមាន៖
១. ថ្នាំជាតិដែក
២. អាហារមានសារធាតុចិញ្ចឹមច្រើន (បន្លែ ផ្លែឈើ សាច់…)
៣. ទឹកដោះគោះសម្រាប់ស្ត្រីពពោះ ព្រោះទឹកដោះគោអាចជួយបន្ថែមកម្លាំងឲ្យម៉ាក់ៗ ក្នុងករណីដែលញ៉ាំអាហារមិនសូវបាន និងល្អទៅដល់គភ៌
លើសពីនេះ អ្នកស្រី បានណែនាំឲ្យម៉ាក់ៗពពោះទាំងអស់ដែលមានបញ្ហាចាញ់កូនខ្លាំង ញ៉ាំអាហារមិនសូវបាន ក៏ត្រូវព្យាយាមញ៉ាំម្ដងបន្តិចៗដែរ កុំឲ្យអត់អាហារសោះ ព្រោះបើមិនញ៉ាំ ខ្លួនយើងក៏ខ្សោយ អាអូននៅក្នុងផ្ទៃក៏ខ្សោយដូចគ្នា។ ម៉្យាងវិញទៀត ម៉ាក់ៗពពោះ ត្រូវធ្វើចិត្តឲ្យសប្បាយរីករាយ និងមិនត្រូវស្ត្រេស ពិបាកចិត្តច្រើន ព្រោះបើម៉ាក់ៗពិបាកចិត្ត អាចធ្វើឲ្យអាអូនក្នុងផ្ទៃខ្សោយ មិនសូវរស់រវើកដូចកូនក្មេងដទៃ។