គុណប្រយោជន៍ ៥យ៉ាង របស់​ចេក​ក្រហម​ល្អ​ចំពោះ​សុខភាព​

    គុណប្រយោជន៍ ៥យ៉ាង របស់​ចេក​ក្រហម​ល្អ​ចំពោះ​សុខភាព​

    គ្នា​យើង​ភាគ​ច្រើន​ដែល​ទៅ​លេង​ខេត្ត​សៀមរាប​ប្រហែល​ជា​ធ្លាប់​ស្គាល់​ និង​បាន​ដឹង​អំពី​ចេក​ល័ក្ដ​ ឬ​ចេក​​ក្រហមនេះ​ហើយ​។ ចេក​ល័ក្ដ ​ឬ​ចេក​ក្រហម​អាចថា​​មិន​សូវ​ពេញ​និយម​ ប៉ុន្តែ​វា​មាន​រសជាតិ​ផ្អែម​ជាង​ចេក​លឿង​ធម្មតា។ ចេក​ក្រហម​ក៏​មាន​ក្លិន​ក្រអូប​ប្រហាក់​ប្រហែល​នឹង​ផ្លែ​ចេក​អំបូង​ដែរ។ បើ​យោង​តាម​អ្នក​ជំនាញ​សុខភាព​ចេក​ពណ៌​ក្រហម​ល្អ​សម្រាប់​សុខភាព​ជាង​ចេក​ធម្មតា​ និង​មាន​ជីវជាតិ​ខុសៗ​គ្នា។

    ១. ប្រយោជន៍​ចំពោះ​តម្រង​នោម

    ចេក​ក្រហមមាន​​សារ​ធាតុ​ប៉ូតាស្យូម​​ជួយ​គ្រប់​គ្រង​ មិន​ឲ្យ​កើត​ក្រួស​​នៅ​ក្នុង​តម្រង​នោម។ អ្វី​ដែល​ គួរ​ឱ្យ​ចាប់​អារម្មណ៍​នោះ​គឺ​ថា​ការ​ញ៉ាំ​​ចេក​ក្រហម​ជា​ប្រចាំ​អាច​ជួយ​ការពារ​​​ជំងឺ​បេះដូង​និង​មហារីក​ទៀត​ផង។ ម្យ៉ាង​ទៀត​វា​អាច​រក្សា​ជាតិ​កាល់ស្យូម​ និង​ធ្វើ​ឲ្យ​​ប្រសើរ​ឡើង​នូវ​សុខភាព​ឆ្អឹង។

    ២. ជួយសុខភាព​ស្បែក​

    ការញ៉ាំ​ចេក​ក្រហម​ជា​ប្រចាំ​អាច​​ជួយ​ជម្រះ​រន្ធ​ញើស​​លើ​​ស្បែក ​និង​អាច​ជា​របាំង​ស្បែក​ជួយ​រក្សា​ស្បែក​ឲ្យ​ទន់​ និង​តឹង​ណែន។ ចេក​ប្រភេទ នេះ ​សម្បូរ​ជាតិ​​ទឹក​ និង​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ ផ្ដល់​សំណើម​ដល់​ស្បែក ​និង​ការ​ពារ​កុំ​ឱ្យ​ស្បែក​ស្ងួត​ និង​របក។

    ចេកក្រហម

    ៣. ប្រយោជន៍ចំពោះឈាម

    ចេកល័ក្ដ​ ក៏​មាន​ផ្ទុក​វីតាមីន B-6 ដែល​ជួយ​បង្កើន​គុណភាព​ឈាម​ និង​បង្កើន​ចំនួន​អេម៉ូក្លូប៊ីន​ផងដែរ​។ក្រៅពី​នេះ ​ក៏​ជួយ​ផ្លាស់​ប្តូរ​ទ្រីប៉ូតូផាន​(tryptophan) ​ទៅ​ជា​សេរ៉ូតូនីន​ផង​ដែរ។ បើ​យោង​តាម​អ្នក​ជំនាញ អ្នក​មាន​បញ្ហា​ស្លេក​ស្លាំង​គួរ​តែញ៉ាំចេកក្រហម​​ពី២ ទៅ ៣ផ្លែ​ជា​រៀង​រាល់​ថ្ងៃ​ ដើម្បី​បង្កើន​ចំនួន កោសិកា​ឈាម​ក្រហម​។

    ៤. ព្យាបាល​ការ​ទល់​លាមក

    ដោយ​យើង​ដឹង​ថា​ផ្លែ​ចេក​គឺ​ល្អ​ចំពោះ​ការដោះស្រាយ​បញ្ហា​​ទល់​លាមក។​ ​អ្នក​ជំនាញ​​អះអាង​ថា​អ្នក​ដែល​មាន​ជំងឺ​ឫស​ដូង​បាត​​​គឺ​កើត​ឡើង​ដោយ​សារ​តែ​មាន​បញ្ហា​ការ​ទល់​លាមក​រ៉ាំ​រ៉ៃ​។ ដូច្នេះ​ចេក​ក៏​មាន​ប្រយោជន៍​ក្នុង​ការ​ព្យាបាល​បញ្ហា​ទល់​លាមក​ផង​ដែរ។ជាការណែនាំ​យើង​គួរ​ញ៉ាំ​ចេក​ក្រហម​មួយ​ផ្លែ​បន្ទាប់​ពី​អាហារ​ថ្ងៃ​ត្រង់​ជា​រៀង​រាល់​ថ្ងៃ ​ដើម្បី​ជួយ​សម្រួល​ដល់​ការ​រំលាយ​អាហារ​​នៅ​ក្នុង​​ពោះវៀន។

    ៥. កាត់​បន្ថយ​ភាព​តានតឹង

    ផ្លែ​ចេក​ក្រហម​ផ្ទុក​ទៅ​ដោយ​ប៉ូតាស្យូម​ដែល​ជួយ​បន្ធូរ​ចង្វាក់​បេះដូង និង​គ្រប់​គ្រង​ជាតិ​ទឹក​ដែល​មាន​នៅ​ក្នុង​រាង​កាយ​របស់យើង​​ឲ្យ​នៅ​ថេរ ​ក្នុង​ពេលមាន​ភាព​តាន​តឹង។ អ្នក​ជំនាញ​ផ្នែក​សុខភាព​បាន​ណែ​នាំ​ឱ្យ​ញ៉ាំ​ចេក​ក្រហម១ ផ្លែ​ជា​រៀង​រាល់​ថ្ងៃ ដើម្បី​ជួយ​កែ​កុន​បញ្ហា​ភាព​តាន​តឹង​ក្នុង​ចិត្ត​នេះ។​

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ ឃ្លាំង សុខបញ្ញា កែសម្រួល​ចុងក្រោយ 30/08/2021
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត