វ៉ាក់សាំងសំខាន់ៗគ្រប់គ្នា​គួរដឹង បើអាចគួរចាក់ឲ្យគ្រប់

    វ៉ាក់សាំងសំខាន់ៗគ្រប់គ្នា​គួរដឹង បើអាចគួរចាក់ឲ្យគ្រប់

    យើងដឹងហើយថា វ៉ាក់សាំងថ្នាក់ជាតិសម្រាប់ទារកទើបកើតរហូតដល់អាយុ ១ ខួបកន្លះមានដូចជា វ៉ាក់សាំងរលាកថ្លើម B របេង គ្រុនស្វិតដៃ​ជើង ខាន់ស្លាក់ តេតាណូស រលាកសួត រលាក​ស្រោមខួរ កញ្រ្ជិល និងស្អួច។ ចុះវ៉ាក់សាំងសម្រាប់មនុស្សពេញវ័យ និងមនុស្សចាស់មានអ្វីខ្លះ? ត្រូវ​ចាក់​​ប៉ុន្មានដង? ហើយមានប្រសិទ្ធិភាពយូរប៉ុនណា?

    លោកវេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេសជំងឺទូទៅ និងរោគកុមារបានឱ្យដឹង​ថា វ៉ាក់សាំង​សំខាន់​ៗ​សម្រាប់​មនុស្សពេញវ័យ និងមនុស្សវ័យ​ចំណាស់​រួមមាន៖

    ១. វ៉ាក់សាំងតេតាណូស

    ចំពោះវ៉ាក់សាំងតេតាណូស យើងត្រូវចាក់ ៥ ដង ហើយត្រូវចាក់រំលឹក ១០ ឆ្នាំម្តង។ ខាងក្រោមនេះ​ជាកាលវិភាគនៃការវ៉ាក់សាំងតេតាណូស៖

    • ចាក់លើកទី ១៖ ចាប់ពីអាយុ ១៥ ឆ្នាំ
    • ចាក់លើកទី ២៖ យ៉ាងតិច ១ ខែបន្ទាប់ពីចាក់លើកទី ១
    • ចាក់លើកទី ៣៖ យ៉ាងតិច ៦ ខែបន្ទាប់ពីចាក់លើកទី ២
    • ចាក់លើកទី ៤៖ យ៉ាងតិច ១ ឆ្នាំបន្ទាប់ពីចាក់លើកទី ៣
    • ចាក់លើកទី ៥៖ យ៉ាងតិច ១ ឆ្នាំបន្ទាប់ពីចាក់លើកទី ៤

    ២. វ៉ាក់សាំងផ្តាសាយធំ

    យើងត្រូវចាក់វ៉ាក់សាំងផ្តាសាយធំជារៀងរាល់ឆ្នាំព្រោះការចាក់ម្តងអាចការពារយើងពីវីរុសបង្កជំងឺផ្តាសាយធំបានតែ ៨ ទៅ ១២ ខែប៉ុណ្ណោះ។

    ៣. វ៉ាក់សាំងមហារីកមាត់ស្បូន

    វ៉ាក់សាំងមហារីកមាត់ស្បូនអាចការពារយើងពីការឆ្លងវីរុស HPV ១៦ និង ១៨ ដែលជាកត្តាចម្បង​ក្នុងការ​បង្កជំងឺមហារីកមាត់ស្បូនបានមួយជីវិត តែត្រូវចាក់ ៣ ដង។

    លោកវេជ្ជបណ្ឌិត ហ៊ាង រតនា
    លោកវេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេសជំងឺទូទៅ និងរោគកុមារនៅបន្ទប់ពិគ្រោះនិងព្យាបាលជំងឺមេត្តា សំណង់ ១២

    ចង់គណនា BMI ចុចទីនេះ!

    ចង់គណនា BMR ចុចទីនេះ!

    ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

    ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!

    ៤. វ៉ាក់សាំងរលាកថ្លើម B

    វ៉ាក់សាំងរលាកថ្លើម B ត្រូវការចាក់ ៣ ដង។ លើកទី ២ ត្រូវចាក់ ១ ខែបន្ទាប់ពីចាក់លើកទី ១ ហើយ​លើកទី ៣ ត្រូវចាក់ ៦ ខែ បន្ទាប់ពីចាក់លើកទី ២។

    ពេលចាក់​វ៉ាក់សាំង​​​រលាកថ្លើម B ហើយ បើក្នុង​ខ្លួន​យើងដុះ​អង់ទីករពេញ​លេញ វ៉ាក់សាំងនេះអាចការពារ​យើង​ពី​ជំងឺ​រលាកថ្លើម B ចន្លោះពី ៣ ទៅ ៥ ឆ្នាំ។ បន្ទាប់ពីចាក់វ៉ាក់សាំងរលាកថ្លើម B ៣ ទៅ ៥ ឆ្នាំ យើង​ត្រូវ​ពិនិត្យឈាមមើល បើអង់ទីកររលាក​ថ្លើម B មានការថយចុះ យើង​ត្រូវចាក់រំលឹកវិញ។

    ៥. វ៉ាក់សាំងអុតស្វាយ

    ការចាក់វ៉ាក់សាំងអុតស្វាយអាចការពារយើងបានមួយជីវិត ឯចំនួន​ដង​​​នៃការចាក់គឺ ២ ដង។

    ៦. វ៉ាក់សាំងជំងឺឆ្កែឆ្កួត

    វ៉ាក់សាំងជំងឺឆ្កែឆ្កួតមិនអាចការពារយើងបានមួយជីវិតទេ ជាទូទៅយើងអាច​ចាក់ការពារមុនសត្វខាំ ឬចាក់ការពារក្រោយសត្វខាំ។ បើចាក់មុនសត្វខាំ យើងត្រូវចាក់ ៣ ដង ហើយបើយើងត្រូវសត្វខាំ ទោះជារបួសនៅ​បរិវេណ ក ឬមុខ និងទោះជារបួសធំ ឬជ្រៅក្តី យើងត្រូវការចាក់បន្ថែម​តែ ២ ដងទេ ហើយ​មាន​ប្រសិទ្ធិភាពខ្ពស់។

    បើយើងចាក់ក្រោយសត្វខាំ យើងត្រូវចាក់ដល់ទៅ ៥ ដងក្នុងករណីសង្ស័យ​ថា សត្វនោះ​មាន​ផ្ទុក​មេរោគឆ្កែឆ្កួត។ លើសពីនេះទៅទៀត បើមុខរបួសនៅបរិវេណក ឬមុខ ហើយធំ ឬជ្រៅ យើងត្រូវចាក់ Rabies immune globulin ជុំវិញមុខរបួសបន្ថែមទៀត។

    លោកវេជ្ជបណ្ឌិត ហ៊ាង រតនា បានបន្ថែមថា បើកាលពីតូច យើងមិនបានចាក់វ៉ាក់សាំង​ថ្នាក់ជាតិ​សម្រាប់​កុមារទេ យើងអាចចាក់វ៉ាក់សាំងនៅពេលធំបាន។ ម្យ៉ាងទៀត វ៉ាក់សាំង​មួយ​ចំនួន​ត្រូវការ​ចាក់រំលឹក ដូចជាវ៉ាក់សាំងរលាកថ្លើម B ជាដើម។

    អត្ថបទគួរអាន៖

    ចំណុចសំខាន់

    វ៉ាក់សាំងសំខាន់ៗសម្រាប់មនុស្សពេញវ័យ និងមនុស្សចាស់មានដូចជា៖
    • វ៉ាក់សាំងតេតាណូស
    • វ៉ាក់សាំងផ្តាសាយធំ
    • វ៉ាក់សាំងមហារីកមាត់ស្បូន
    • វ៉ាក់សាំងរលាកថ្លើម B
    • វ៉ាក់សាំងអុតស្វាយ
    • វ៉ាក់សាំងឆ្កែឆ្កួត

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ សុខ វណ្ណ · កែ 29/04/2022

    ផ្សព្វផ្សាយពាណិជ្ជកម្ម
    ផ្សព្វផ្សាយពាណិជ្ជកម្ម
    ផ្សព្វផ្សាយពាណិជ្ជកម្ម
    ផ្សព្វផ្សាយពាណិជ្ជកម្ម