ផ្នែកផ្សេងៗនៃរាងកាយ គឺសុទ្ធតែអាចបង្ហាញពីបញ្ហាសុខភាពមួយចំនួន ដែលគ្នាយើងគួរស្វែងយល់។ ទោះជាពេលខ្លះ យើងមិនទាន់ដឹងពីការប្រែប្រួលភ្លាមៗដែលកើតលើរាងកាយ ដោយសារតែទម្លាប់រស់នៅមិនល្អយ៉ាងណាក្តី ប៉ុន្តែយើងអាចនឹងសង្កេតឃើញសញ្ញាព្រមានមួយចំនួននៅលើភ្នែក ក្រចក ឬស្បែកជាដើម។ ដូចគ្នានេះដែរ បបូរមាត់យើងក៏អាចបញ្ជាក់ពីបញ្ហាសុខភាពផងដែរ។
សញ្ញាព្រមានពាក់ព័ន្ធនឹងសុខភាពដែលបង្ហាញតាមរយៈពេលបបូរមាត់
ជាទូទៅ បបូរមាត់ដែលមានសុខភាពល្អ ច្រើនតែមានសភាពទន់ មានសំណើម និងមានពណ៌ធម្មជាតិ ហើយមានភាពខុសគ្នាពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត។ យ៉ាងណាមិញ យើងក៏អាចសង្កេតមើលសញ្ញាព្រមានខ្លះៗដែលកើតលើបបូរមាត់ដូចខាងក្រោម។
ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!
១. បបូរមាត់ស្លេក
បបូរមាត់ស្លេក ឬពណ៌ស្វាយ អាចបង្ហាញពីភាពស្លេកស្លាំង ឈាមរត់ខ្សោយ បញ្ហាផ្លូវដង្ហើម ដោយសារតែកង្វះអុកស៊ីហ្សែននៅក្នុងឈាម។
២. បបូរមាត់ស្ងួត និងប្រេះ
ក្រៅពីកត្តាអាកាសធាតុ បញ្ហាមាត់ស្ងួត អាចបណ្តាលមកពីកង្វះជាតិទឹក ឬវីតាមីនផ្សេងៗ។ ប្រសិនបើបបូរមាត់យើងប្រេះជាប់ជាប្រចាំ នោះអាចជាសញ្ញានៃកង្វះអាហារូបត្ថម្ភ ឬបញ្ហាស្បែក។
៣. ហើមមាត់
ទន្ទឹមនឹងនេះដែរ បញ្ហាហើម អាចបង្កឡើងដោយអាលែកហ្ស៊ី ការឆ្លងមេរោគ ឬរលាក ដែលចាំបាច់ត្រូវធ្វើការព្យាបាល។
៤. ឈឺបបូរមាត់ ឬមានដំបៅ
ចំណែកឯបបូរមាត់ដែលមានដំបៅ ឬឈឺចាប់ អាចបញ្ជាក់ពីការឆ្លងមេរោគផ្សេងៗ ដូចជាជំងឺដំបៅក្នុងមាត់ជាដើម។
៥. ប្រេះនៅគែមមាត់
ការប្រេះនៅគែមមាត់ អាចជាសញ្ញានៃកង្វះវីតាមីន B ឬជាតិដែក ដែលអាចជាការបង្ករោគផ្សិតឈ្មោះថា Angular cheilitis។
![បបូរមាត់](https://cdn.hellokrupet.com/wp-content/uploads/2023/08/បបូរមាត់១.jpg)
៦. បបូរមាត់ប្តូរពណ៌
បបូរមាត់ខ្មៅ ឬប្តូរពណ៌ អាចជាសញ្ញានៃអតុល្យភាពអ័រម៉ូន កង្វះវីតាមីន ឬជាប្រតិកម្មទៅនឹងប្រភេទថ្នាំជាក់លាក់មួយចំនួន។
គន្លឹះថែទាំបបូរមាត់ឲ្យមានសុខភាពល្អ
- ញ៉ាំទឹកឲ្យបានច្រើន
- ប្រើក្រែមព្យាបាលបបូរមាត់ប្រភេទlip balm
- ជៀសវាងលិទ្ធបបូរមាត់ញឹកញាប់ ពីព្រោះទឹកមាត់អាចធ្វើឲ្យបបូរមាត់ស្ងួត
- ញ៉ាំរបបអាហារល្អៗដែលសម្បូរទៅដោយវីតាមីន និងជាតិរ៉ែ។