អារម្មណ៍ខឹង នរណាក៏មានដែរ ជាពិសេសពេលប៉ាម៉ាក់របស់យើង កាន់តែចាស់ៗ គាត់ឆាប់ខឹងជាងមុនបន្ដិច។ អ៊ីចឹងហើយ យើងចាំបាច់កុំធ្វើរឿងណាឲ្យគាត់ខឹងច្រើន ព្រោះវាប៉ះពាល់ដល់សុខភាពគាត់ ជាងកើតទុក្ខទៅទៀត។
អ្នកជំនាញជាច្រើន បានលើកឡើងថា ការកើតទុក្ខ ការបាត់បង់មនុស្សជាទីស្រលាញ់ និងភាពឯកា ប៉ះពាល់យ៉ាងខ្លាំងដល់សុខភាពមនុស្សចាស់។
តែការសិក្សាថ្មីមួយ របស់សាកលវិទ្យាល័យ Concordia នៅទីក្រុងម៉ុងត្រេអាល់ ប្រទេសកាណាដា រកឃើញថា កំហឹងអាចនាំឲ្យមានគ្រោះថ្នាក់ដល់សុខភាព ដោយបង្កមានជំងឺបេះដូង រលាកសន្លាក់ មហារីក និងការរលាក (Inflammation)។ លោក Meaghan A Barlow អ្នកដឹកនាំការសិក្សា បញ្ជាក់ថា កំហឹងអាចបង្កទៅកើតជំងឺរ៉ាំរ៉ៃនានា ចំណែកការកើតទុក្ខ មិនបង្កឲ្យកើតជំងឺដូច្នេះទេ។
ការសិក្សានេះ មានការចូលរួមពីមនុស្សចាស់ វ័យ ៥៩-៩៣ឆ្នាំ ចំនួន ២២៦នាក់ នៅទីក្រុងម៉ុងត្រេអាល់។ រយៈពេល ជាង ១សប្ដាហ៍ អ្នកចូលរួម បំពេញចម្លើយអំពីថា តើខឹង និងកើតទុក្ខ ធ្វើឲ្យពួកគេមានអារម្មណ៍យ៉ាងណា? អ្នកស្រាវជ្រាវ វាយតម្លៃការរលាកចេញពីគំរូឈាម និងសួរអ្នកចូលរួម ថាតើពួកគេមានជំងឺរ៉ាំរ៉ៃណាមួយទេ?