ស្រុកខ្មែរយើង ការប្រើប្រាស់បារីអេឡិចត្រូនិក (E-Cigarette) ត្បិតមិនទាន់មានច្រើន តែក៏មានការកើនឡើងមិនស្ទើរដែរ។ ចំណែកនៅអាមេរិកវិញ ដោយសារចំនួនក្មេងជំទង់ ជាពិសេសសិស្ស ប្រើប្រាស់បារីប្រភេទនេះ កើនឡើងខ្លាំង ក្រុមប្រឹក្សាភិបាលក្រុងសាន់ហ្វ្រាន់ស៊ីស្កូ ឯកភាពលើបម្រាម លក់ និងចែកចាយផលិតផលនេះ កាលពីថ្ងៃទី២៥ ខែមិថុនា ២០១៩។
ប្រសិនបើបម្រាមលើការលក់ និងចែកចាយបារីអេឡិចត្រូនិក ត្រូវឯកភាពពីរដ្ឋបាលចំណីអាហារ និងឱសថ សហព័ន្ធ (FDA) ទៀតនោះ សាន់ហ្វ្រាន់ស៊ីស្កូ នឹងក្លាយជាទីក្រុងទី១ របស់អាមេរិក លែងមានការប្រើប្រាស់បារីប្រភេទនេះហើយ។
ទិន្នន័យពីរដ្ឋបាលសហព័ន្ធ កាលពីឆ្នាំ២០១៨ បង្ហាញថា សិស្សវិទ្យាល័យ ប្រើប្រាស់បារីអេឡិចត្រូនិក កើនឡើង ៧៨% ។ ចំណែកក្រុមហ៊ុនផលិតបារីអេឡិចត្រូនិក Juul ដែលមានស្នាក់ការនៅក្រុងសាន់ហ្វ្រាន់ស៊ីស្កូ ក៏បញ្ជាក់ថា ការលក់បារីអេឡិចត្រូនិក កើនឡើងយ៉ាងខ្លាំង នៅ ២ឆ្នាំចុងក្រោយនេះ ហើយអ្នកទិញ និងប្រើប្រាស់ច្រើនជាងគេ គឺក្មេងជំទង់។
តាមអង្គការសុខភាពពិភពលោក បារីអេឡិចត្រូនិក ត្រូវគិតថា សុវត្ថិភាពជាងបារីធម្មតា ដែលសម្លាប់ពាក់កណ្ដាលនៃជីវិតអ្នកប្រើប្រាស់។ ប៉ុន្ដែផលប៉ះពាល់សុខភាពរយៈពេលវែង នៃបារីអេឡិចត្រូនិក នៅតែមិនដឹងនៅឡើយទេ។
គួរបញ្ជាក់ថា បារីអេឡិចត្រូនិក ស្ថិតនៅតំបន់ប្រផេះ នៃច្បាប់ អស់រយៈពេលជាច្រើនឆ្នាំមកហើយ។ រដ្ឋបាល FDA កាលពីខែមីនា ២០១៩ គ្រោងនឹងដាក់បម្រាមលើបារីប្រភេទនេះ នៅឆ្នាំ២០២១។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕