backup og meta

ប្រយ័ត្ន! កត្តាទាំងនេះធ្វើឲ្យយើងប្រឈមបញ្ហាសរសៃឈាមបេះដូង

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Meng Vatana · កែ Jun 24, 2019

    ប្រយ័ត្ន! កត្តាទាំងនេះធ្វើឲ្យយើងប្រឈមបញ្ហាសរសៃឈាមបេះដូង

    គាំងបេះដូង សម្លាប់​មនុស្សរាប់លាន​នាក់​ក្នុង​មួយ​ឆ្នាំ​ៗ ខណៈជំងឺ​ធ្វើ​ឲ្យ​យើង​ប្រឈម​ខ្ពស់​ស្លាប់​ដោយ​គាំង​បេះដូង គឺ​ជំងឺសរសៃឈាមបេះដូង​តែ​ម្តង។ “Hello គ្រូពេទ្យ’ ថ្ងៃ​នេះ នឹង​លើកឡើង​ពី​អត្ថបទ​មួយពាក់ព័ន្ធ​កត្តា​នាំ​ឲ្យ​លើ​ជំងឺ​សរសៃ​ឈាម​បេះដូង អាច​ជួយ​យើង​ចេះ​ការពារ​ខ្លួន​បាន។

    ជំងឺ​បេះ​ដូង​ បណ្តាល​មក​ពី​ស្ទះ​សរសៃ​ឈាម​ចិញ្ចឹម​បេះ​ដូង​ ​គេ​ស្គាល់​​ថា​ជា​ជំងឺ​សរសៃឈាម​អាកទែ​​ ជា​មូលហេតុ​នាំ​មុខ​គេ​នៃ​ការ​ស្លាប់​នៅ​ជុំ​វិញ​ពិភព​លោក​។​ ជំងឺគំរាម​កំហែង​អាយុ​ជីវិត​នេះ​ កើត​ចេញ​មក​ពី​ការ​កកស្ទះខ្លាញ់​​នៅ​ក្នុង​សរសៃ​អាកទែ ​រា​រាំង​ឈាម​មិន​ឲ្យ​ហូរ​ទៅ​កាន់​បេះ​ដូង​បាន​។​ បើគ្មាន​ការ​ផ្គត់​ផ្គង់​ឈាម​បាន​គ្រប់​គ្រាន់​ បេះ​ដូង​អាច​នឹង​ទទួល​រង​គ្រោះដោយ​សារ​កង្វះ​អុក​ស៊ី​ហ្សែន​​។​ ខណៈ​កត្តា​ប្រឈមទាំងនេះ​ សុទ្ធ​តែ​ធ្វើ​ឲ្យ​យើង​កើត​ជំងឺ​សរសៃ​ឈាម​បេះ​ដូង​បាន​គ្រប់​ពេល៖​

    ១- កម្រិតកូលេស្តេរ៉ូលក្នុងឈាមមិនល្អ

    នេះ​មាន​ន័យ​ថា​ យើង​​មាន​ជាតិ​កូលេស្តរ៉ូល​ LDL ច្រើន​ពេក​ (ខ្លាញ់​អាក្រក់​) និង​កូលេស្តេ​រ៉ូល​ HDL តិច​ពេក​ (ខ្លាញ់ល្អ)​។​

    ២- សម្ពាធឈាមខ្ពស់ ឬលើសឈាម

    ​មាន​សម្ពាធ​ឈាម​ខ្ពស់​ សំដៅ​លើ​សម្ពាធ​ឈាមនៅ​ត្រឹម​ ឬ​លើ​ ១៤០/៩០ មិល្លីម៉ែត្របារ៉ត ក្នុង​រយៈពេល​យូរ​។​ សម្រាប់អ្នក​ទឹក​នោម​ផ្អែម​ ឬ​ជំងឺ​តម្រង​នោម​រ៉ាំ​រ៉ៃ​ សម្ពាធឈាមគួរនៅត្រឹម ឬស្មើ​១៣០/៨០ មិល្លីម៉ែត្របារ៉ត ហើយ​បើ​ខ្ពស់​ជាង​នេះ​ ចាត់​ទុក​ថា​ជា​សញ្ញា​ជំងឺលើស​ឈាម​ហើយ​។​

    ៣- ជក់បារី

    ជក់​បារី​ មាន​ផល​ប៉ះពាល់អាក្រក់​ទៅ​លើ​សរសៃ​ឈាម​ អាច​នឹង​នាំ​ទៅ​ដល់​កម្រិត​កូលេ​ស្តេរ៉ូលមិនល្អ​ បង្កើន​សម្ពាធ​ឈាម​ឲ្យ​កើន​ខ្ពស់​។​ ជក់​បារី​ ត្រូវ​​​គេ​ដឹង​ថា ​បាន​ធ្វើឲ្យកម្រិត​​ផ្គត់​ផ្គង់​អុក​ស៊ី​ហ្សែន​ទៅ​កាន់​ជាលិកាថយចុះ​។​

    ៤- មានភាពស៊ាំនឹងអ័រម៉ូនអាំងស៊ុយលីន

    គ្នា​យើងដែល​មាន​ភាព​ស៊ាំ​នឹង​អ័រ​ម៉ូន​អាំង​ស៊ុយ​លីន ​បើ​រាង​កាយ​មិន​អាច​ដំណើរ​ការ​អ័រម៉ូន​អាំង​ស៊ុយ​លីន​​បាន​​ត្រឹម​ត្រូវ (​អ័រ​ម៉ូន​ទទួល​ខុស​ត្រូវ​កែតម្រូវ​ជាតិ​ស្ករ​ក្នុង​ឈាម​សម្រាប់​ផលិត​ថាម​ពល​) អាច​ប្រឈម​ខ្ពស់​ធ្វើ​ឲ្យ​មានជំងឺ​សរសៃឈាម​បេះ​ដូង។​

    ៥- ជំងឺទឹកនោមផ្អែម

    គ្នា​យើង ឬម៉ាក់អ៊ំកើត​ជំងឺ​ទឹក​នោម​ផ្អែម​ គឺមានជាតិ​ស្ករ​ក្នុង​ឈាមខ្ពស់​ ព្រោះ​រាង​កាយមិន​អាច​ផលិត​​អាំង​ស៊ុយលីន​បាន​គ្រប់​គ្រាន់​ ឬ​មិន​អាច​ប្រើ​ប្រាស់​អាំង​ស៊ុយ​លីន​បាន​ត្រឹម​ត្រូវ​។​

    ៦- លើសទម្ងន់ ឬធាត់

    សម្រាប់​អ្នក​លើស​ទម្ងន់​ ឬ​ធាត់ ​បើ​ទម្ងន់​លើស​ពី​រង្វាស់​ BMI ​ត្រូវ​បាន​ចាត់​ទុក​ថា​ សុខភាព​យើង​មាន​បញ្ហា​ហើយ។

    ៧- ភាពអសកម្មរាងកាយ

    បែប​ផែន​ជីវិត​រស់​នៅ ដោយ​​អង្គុយជាប់ នៅមួយកន្លែងច្រើន​ មាន​ទំនាក់​ទំនង​ហានិភ័យ​កាន់​តែ​ខ្ពស់​ជាមួយ​ជំងឺ​សរសៃ​ឈាម និង​ស្ថាន​ភាពជំងឺ​​ពាក់​ព័ន្ធ​ដទៃ​ទៀត​។​

    ៨- អាយុកាន់តែចាស់

    វ័យ​កាន់​តែ​ចាស់ ​បង្កើន​ហានិភ័យកើត​មាន​ជំងឺ​បេះ​ដូង​ ដោយ​សារ​ស្ទះ​​សរសៃ​ឈាម​ចិញ្ចឹម​បេះ​ដូង​។​ ពិសេស​ចំពោះ​ប្រុសៗ​ ការ​កើន​ឡើង​នេះ​ចាប់​ផ្តើម​នៅ​អាយុ​ ៤៥ ឆ្នាំ ខណៈ​ចំពោះ​ស្រីៗ​ ហានិភ័យ​កើន​ឡើង​នៅ​អាយុ​ ៥៥ ឆ្នាំ​។​

    ៩- ប្រវត្តិគ្រួសារ

    យើង​នឹង​​មាន​ឱកាស​កាន់​តែ​ខ្ពស់​កើត​មាន​ជំងឺ​បេះ​ដូង​ ដោយ​សារ​ស្ទះ​សរសៃ​ឈាម​ចិញ្ចឹម​បេះ​ដូង​ ​បើសាច់​ញាតិយើង​ ធ្វើ​រោគ​វិនិច្ឆ័យ​រក​ឃើញ​ជំងឺនេះ​ ជា​ពិសេស​នៅ​វ័យ​ក្មេង​។​

    អត្ថបទ​ពាក់​ព័ន្ធ៖

    • លើសកូលេស្ដេរ៉ូល ឬជាតិខ្លាញ់ មាន​រោគ​សញ្ញា​អីខ្លះ មកពីអ្វី?
    • ក្រៅ​ពីហាត់​ប្រាណ កំណត់​របប​អាហារ​ត្រឹម​ត្រូវ អាយុ​កាន់​តែ​វែង

    ១០- កត្តាប្រឈមផ្សេងទៀត

    – កម្រិតប្រូតេអ៊ីន​ C-reactive (CRP) នៅ​ក្នុង​ឈាមខ្ពស់​ពេក​

    – ខូច​ខាត​លើ​ជញ្ជាំង​ខាង​ក្នុង​សរសៃ​អាក​ទែ​

    – កម្រិត​ជាតិ​ខ្លាញ់​ទ្រី​គ្លី​សេរីត​ (triglycerides) នៅ​ក្នុង​ឈាម​ខ្ពស់​ពេក

    – បញ្ហា​គេង​អត់​ដក​ដង្ហើម​ ដែល​ស្ថាន​ភាព​មួយ​​​សម្គាល់​ដោយ​ការ​ស្ទះ​​ដង្ហើម​ក្នុង​អំឡុង​ដំណេក​។​ ​បើ​ទុក​ចោល​មិន​ព្យា​បាល​​អាច ​នឹង​បង្កើន​ហានិភ័យ​​ជំងឺ​លើស​ឈាម​ ទឹក​នោម​ផ្អែម​ និង​ថែម​ទាំង​ជំងឺ​គាំង​បេះ​ដូង​ ឬ​ជំងឺ​ស្ទះ​ ឬដាច់​សរសៃ​ឈាម​ខួរក្បាល ​ថែម​ទៀត​ផង​​។​

    – ថប់បារម្ភ ក៏ជា​កត្តា​​ភ្ញោច​ឃើញ​ញឹក​ញាប់​សម្រាប់​ជំងឺ​គាំង​បេះ​ដូង​ដូច​គ្នា

    – ស្រារួម​ចំណែក​ធ្វើ​ឲ្យ​ខូច​ខា​ត​សាច់​ដុំ​បេះ​ដូង​

    – បម្រុងក្រឡា​ភ្លើង​ ជា​ស្ថាន​ភាព​មួយ​កើត​មាន​ក្នុ​ង​អំឡុង​ពេល​មាន​ផ្ទៃ​ពោះ។​

    ​មាន​កត្តា​ហានិភ័យ​ មិន​មែន​មាន​ន័យ​ថា យើង​ច្បាស់​ជាកើត​ជំងឺ​បេះ​ដូង សរសៃ​ឈាម​បេះ​ដូង នោះទេ។​ កត្តា​ជា​ច្រើនសុទ្ធ​តែ​អាច​គ្រប់​គ្រង​បាន​ តាម​រយៈ​ទម្លាប់​រស់​នៅ​ប្រកប​ដោយ​សុខ​ភាព​ល្អដែល​នឹង​ជួយ​យើង​បង្ការ​ ពន្យារ ​អូស​បន្លាយ​ពេល​ ឬ​រក្សា​ស្ថាន​ភាព​ជំងឺ​ស្ថិ​ត​ក្រោម​ការ​គ្រប់​គ្រង​បានល្អ។​

    ក្នុង​ករណី​មាន​សំណួរ​ ​ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខ​ភាព​អ្នក​ ​ជម្រើស​ល្អ​បំផុត​ ​សូម​ពិគ្រោះ ​និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជា​មួយ​ពេទ្យ​ជំនាញ​។​ ​Hell​o​ ​Health​ Group​ មិន​ចេញ​វេជ្ជ​បញ្ជា​ មិន​ធ្វើ​រោគ​វិនិច្ឆ័យ​ ឬ​ព្យា​បាល​ជូន​ទេ​៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Meng Vatana · កែ Jun 24, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម