Coronary Artery Bypass Surgery (ការ​វះ​ត​ផ្លូវ​កាត់សរសៃ​អាកទែកូរ៉ូនែ)

Coronary Artery Bypass Surgery (ការ​វះ​ត​ផ្លូវ​កាត់សរសៃ​អាកទែកូរ៉ូនែ)

និយមន័យ

តើ​ការ​វះកាត់​ត​ផ្លូវ​កាត់សរសៃ​អាកទែកូរ៉ូនែ​សិប្បនិម្មិត​ជា​អ្វី?

ការ​វះកាត់​ត​ច​រន្ត​ក្រៅ (ផ្លូវវៀង) ​បែប​នេះ​គឺ​ធ្វើ​ឡើង​ក្នុង​ពេលណា​ដែល​លំហូរ​ឈាម​រត់​ធម្មតា​មាន​ការ​ស្ទះ​ ឬ​តូច​ចង្អៀត​ដែល​ធ្វើ​ឲ្យ​ការ​នាំ​អុកស៊ីហ្សែន​ទៅ​ចិញ្ចឹម​កោសិកា​មិន​បាន​ល្អ​ហើយ​ការ​ស្ទះ​ភាគ​ច្រើន​បណ្ដាល​មក​ពី​ការ​កក​ខ្លាញ់​ក្នុង​សរសៃ​ឈាម​។ ការ​វះកាត់​សរសៃ​អាកទែកូរ៉ូនែ​សិប្បនិម្មិតទៀតសោត​គឺ​សម្រាប់​ព្យាបាល​ការ​ឈឺ​ចុក​ទ្រូង​ដោយសារ​ជំងឺ​បេះដូង​ដែល​មាន​ដូចជា​ជំងឺ​រលួយ​សាច់​បេះដូង ខូច​ប្រើស​បេះដូង និង​សរសៃ​កូរ៉ូនែ​រួម​តូច​ជាដើម​ជាពិសេស​អ្នក​ទឹក​នោម​ផ្អែម។ មុន​វះកាត់​យើង​​ត្រូវដឹង​៖

  • ការ​វះកាត់​គឺ​មិន​មែន​ការ​ព្យាបាល​ទេ​ កត្តា​ដែល​សំខាន់​គឺ​ព្យាបាល​មូលហេតុ​ដែល​ធ្វើ​ឲ្យ​ស្ទះ​នោះ​ចេញ​ដូចជា​លេប​ថ្នាំ ​និង​ផ្លាស់​ប្ដូរ​ទម្លាប់​ញ៉ាំ​អាហារ​សម្រាប់​អ្នក​លើស​ជាតិ​ខ្លាញ់​ជាដើម
  • យល់​ដឹង​ពី​ហានិភ័យ​និង​ស្ថាន​ភាព​បេះដូង​ខ្លួន​ឯង​
  • ត្រូវ​ស្វែង​រក​គ្រូពេទ្យ​ណា​ដែល​មាន​ជំនាញ
  • អាច​ស្វែង​រក​ជំនួយ​ដូចជា​មិត្ត​ភ័ក្ដិ​សាច់​ញាតិ​ក្នុង​ការ​ថែទាំ​បន្ត​នៅ​ផ្ទះ​បន្ទាប់​ពី​ចេញ​ពី​មន្ទីរពេទ្យ​
  • រៀប​ចំ​ផ្ទះ​តម្រូវ​តាម​ការ​ចាំបាច់​របស់​អ្នក​ជំងឺ​ព្រោះ​ថា​ពេល​សម្រាក​នៅ​ផ្ទះ​គឺ​មិន​អាច​ដើរ​ចុះ​ឡើង​បាន​ច្រើន​នោះ​ទេ។
  • ថែ​រក្សា​អនាម័យ​តាំង​ពី​មុន​ចូល​មន្ទីរពេទ្យ​ដូចជា​កាត់​ក្រចក​ និង​ស្លៀក​សំលៀក​បំពាក់​ដែល​បោក​គក់​ហាល​ថ្ងៃ​បាន​ល្អ​ដើម្បី​ជៀសវាង​ការ​ក​រោគ
  • ត្រូវ​គោរព​តាម​ពេល​វេលា​កំណត់​ត្រឹម​ត្រូវ​ដូចជា​អាច​បើក​បរ​និង​ធ្វើ​ការ​ផ្សេង​ៗ​បាន​៦​សប្ដាហ៍​ក្រោយ​ការ​វះកាត់
  • មុន​នឹង​វះកាត់​អ្នក​ជំងឺ​ត្រូវ​ចូល​សម្រាក​ពេល​រង់​ចាំ​ ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ថ្នាំសណ្ដំ ព័ត៌មាន​ទាក់​ទង​នឹង​ប្រវត្តិ​ជំងឺ​។ លើស​ពី​នេះ​ទៅ​ទៀត​ការ​ថត​កាំរស្មី​ ការ​ធ្វើ​តេស្ត​ឈាម​ និង​ការ​វាស់​ចង្វាក់​បេះដូង​នឹង​អាច​ធ្វើ​តាម​លំដាប់​លំដោយ។

អត្ថបទពាក់ព័ន្ធ៖ Coronary Angioplasty (វះកាត់​កែ​សម្រួល​សរសៃ​ឈាម​បេះដូង)

ហានិភ័យ

មាន​កត្តា​ផ្សេង​ៗ​ជា​ច្រើន​ដែល​អ្នក​ជំងឺ​ការ​វះកាត់​សរសៃ​អាកទែកូរ៉ូនែ​សិប្បនិម្មិតគួរ​ដឹង​។ បន្ទាប់​ពី​ការ​វះកាត់​ការ​វះកាត់​សរសៃ​អាកទែកូរ៉ូនែ​សិប្បនិម្មិត អ្នក​ជំងឺ​គឺ​បាន​ធូរ​ស្រាល​ច្រើន​ហើយ​ការ​ឈឺ​ទ្រូង​នឹង​លែង​មាន​ពី​១០​ ទៅ១៥​ឆ្នាំ​ តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​វា​អាច​នឹង​ស្ទះ​ទៅ​ថ្ងៃ​មុខ​ដោយសារ​ការ​កក​ស្ទះ​ហើយ​អាច​ទទួល​ការ​ព្យាបាល​ដោយ​ការ​វះកាត់​លើក​ទី​ពីរ។

ប្រាំឆ្នាំ​ដំបូង​ កំណក​ឈាម​និង​ការ​កក​ដុំ​ខ្លាញ់​អាច​កើត​មាន​សារ​ជា​ថ្មី​លើ​អាកទែ​សិប្បនិមិត្ត​នោះ​។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ការ​គាំង​បេះដូង ជំងឺ​ដាច់​សរសៃ​ឈាម​ខួរក្បាល ការ​ហូរ​ឈាម ការ​ក​រោគ និង​ជំងឺ​ចង្វាក់​បេះដូង​ដើរ​មិន​ធម្មតា​អាច​កើត​មាន​ឡើង​ ហើយ​ការ​ចុក​ទ្រូង​អាច​លេច​ឡើង​វិញ ​និង​ឈឺ​ចុក​រហូត​ដល់​៦​ខែ​ទើប​បាត់ ហើយ​អ្នក​ខ្លះ​ទៀត​ទៅ​ជា​វង្វេង​ចាំ​អ្វី​មិន​បាន​ទៀត​ផង​។ គ្រោះ​ថ្នាក់​ដែល​អាច​កើត​ជា​យថាហេតុ​ក្នុង​ពេល​វះកាត់​នោះ​គឺ​ការ​គាំង​បេះដូង​ភ្លាម​ៗ​តែ​ម្ដង​ដែល​មាន​ពី​ ៥ ​ទៅ​ ១០​%​ បណ្ដាល​ឲ្យ​ស្លាប់​តែ​ម្ដង។

ដំណើរ​ការ​

គ្រូពេទ្យ​វះកាត់​សរសៃ​អាកទែកូរ៉ូនែ​សិប្បនិម្មិតនឹង​ធ្វើ​ការ​វះ​បើក​សន្ទះ​ទ្រូង​ដើម្បី​ជា​ផ្លូវ​ចូល​ទៅ​ដល់​បេះដូង។ ​បន្ទាប់​មក​គាត់​នឹង​ធ្វើ​ឲ្យ​បេះដូង​ឈប់​ដើរ​មួយ​រយៈពេល​ដោយ​ជំនួស​ដោយ​ការ​ច្របាច់​ឈាម​ដោយ​ម៉ាស៊ីន​សិប្បនិម្មិត​រយៈពេល​ ៩០​នាទី​។ ការ​ជ្រើស​សរសៃ​មក​ច្នៃ​គឺ​សំខាន់​ក្នុង​ការ​វះកាត់​សរសៃ​អាកទែកូរ៉ូនែ​សិប្បនិម្មិត​នេះ ​ហើយ​សរសៃ​ឈាម​ដែល​ល្អ​គឺ​សរសៃ​ដែល​នាំ​ឈាម​ទៅ​ចិញ្ចឹម​សុដន់​ដោយសារ​តែ​ការ​កក​ស្ទះ​គឺ​ភាគ​ច្រើន​កើត​ចន្លោះ​សរសៃ​ឈាម​នេះ​។ ដូចនេះ​ហើយ​ការ​វះកាត់​ត​ផ្លូវ​កាត់​ត្រង់​កន្លែង​នេះ​គឺ​ងាយ​ស្រួល​​ដែល​ជាទូទៅ​ការ​វះកាត់​គឺ​ប្រព្រឹត្ត​ទៅក្នុង​រយៈ​ពេល​៤​ម៉ោង​។

មក​ដល់​បច្ចុប្បន្ន​នេះ​មាន​វិធី​ថ្មី​ៗ​ជា​ច្រើន​ដែល​មិន​សូវ​ទាម​ទា​ការ​វះ​បើក​ទ្រូង​ហើយ​មិន​តម្រូវ​ឲ្យ​បេះដូង​ឈប់​ដើរ​នោះ​ទេ​។ ការ​វះកាត់់​ថ្មី​នេះ​គឺ​បញ្ជា​ដោយ​គ្រឿង​យន្ត​ទាំង​អស់​ហើយ​ត្រូវ​ការ​ពេល​ពី​៣ ​ទៅ​ ៦​ម៉ោង ​ហើយ​អាច​មាន​ការ​ត​សរសៃ​ច្រើន​ចន្លោះ​ ២ ទៅ ​៤​​ ដែល​អាស្រ័យ​លើ​ការ​ស្ទះ​។

សរសៃ​អាកទែកូរ៉ូនែ

ផល​វិបាក​ផ្សេង​ៗ

អ្នក​ជំងឺវះកាត់សរសៃ​អាកទែកូរ៉ូនែ​សិប្បនិម្មិត​ត្រូវ​តាម​ដាន​នៅ​មន្ទីរ​ពេទ្យ​បន្ទាប់​ពី​ការ​វះកាត់​បាន​មួយ​​អាទិត្យ​​ ហើយ​ត្រូវ​គេង​ក្នុង​បន្ទប់​សង្គ្រោះ​បន្ទាន់​យ៉ាង​ហោច​ណាស់​ក៏២​ថ្ងៃ​ដែរ ​ដែល​សម្ពាធ​ឈាម​ ចង្វាក់​ដង្ហើម​និង​បេះដូង​ត្រូវ​តាមដាន​ជា​ប្រចាំ។​ អ្នក​ជំងឺ​ខ្លះ​អាច​ត្រូវ​ការ​ការ​អុកស៊ីហ្សែន​ថែម​ទៀត​ក្នុង​ពេល​នេះ។ អ្នកជំងឺវះកាត់សរសៃ​អាកទែកូរ៉ូនែ​សិប្បនិម្មិតមិន​ត្រូវ​ដក​ទុយយោ​សុង​ដង្ហើម​ចេញ​ដោយ​ខ្លួន​ឯង​នោះ​ទេ​ ប្រសិន​បើ​និយាយ​មិន​កើត​អាច​ប្រើ​កាយវិការ​ទំនាក់​ទំនង​ជាមួយ​គ្រូពេទ្យបាន​។​

ក្នុង​ករណី​មាន​អាការៈ​ ក្ដៅ​ខ្លួន បេះដូង​ដើរ​ញាប់ ឈឺ​ទ្រូង​ឡើង​វិញ​ឬ​ឈឺ​ជុំ​វិញ​កន្លែង​វះកាត់​ ឡើង​ក្រហម ក្ដៅ​និង​មាន​ការ​ហូរ​ឈាម​ត្រូវ​ប្រញាប់​មក​ជួប​ពេទ្យ​ភ្លាម។​ បើ​សិន​ជា​ដំណើរ​ការ​បាន​ជោគ​ជ័យ​គឺ​មិន​មាន​ការ​ឈឺ​ទ្រូង​ទៀត​ទេ​ព្រោះ​ថា​លំហូរ​ឈាម​មាន​គ្រប់​គ្រាន់​ដើម្បី​ទៅ​ចិញ្ចឹម​កោសិកា​ប៉ុន្តែ​ទោះ​ជា​យ៉ាងណា​ក៏ដោយ​ការ​ស្ទះ​នៅ​តែ​អាច​កើត​មាន​ឡើង​វិញ​ ដូចនេះ​ត្រូវ​លេប​ថ្នាំ​ឲ្យ​ទៀង​ទាត់​តាម​វេជ្ជបញ្ជា​និង​អនុវត្ត​ដូច​ខាង​ក្រោម​៖

  • ចំពោះ​អ្នក​ទឹកនោមផ្អែម​ត្រូវ​ឧស្សាហ៍​ពិនិត្យ​ជាតិ​ស្ករ
  • ត្រូវ​មាន​របប​អាហារ​ល្អ​ដូចជា​របប​អាហារ ​Dash ជាដើម
  • រក្សា​ទម្ងន់
  • រក្សា​លំនឹង​សំពាធ​ឈាម
  • ហាត់​ប្រាណ​ជា​ប្រចាំ
  • លេប​ថ្នាំ​បញ្ចុះ​ជាតិ​ខ្លាញ់​ហើយ​ធ្វើ​យ៉ាង​ណា​ឲ្យ​ខ្លាញ់​មិន​ល្អ​មាន​កម្រិត​ក្រោម​៧០​ដើម្បី​ជៀសវាង​ការ​គាំង​បេះដូង​ដោយ​ការ​ស្ទះ​នៅ​ថ្ងៃ​ក្រោយ
  • ប្រសិន​បើ​មាន​ការ​ពិបាក​ដក​ដង្ហើម ក្ដៅ​ខ្លួន ហូរ​ឈាម ​ឬ​ឆាប់​ឡើង​ជាំ មាន​ការ​ក​រោគ​នៅ​កន្លែង​វះកាត់ ​និង​ឡើង​ទម្ងន់​ខ្លាំង​ត្រូវ​ប្រញាប់​ទៅ​ជួប​ពេទ្យ​ភ្លាម​កុំ​បង្អង់​យូរ។

អត្ថបទពាក់ព័ន្ធ៖

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

· ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ យ៉ានណែត ដាញែល · កែ 02/06/2021

ផ្សព្វផ្សាយពាណិជ្ជកម្ម
ផ្សព្វផ្សាយពាណិជ្ជកម្ម
ផ្សព្វផ្សាយពាណិជ្ជកម្ម
ផ្សព្វផ្សាយពាណិជ្ជកម្ម