ការខឹងគឺជាផ្នែកមួយនៃអារម្មណ៍របស់មនុស្សយើងទូទៅ តែគ្រប់គ្នាក៏ត្រូវចេះទប់នឹងគ្រប់គ្រងកំហឹងរបស់ខ្លួនដែរ ព្រោះថាការខឹងនេះអាចនាំឲ្យយើងមានបញ្ហាជាមួយអ្នកដទៃបាន។ ការខឹងក៏អាចមានផលអាក្រក់សម្រាប់សុខភាពផ្លូវកាយនិងអារម្មណ៍របស់យើងផងដែរ។ យើងអាចគ្រប់គ្រងកំហឹងបានដោយរៀនយកមូលហេតុនៃកំហឹងនោះមកពិចារណា និងដើម្បីអាចគ្រប់គ្រងកំហឹងនេះបានគ្នាយើងសាកអនុវត្តវិធីសំខាន់ៗខាងក្រោមមួយចំនួននេះបាន៖
ហេតុអ្វីយើងត្រូវទប់កំហឹង?
កំហឹងមិនអាចនិយាយបានថាល្អឬអាក្រក់នោះទេ។ កំហឹងគឺជាអារម្មណ៍របស់មនុស្ស ដែលដើរតួសំខាន់ក្នុងការបញ្ចេញអារម្មណ៍របស់មនុស្សយើងមកខាងក្រៅឲ្យអ្នកដទៃបានដឹង ដូចជាពេលយើងកំពុងមានទុក្ខ និងអារម្មណ៍ផ្សេងទៀតនៅពេលដែលយើងត្រូវបានរំលោភបំពានក្នុងប្រការណាមួយ។ ជារឿងទូទៅអ្នកណាក៏មានពេលណាមួយនោះបានបញ្ចេញកំហឹងដែរ ដែលនេះជារឿងទូទៅ ទៅហើយនិងមិនចាំបាច់មានការព្យាបាលនោះទេ។ ប៉ុន្តែបើកំហឹងចាប់ផ្ដើមបង្កគ្រោះថ្នាក់ដល់អ្នកផ្សេងនៅជុំវិញខ្លួនក៏ដូចជារូបខ្លួនយើងផ្ទាល់វិញនោះ គឺត្រូវព្យាបាលហើយ។ យ៉ាងនេះហើយទើបមានវិធីច្រើនយ៉ាងណាស់ក្នុងការគ្រប់គ្រងកំហឹង ហើយបំប្លែងកំហឹងឲ្យទៅជាសកម្មភាពមានប្រយោជន៍វិញ។
អត្ថបទគួរអាន៖
- តើគួរញ៉ាំអាហារប្រភេទណាទើបល្អចំពោះសុខភាពផ្លូវចិត្ត?
- គេងអត់ឆ្អែត អាចមានបញ្ហាផ្លូវចិត្តច្រើន
- ក្បួនងាយៗជួយឲ្យសុខភាពផ្លូវចិត្តល្អ
តើគ្រប់គ្រងកំហឹងដោយរបៀបណា?
គោលបំណងនៃការគ្រប់គ្រងកំហឹងនោះគឺមិនមែនលាក់ទុកកំហឹងក្នុងចិត្តឲ្យកាន់តែធ្វើឲ្យយើងគ្រាំគ្រាទ្រាំលែងបាននោះទេ តែជាវិធីយល់ពីអារម្មណ៍នេះឲ្យច្បាស់និងមូលហេតុដែលធ្វើឲ្យអារម្មណ៍មានបែបនេះទៅវិញទេ។ ម្យ៉ាងទៀតគឺដើម្បីទប់កុំឲ្យកំហឹងបញ្ចេញជាសកម្មភាពណាមួយដែលបង្កគ្រោះថ្នាក់ដល់អ្នកដទៃ។ នៅពេលដែលយើងធ្វើបាន យើងមិនត្រឹមតែពេញចិត្តនឹងផលដែលបានប៉ុណ្ណោះទេ យើងថែមទាំងអាចមានសមត្ថភាពក្នុងការគ្រប់គ្រងអារម្មណ៍ប្រឆាំងក្នុងខ្លួនដោយមិនបង្កឲ្យមានបញ្ហាជាមួយនឹងទំនាក់ទំនងក្នុងសង្គមទៀតផង។
ខាងក្រោមនេះជាវិធីខ្លះៗដែលគ្នាយើងអាចយកទៅអនុវត្តបានក្នុងការគ្រប់គ្រងអារម្មណ៍ពេលដែលយើងខឹង៖
- គិតមុននឹងនិយាយ៖ យកពេលគិតឲ្យបានច្រើនមុននឹងនិយាយចេញមក ព្រោះពាក្យមួយម៉ាត់ៗដូចជាអាវុធអ៊ីចឹង។
- បញ្ចេញអារម្មណ៍មិនពេញចិត្តនៅពេលដែលចិត្តត្រជាក់៖ លើកយកបញ្ហាដែលកប់ទុកក្នុងចិត្តនោះមក ហើយរកវិធីរំសាយចេញក្នុងផ្លូវមួយដែលមិនបំពានលើនរណាម្នាក់។
- ដើរចេញ៖ ដើរឬរត់ហាត់ប្រាណ ធ្វើយ៉ាងណាបានបញ្ចេញកម្លាំងកាយដែលអាចបង្វែអារម្មណ៍ខឹងបាន។
- ចំណាយពេលធ្វើឲ្យត្រជាក់ចិត្ត៖ ទប់អារម្មណ៍មួយពេលហើយធ្វើចិត្តឲ្យត្រជាក់អាចជួយយើងដោះស្រាយឧបសគ្គផ្លូវចិត្តនេះបាន ហើយជៀសវាងភាពឆេវឆាវបានថែមទៀតផង។
- កំណត់វិធីដោះស្រាយដែលល្អ៖ ត្រូវចងចាំថាពេលឲ្យកំហឹងឈ្នះចិត្តយើង គឺគ្មានគុណប្រយោជន៍សម្រាប់អ្នកណានោះទេ។ ផ្ទុយទៅវិញការពិចារណាដ៏ត្រឹមត្រូវអាចធ្វើឲ្យការគិតផ្លាស់ប្ដូរហើយអាចមានវិធីដោះស្រាយដ៏ល្អ។
- សើចច្រើនចម្រើនអាយុ៖ លើកទឹកចិត្តខ្លួនឯង និងធ្វើឲ្យអារម្មណ៍ធូរស្រាលដោយការសើចគឺពិតជាមានប្រសិទ្ធភាពប៉ុន្តែកុំជ្រុលពេកអាចទៅជាចម្លែក។
- រៀនបន្ធូរអារម្មណ៍៖ ដកដង្ហើមមួយៗវែងៗ ធ្វើសមាធិនិង ហាត់យ៉ូហ្កា អាចជួយយើងគ្រប់គ្រងអារម្មណ៍បាន។ យើងអាចស្ដាប់ចម្រៀង សរសេរឬធ្វើអ្វីក៏បានដែលអាចធ្វើឲ្យយើងបំភ្លេចកំហឹងបានមួយពេល។
- រកជំនួយ៖ នៅពេលដែលកំហឹងទប់លែងបាន ត្រូវដឹងថាត្រូវរកជំនួយពីអ្នកណាឲ្យបានត្រឹមត្រូវដូចជានិយាយប្រាប់មិត្តភក្ដិ រកគ្រូពេទ្យឯកទេសដែលអាចជួយយើង កុំឲ្យឈានដល់កើតមានវិប្បដិសារីបាន។
- រៀនពីសិល្បៈក្នុងការគ្រប់គ្រងអារម្មណ៍៖ ការគ្រប់គ្រងអារម្មណ៍គឺពិបាកសម្រាប់គ្រប់គ្នា។ យើងអាចថានិយាយចេះតែស្រួលហើយ ពេលធ្វើផ្ទាល់បានដឹងថាពិបាក ប៉ុន្តែបើឧស្សាហ៍អនុវត្តទៅយើងនឹងទម្លាប់ហើយ។
អត្ថបទពាក់ព័ន្ធ៖
- ស្ត្រេសនឹងការងារ ធ្វើឲ្យប៉ះពាល់ដល់សុខភាពបេះដូង
- តិចនិកដោះស្រាយបញ្ហាផ្លូវអារម្មណ៍ ពិសេសអំឡុងពេលសម្ងំនៅតែផ្ទះ
- គ្រាន់តែញញឹមមានគុណប្រយោជន៍ស្ទើរមិនគួរឲ្យជឿ !
- ទុកទូរសព្ទឆ្ងាយខ្លួន កុំអនឡាញ ដើរលេងកាន់តែសប្បាយចិត្ត
- ៣សំណួរ អាចជួយយើងស្វែងរកអត្ថន័យ “ជីវិត”
ក្នុងករណីមានសំនួរឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុតសូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយគ្រូពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា ធ្វើរោគវិនិច្ឆ័យឬ ធ្វើការព្យាបាលជូនទេ៕