១- ចូលគេងយប់ជ្រៅ
បញ្ហាគេងមិនគ្រប់គ្រាន់ ឬទម្លាប់គេងមិនល្អ ជាមូលហេតុធ្វើឲ្យប្រព័ន្ធភាពស៊ាំការពាររាងកាយយើងខូចខាត។ ទម្លាប់គេងមិនល្អ មានទំនាក់ទំនងទៅនឹងមុខងារប្រព័ន្ធភាពស៊ាំចុះខ្សោយ និងចំនួនថយចុះកោសិកាឈាមស (T-Killer Cells) ដែលមាននាទីប្រយុទ្ធប្រឆាំងសម្លាប់ពពួកមេរោគចូលមកបៀតបៀនរាងកាយយើង។
ការស្រាវជ្រាវរកឃើញថា ប្រុសៗដេកត្រឹមតែ ៤ ម៉ោង/ថ្ងៃ រយៈពេលមួយសប្តាហ៍ មានត្រឹមតែពាក់កណ្តាលប៉ុណ្ណោះនៃចំនួនកោសិកាឈាមស សម្រាប់ប្រយុទ្ធជំងឺផ្តាសាយធំនៅក្នុងឈាម (អាចធ្វើឲ្យកើនឡើងសាជាថ្មីដោយថ្នាំចាក់បង្ការផ្តាសាយ) បើធៀបនឹងប្រុសៗគេងគ្រប់គ្រាន់ចន្លោះពី ៧,៥-៨,៥ ម៉ោង/ថ្ងៃ។
ជាទូទៅ មនុស្សធម្មតាត្រូវការគេងពី ៧-៩ ម៉ោង/យប់ ដោយគ្មានការរំខានបង្អាក់ដំណេកឡើយ។ ទោះយ៉ាងនេះក្តី ដើម្បីឲ្យកាន់តែប្រសើរ ត្រូវចេះកម្រិតថាមពលរបស់យើងនៅពេលព្រឹក និងពេញមួយថ្ងៃ ព្រោះបើយើងអស់កម្លាំងពេលភ្ញាក់ពីគេងនៅពេលព្រឹក មានន័យថា យើងគេងមិនបានគ្រប់គ្រាន់ ឬស្កប់ស្កល់ឡើយ។
២- ប្រើប្រាស់ប៊ិកសាធារណៈ
យើងងាយនឹងឆ្លងមេរោគ តាមរយៈការប៉ះពាល់ពីដៃមួយទៅដៃមួយទៀត។ ជំនួសការប្រើប្រាស់ប៊ិកដែលគេផ្តល់ជូន ដូចជា នៅធនាគារ កន្លែងផ្ទេរប្រាក់ ឬកន្លែងណាមួយទាមទារការប្រើប្រាស់ប៊ិក ចាំថាត្រូវប្រើប្រាស់ប៊ិករបស់យើងផ្ទាល់ ដើម្បីបន្ថយហានិភ័យជាប់ដោយមេរោគ។ ហេតុនេះ រាល់ពេលព្រឹកមុនពេលចាកចេញពីផ្ទះ សូមដាក់ប៊ិកនៅក្នុងកាបូប ហើយយកវាតាមជាមួយយើងទៅគ្រប់កន្លែងដែលយើងបានទៅ។ សូម្បីតែនៅការិយាល័យវេជ្ជបណ្ឌិតក៏ដោយ សូមកុំសន្មតថា ប៊ិកវេជ្ជបណ្ឌិតស្អាតឲ្យសោះ ត្រូវប្រើប្រាស់ប៊ិកផ្ទាល់ខ្លួនជាប់ជានិច្ច។