home

តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

ស្រីៗ​កុំ​ទាន់​អូស​រំលង! មហារីក​មាត់​ស្បូន​​គ្រោះថ្នាក់​ណាស់ គួរ​ការពារ​យ៉ាង​ម៉េច?

ស្រីៗ​កុំ​ទាន់​អូស​រំលង! មហារីក​មាត់​ស្បូន​​គ្រោះថ្នាក់​ណាស់ គួរ​ការពារ​យ៉ាង​ម៉េច?
ជា​មនុស្ស​ស្រី គ្នា​យើង​ច្បាស់​ជា​មាន​អារម្មណ៍​ខ្លួន​ឯងកម្សត់​ណាស់ ពិសេស​កម្លាំងក៏​មិន​សូវ​មាំមួន​ដូច​ប្រុសៗ អវយវៈ​ក្នុង​រាង​កាយ​សុទ្ធ​តែ​អាច​បង្ក​ជំងឺ​កាច​សាហាវ។ មាន​តែ​ស្រីៗ​គ្នា​យើង​ទេ​យល់​អារម្មណ៍​នេះ។
​អាន​ច្រើន​ចេះ​ច្រើន ការពារ​ប្រសើរ​ជាង​ព្យាបាល បើ​ចឹង​ពេល​នេះ “Hello គ្រូពេទ្យ” សូម​លើក​យក​ជំងឺ​កាច​សាហាវ​មួយ​ប្រភេទ​គំរាម​អាយុ​ជីវិត​ស្ត្រី​គ្នា​យើង​រៀង​រាល់​ឆ្នាំ មក​បក​ស្រាយ និង​វិធី​សាស្ត្រ​បង្ការ ​ព្យា​បាល នោះ​គឺ​មហារីក​មាត់ស្បូន។
១- #អីទៅជាមហារីកមាត់ស្បូន?
មហារីក ជាជំងឺ​ម្យ៉ាង​ពេល​កោសិកា​នៅ​ក្នុង​ខ្លួន ​មិន​អាច​គ្រប់​គ្រងការ​រីក​លូត​លាស់​ច្រើន​លើស​លប់ តែង​តែ​មាន​ឈ្មោះ​ទៅ​តាម​ទីតាំង ឬ​អវយៈ​ដែល​កើត។ ពេល​មហារីក​ចាប់​ផ្ដើម​កើត​នៅ​មាត់​ស្បូន ​គឺ​ត្រូវ​គេ​ចាត់​ទុក​ជា​ជំងឺ​មហារីក​មាត់​ស្បូន។ មាត់​ស្បូន​ស្ថិត​នៅ​ផ្នែក​ខាង​ក្រោម ​តូច​ចង្អៀត​ ​ខាង​ចុង​នៃ​ស្បូន​ ​ភ្ជាប់​យោនី​ទៅ​ផ្នែក​ខាង​លើ​នៃ​ស្បូន​ ​ជា​កន្លែង​ទារក​លូតលាស់ ​ពេល​ស្រីៗមាន​ផ្ទៃ​ពោះ។
២- #អការៈនិងរោគសញ្ញា
ដំណាក់​កាល​ដំបូង ​ មហារីក​មាត់​ស្បូន​អាច​មិន​លេច​ចេញ​អការៈ ​និង​រោគ​សញ្ញាអ្វី​ទេ ​ប៉ុន្ដែ​នៅ​ដំណាក់​កាល​បន្ទាប់ វាអាច​មាន​រោគ​សញ្ញា​មួយចំនួន៖
– មាន​ហូរ​ឈាម​ និង​ធ្លាក់​សខុស​ធម្មតា​ចេញ​ពី​ទ្វារមាស
– ហូរ​ឈាម​បន្ទាប់​ពី​រួមភេទ
– ឈឺ​ត្រគាក
បើ​ស្រីៗ​គ្នា​យើង​ជួប​ប្រទះ​រោគ​សញ្ញា​អស់​ទាំង​នេះ ​កុំ​អែរ​អង់​ទៅ​ជួប​ពិគ្រោះ​ជា​មួយ​គ្រូពេទ្យ​ជំនាញ​ ទទួល​បាន​ពិនិត្យ​ព្យាបាល​ឆាប់​រហ័ស ដើម្បី​រក្សា​ជីវិត។
៣- #គួរធ្វើដូចម្ដេច?
បើ​វេជ្ជ​បណ្ឌិត​ប្រាប់​ថា​ យើង​មាន​មហារីក​មាត់​ស្បូន​ ត្រូវសុំ​ឲ្យ​គាត់​ណែ​នាំ​យើងទៅ​ជួប​ជាមួយ​វេជ្ជបណ្ឌិត​ឯកទេស​មហារីក​ផ្នែក​រោគ​ស្រ្ដី​​ធ្លាប់​ទទួល​ធ្វើ​ការ​បណ្ដុះ​បណ្ដាល​ព្យាបាល​មហារីក​នៃ​ប្រព័ន្ធ​បន្តពូជ​ស្រ្ដី ដើម្បី​ឲ្យ​គាត់​អាច​​ស្វែងយល់ និង​រៀប​ផែន​ការ​ព្យាបាល​។
ការ​រីក​រាលដាល​នៃជំងឺ​នេះ តាម​រយៈ​ទំហំ​​កោសិកា​មហារីក​ និង​កម្រិត​រីក​រាលដាល​ ទើប​អាច​កំណត់​ដំណាក់​កាល​មហារីក​យើង​បាន​ ហើយ​ព័ត៌​មាន​ទាំង​អស់​ គឺ​សំខាន់​ណាស់​សម្រាប់​រៀប​ចំ​ផែន​ការ​ព្យា​បាល ​និងពិនិត្យ​តាម​ដាន​ការ​វិវត្ត​ជំងឺ ខណៈ​ជម្រើស​​ព្យាបាល​មាន​តិចតួច ​អាស្រ័យ​ទៅ​លើ​លក្ខណៈ​មហារីក​ និង​កម្រិត​​រីក​រាលដាល​របស់​វា ​មាន​ដូច​ជា៖
– វិធីវះកាត់៖ ត្រូវកាត់​ជាលិកា​មហារីក​ចេញ
– ព្យាបាលគីមី៖ ប្រើថ្នាំពិសេស​ដើម្បី​បង្រួញ ​និងសម្លាប់​មេរោគ​មហារីក។ ថ្នាំ​អាច​មាន​ជាថ្នាំលេប ​ឬថ្នាំ​ចាក់​តាម​សរសៃ​វ៉ែន ​ឬ​​អនុវត្ត​វិធី​ទាំង​ពីរតែម្តង​។
– ព្យាបាលដោយវិទ្យុសកម្ម៖ ប្រើ​កាំរស្មី​​មាន​ថាមពល​ខ្លាំងក្លា ​(ស្រដៀងនឹង​កាំរស្មីអ៊ិច​)​ ដើម្បី​សម្លាប់​មេរោគ​មហារីក។
៣- #ពេលណាគួរព្យាបាល?
កុំរង់​ចាំ​ទាល់​តែ​មាន​អការៈ ​និងរោគ​សញ្ញា​ចម្លែក​ ទើប​ទៅ​ជួប​គ្រូពេទ្យ​ឲ្យ​សោះ ត្រូវ​ពិនិត្យ​សុខភាព​រៀង​រាល់​មួយ​ឆ្នាំ​ម្ដង។ ​ពេល​ដល់​ដំណាក់​កាលបង្ក​ឲ្យ​មាន​​ហូរ​ឈាម ​និង​ធ្លាក់​ស ​ចេញ​ពី​ទ្វារមាស​ មាន​លក្ខណៈ​ខុស​ប្រក្រតី​ ដូចជា ​ហូរ​ឈាម​បន្ទាប់​ពី​រួមភេទ ​សូម​ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ​ជា​បន្ទាន់។
៤- #វិធីបង្ការមហារីកមាត់ស្បូន
ដើម្បី​គេច​ផុត​មហារីក​មាត់​ស្បូន ​ស្រីៗ​គ្នា​យើង​ត្រូវ​ពិចារណា​ទៅ​ពិនិត្យ​ស្បូន​ អំឡុង​ពេល​​ពិនិត្យ​សុខភាព​រាល់​មួយ​ឆ្នាំ​ម្ដង​ ហើយ​ការ​ធ្វើ​តេស្ត​ពិនិត្យ​កោសិកា​មាត់​ស្បូន​មាន ​២ វិធី អាច​ជួយ​បង្ការ​​មហារីក​បាន៖
– តេស្ត Pap៖ ​ស្វែង​រក​កោសិកា​​មាន​ទំនោរ​ទៅ​ជា​កោសិកា​មហារីក​ ព្រោះ​កោសិកា​ដែល​ប្រែប្រួល​នៅ​លើ​ កស្បូន ​អាច​ក្លាយ​ជាមហារីក ប្រសិន​មិន​បាន​ទទួល​ការ​ព្យាបាល​ត្រឹមត្រូវ​ ខណៈ​អាយុ​ស័ក្ដិសម​បំផុត​សម្រាប់​តេស្ត​នេះ​ គឺ​នៅ​វ័យ ២១ ឆ្នាំ
– តេស្ត HPV៖ ដើម្បី​រក​មើល​មេរោគ​អាច​ធ្វើ​ឲ្យ​កោសិកា​ទាំង​នោះ​ប្រែប្រួល។
កត្តា​សំខាន់​បំផុត​ អាច​បង្ការ​មហារីក​មាត់​ស្បូន ​គឺ​តេស្ត​ពិនិត្យ​ស្បូន​ចាប់​ផ្ដើម​ពី​អាយុ​ ២១ ឆ្នាំ​។
បើ​ការ​ពិនិត្យ​កោសិកា​មាត់ស្បូន​ ចេញ​លទ្ធផល​មក​ធម្មតា គ្នា​យើង​អាច​នឹង​មាន​ឱកាស​តិចតួច​បំផុត​ ​កើត​ជំងឺ​កាច​សាហាវ​នេះ​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​ ក៏​ជា​ហេតុផល ​វេជ្ជបណ្ឌិត​មិនទាមទារ​ពិនិត្យ​កោសិកា​ម្តង​ទៀត​ឡើយ​ អំឡុង​ពេល​ ៣ ឆ្នាំ។ បើ​គ្នា​យើង​មាន​អាយុ​៣០ ឆ្នាំ​ ឬចាស់​ជាង​នេះ ​​ប្រហែល​ជា​ត្រូវ​ជ្រើសរើស​ធ្វើតេស្ត​ HPV ​រួម​ទាំង​តេស្ត ​Pap​ ផង​ដែរ។ នៅពេល​លទ្ធផល​ទាំង​ពីរ​ចេញ​មក​ធម្មតា ​វេជ្ជបណ្ឌិត​អាច​ណែ​នាំ​យើង​រង់ចាំ​រយៈ​ពេល​ ៥ ​ឆ្នាំ ដើម្បី​ពិនិត្យ​ម្ដង​ទៀត​ ប៉ុន្ដែយើងនៅ​ត្រូវ​តែ​ទៅ​ជួប​គ្រូពេទ្យ​ ដើម្បី​ពិនិត្យ​សុខភាព​ឲ្យ​បាន​ទៀងទាត់។
ស្រីៗ​មាន​អាយុ​ចាប់​ពី​ ២១-​៦៥ ​ឆ្នាំ​ ត្រូវ​តែ​បន្ត​ធ្វើ​តេស្ត​ Pap ​ដោយ​ផ្ទាល់​ពី​វេជ្ជបណ្ឌិត​​ ព្រោះ​វា​សំខាន់​ខ្លាំង​ណាស់​ ទោះបី​គ្នាយើង​គិត​ថា​​វ័យ​ចំណាស់​ហួស​ពេល​មាន​កូន ឬ​ឈប់​រួមភេទ​ក្ដី។ យ៉ាង​ណា​ បើ​វ័យ​ចាស់​ជាង​អាយុ ​៦៥ ឆ្នាំ ​និង​ធ្លាប់​មាន​លទ្ធផល​ធម្មតា​ពី​ការ​ធ្វើ​តេស្ត​ Pap​ ឬក៏​អ្នក​ធ្លាប់​ធ្វើ​ការ​វះកាត់​ស្បូន​ចេញ​ ដោយសារ​លក្ខខណ្ឌ​ណា​មួយ​មិន​មែន​មហារីក​ ដូច​ជា ​ករណី​ដុំសាច់​ fibroids​ គឺ​មិន​តម្រូវ​ពិនិត្យ​ត​ទៅ​ទៀត​ឡើយ។
បង្ការដោយចាក់វ៉ាក់សាំង៖ ជាវិធី​បង្ការ​មួយ​ផ្សេង​ទៀត​ដើម្បី​កុំ​ឲ្យ​មហារីក​មាត់​ស្បូន​ តាម​រយៈ​វ៉ាក់សាំង ​HPV ​មាន​ ២ប្រភេទ ​អាច​រក​បាន​ សម្រាប់ចាក់​ការពារ​ពី​មេរោគ ​HPV​ ដែល​ជា​មូលហេតុ​ចម្បង​មួយ បង្ក​ទៅ​ជាមហារីក​មាត់​ស្បូន ​មហារីក​យោនី ​និង​មហារីក​ស្បូន។
វ៉ាក់សាំង​ទាំង​​ ២ ​ប្រភេទ​នេះ​ ត្រូវ​បាន​ណែនាំ​សម្រាប់​អាយុ​ពី ១១-២៦ ឆ្នាំ ដែលមិន​ធ្លាប់​ចាក់​វ៉ាក់សាំងនេះ​ទាល់​តែ​សោះ​ ពេល​នៅ​ក្មេង ខណៈ​អាយុ​ទាប​បំផុត​អាច​ទទួល​វ៉ាក់សាំង​នេះ​គឺ​នៅ​វ័យ ៩ ឆ្នាំ។ វេជ្ជបណ្ឌិត​​ណែនាំ​ស្រី​គ្នា​យើង​គួរ​ទទួល​ការ​ចាក់​វ៉ាក់សាំង​មាន​យីហោ​ដូចគ្នា ​៣ ដង​ តាម​​អាច​ទៅ​រួច។ ​ចាំ​​ថា ​ទទួល​បាន​ការ​ចាក់​វ៉ាក់សាំង​ប្រឆាំង​មេរោគ​ HPV​ នៅ​តែ​ត្រូវ​ការ​ពិនិត្យ​កោសិកា​មាត់​ស្បូន​ដើម្បី​ពិនិត្យ​រក​មហារីក​មាត់​ស្បូន​ដដែល។
– វិធីបន្ថយហានិភ័យមហារីកស្បូន៖ ហាម​ជក់​បារី ត្រូវ​ប្រើប្រាស់​ស្រោម​អនាម័យ​ពេល​រួមភេទ និងកំណត់​ចំនួន​ដៃ​គូ​រួមភេទ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត​ សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​ វេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​ការ​ព្យាបាល​ជូន​ទេ៕

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ប្រភព

Cancer. http://www.cdc.gov/tobacco/basic_information/health_effects/cancer/. Accessed October 20, 2016.

Cervical Cancer – Patient Version. http://www.cancer.gov/types/cervical. Accessed October 20, 2016.

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ យ៉ានណែត​ នីគែល កែសម្រួល​ចុងក្រោយ 10/01/2019
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត