បើនិយាយទៅដល់ជំងឺប្រមេះ គឺចែកចេញជាពីរ ប្រមេះទឹកបាយ និង ប្រមេះទឹកថ្លា ហើយជំងឺនេះមិនងាយបង្កគ្រោះថ្នាក់ដល់ជីវិតនោះទេ ប៉ុន្ដែវាអាចបង្កដោយប្រយោល ដោយការរាលដាលទៅជាជំងឺផ្សេងទៀត មកបំផ្លាញជីវិតអ្នកជំងឺបាន។ បើដូច្នេះនៅតែជារឿងមួយគួរឲ្យភ័យខ្លាចបើសិនគ្មានវិធានការព្យាបាលឲ្យទាន់ពេលវេលានោះ។
ជាទូទៅហើយ ដែលជំងឺប្រមេះឆ្លងតាមការរួមភេទដោយមិនបានការពារឲ្យត្រឹមត្រូវ អ្នកចម្លងជំងឺភាគច្រើនមិនដឹងឡើយថា ខ្លួនមានផ្ទុកជំងឹនេះ ហើយបានឆ្លងពីភពណាឲ្យប្រាកដ ឬកើតជំងឺដោយខ្លួនឯងក៏មិនបានដឹង។ ជំងឺប្រមេះអ្នកចាប់ផ្ដើមកើតដំបូងមិនបង្ហាញរោគសញ្ញាអ្វីនោះទេ ទើបជាហេតុបង្កការចម្លងទៅកាន់ដៃគូយ៉ាងងាយ ដោយការរួមភេទមិនបានការពារ។ មានអ្នកជំងឺខ្លះអាចត្រូវចំណាយពេលយូទើបងបង្ហាញរោគសញ្ញា ភាគច្រើនពួកគេ និយាយថា គឺគ្មានអារម្មណ៍ថាកើតទាល់តែសោះ បើមិនបានពិនិត្យធ្វើតេស្ដស្វែងរក។
អត្ថបទគួរអាន៖
ផលអាក្រក់ដែលអ្នកជំងឺប្រមេះបង្ហាញរោគសញ្ញា ចំពោះស្រី គឺមានធ្លាក់ស ពិបាកនោម ធ្លាក់ឈាមខុសពីធម្មតាពេលមករដូវ និង ភាគច្រើនទៀតអាចមានការហូរខ្ទុះចេញពីមាត់ស្បូន តាមទ្វារមាស។ បើចំពោះបុរសវិញគឺ មានសភាព នោមក្ដៅឆួល ក្រហាយ មានខ្ទុះនៅចុងលិង្គពេលនោមហើយ ទឹកនោមក្ដៅមានពណ៌ល្អក់ បើធ្ងន់ធ្ងរបន្ដិចអាចឈានទៅដល់ការហើមនៅតំបន់ពងស្វាស ក៏មាន។
រោគសញ្ញាទាំងនេះស្ថិតក្នុងដំណាក់កាលដំបូង អ្នកជំងឺមិនថាបុរសឬស្ដ្រីនោះទេគឺ ភាគច្រើនមិនសូវចាប់អារម្មណ៍ ពិនិត្យធ្វើតេស្ដនោះទេ ពួកគេតែងតែគិតថា គឺជាជំងឺដែលកើតឡើងស្រាលធម្មតា អាចនឹងបាត់ទៅវិញពេលណាមួយ។ ដូច្នេះការណ៍ដែលមិនបានយកចិត្ដទុកដាក់ ព្យាបាល ឬបណ្ដោយទុកឲ្យយូរនោះនឹងបង្កហារនិភ័យដូចជា៖ វាអាចបង្កឲ្យកើតជំងឺ រលាកអាងត្រគាក ឈឺអាងត្រគាករ៉ាំរ៉ៃ ប៉ះពាល់សមត្ថភាពបង្កកំណើត ការអាប់សែក្រពេញ Bartholin និងអាចឈានទៅដល់មហារីកមាត់ស្បូន។ ចំពោះបុរសវិញ អាចបង្កឲ្យអសមត្ថភាពបង្កកំណើត រលាកពងស្វាស រលាកក្រពេញប្រូស្ដាត ត្បៀតបំពង់បង្ហួរនោម ជាដើម។
![ប្រមេះ](https://cdn.hellokrupet.com/wp-content/uploads/2022/05/4edf14ec-.jpg)
សរុបមកការកើតជំងឺប្រមេះ ថ្វីត្បិតតែវាមិនអាចធ្វើឲ្យយើងគ្រោះថ្នាក់ដល់ជីវិតភ្លាមៗ ប៉ុន្ដែវាក៏តែងតែបង្កការរំខានដល់ក្ដីសុខរស់នៅ រហូតដល់ពេលមួយដែលវានឹងបង្កទៅជំងឺថ្មីផ្សេងទៀត ដែលអាចគំរាមកំហែងដល់ជីវិត។ ក្នុងស្ថានដែលគ្នាយើងជួបប្រទះនឹងរោគសញ្ញមិនប្រក្រតី ដូចដែលបានបង្ហាញខាងលើ គួរតែប្រញាប់ទៅជួបពិគ្រោះជាមួយគ្រូពេទ្យ ដែលនៅក្បែរឲ្យបានលឿន ដើម្បីទទួលការធ្វើរោគវិនិច្ឆ័យ ព្យាបាលឲ្យទាន់ពេលវេលា ជៀសវាងជំងឺកាន់តែធ្ងន់ធ្ងរ។
ចង់គណនា BMR ចុចទីនេះ!