ចូលវ័យជ្រេហើយ គួរដឹងតិចនិកថែទាំភ្នែកឲ្យនៅភ្លឺ មានសុខភាពល្អ

    ចូលវ័យជ្រេហើយ គួរដឹងតិចនិកថែទាំភ្នែកឲ្យនៅភ្លឺ មានសុខភាពល្អ

    តាម​ពិត​ទៅ យើង​គ្រប់​គ្នា​គួរ​តែ​រៀន​ថែ​ទាំ​ភ្នែក​ឲ្យ​មាន​សុខភាព​តាំង​ពី​នៅ​ក្មេងៗ​ម្ល៉េះ ដើម្បី​ពេល​វិវត្ត​វ័យ​ទៅ​ភ្នែក​នៅ​តែ​ភ្លឺ​មើល​ច្បាស់​។ នៅ​ពេល​ដែល​វ័យ​យើង​កាន់​តែ​ដើរ​ទៅ​មុខ ហើយ​បើ​មិន​បាន​ថែ​ទាំ​ល្អ​ទៀត សុខភាព​ភ្នែក​អាច​ខ្សោយ​ចុះ ងាយ​នឹង​កើត​ជំងឺ​ភ្នែក​ផ្សេងៗ។ ប៉ុន្តែ បើ​យើង​ចង់​ឲ្យ​ភ្នែក​មើល​ច្បាស់​មិន​ងាយ​ឈឺ អាច​ចាប់​ផ្ដើម​ថែ​ទាំ​ភ្នែក​តាម​ ៤ តិចនិក​ ខាង​ក្រោម ធានា​ភ្នែក​មាន​សុខភាព​ល្អ ទោះ​វ័យ​ច្រើន​ទៅ​ក៏​ដោយ។

    ១.គេង​ឲ្យ​បាន​គ្រប់​គ្រាន់

    ភ្នែក​យើង​ត្រូវ​ការ​គេង​យ៉ាង​តិច​ ៥ម៉ោង​/យប់ ដើម្បី​ដំណើរ​ការ​បាន​ល្អ​អំឡុង​ពេល​ថ្ងៃ។ ដូច​នេះ​ការ​គេង​មិន​បាន​គ្រប់​គ្រាន់​អាច​ជា​ហេតុ​ធ្វើ​ឲ្យ​ភ្នែក​ញាក់ ភ្នែក​ស្ងួត និង​ឡើង​សរសៃ​ក្រហម​។

    ២.សម្រាក​ពី​អេក្រង់

    ជា​ទូទៅ អ្នក​ដែល​ធ្វើ​ការ​ជាមួយ​កុំព្យូទ័រ កម្រ​នឹង​ធ្មេច​ភ្នែក​ណាស់ ព្រោះ​កំពុង​ផ្ចង់​អារម្មណ៍​ធ្វើ​ការ ដែល​ជាហេតុ​ធ្វើ​ឲ្យ​ភ្នែក​ស្ងួត ស្ពឹក ឬ​មិន​ស្រណុក។ យើង​គួរ​ដាក់​ពន្លឺ​អេក្រង់​ឲ្យ​បាន​សម​នឹង​ភ្នែក​ទទួល​បាន សម្រាក​ភ្នែក​រាល់​២០​នាទី និង​ត្រូវ​ឧស្សាហ៍​ធ្មេច​ភ្នែក​ពេល​កំពុង​បំពេញ​ការងារ។

    ៣.ញ៉ាំ​អាហារ​ផ្ទុក​សារធាតុ​ប្រឆាំង​អុកស៊ីដកម្ម​ខ្ពស់

    អាហារ​មួយ​ចំនួន​ដែល​ផ្ទុក​សារធាតុ​ប្រឆាំង​អុកស៊ីដកម្ម អាច​កាត់​បន្ថយ​ហានិភ័យ​ជំងឺ​ភ្នែក និង​បញ្ហា​ខូច​ភ្នែក​ដោយ​សារ​ត្រូវ​ពន្លឺ​ថ្ងៃ ផ្សែង​បារី និង​ខ្យល់​ពុល។ យើង​អាច​រក​វា​បាន​នៅ​ក្នុង​ស៊ុត បន្លែ​បៃ​តង ម្ទេស​ប្លោក​ក្រហម និង​លឿង ប៉េង​ប៉ោះ។ល។

    ៤. ពិនិត្យ​សុខភាព​ភ្នែក​ជា​ប្រចាំ

    ចំណុច​នេះ ជា​ចំណុច​សំខាន់​បំផុត​​ថែ​រក្សា​ភ្នែក​ឲ្យ​មាន​សុខភាព​ល្អ ជា​ពិសេស​សម្រាប់​មនុស្ស​ចាស់។ យើង​គួរ​ពិនិត្យ​ភ្នែក​យ៉ាង​តិច​ ២ឆ្នាំ/ម្តង ដើម្បី​មើល​ស្ថានភាព​ភ្នែក ឬ​ព្យាបាល​ជំងឺ​ភ្នែក​ផ្សេងៗ​មុន​នឹង​វា​ចេញ​រោគសញ្ញា​ខ្លាំង។

    ភ្នែក

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ប្រភព

    https://blog.illinoiseyecenter.com/blog/5-ways-to-keep-your-eyes-healthy-in-your-20s-and-30s

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ នាង សុខុមដាលីញ៉ា កែសម្រួល​ចុងក្រោយ 18/12/2020
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត