អត្ថបទមុនៗ “Hello គ្រូពេទ្យ” ធា្លប់ប្រាប់ស្រីៗយើងពាក់ព័ន្ធវិធីសាស្ត្រត្រឹមត្រូវស្របច្បាស់ដើម្បីរំលូតកូន ប៉ុន្តែគ្នាយើងនៅមិនទាន់ដឹងថា ក្រោយរំលូតដោយលេបថ្នាំ យើងអាចនឹងប្រឈមមុខបញ្ហាអ្វីខ្លះនៅឡើយ។ អ៊ីចឹង សូមអានអត្ថបទខាងក្រោមនេះសិន ព្រោះសំខាន់ខ្លាំងសម្រាប់សុខភាពគ្នាយើងស្រីៗដែលរំលូតកូន។
១- រំលូតកូនដោយលេបថ្នាំ
រំលូតកូនដោយលេបថ្នាំ តម្រូវឲ្យមានតំហែទាំសុខភាព ខុសពីការរំលូតដោយប្រើឧបករណ៍បូម ហើយមូលហេតុតម្រូវឲ្យមានតំហែទាំសុខភាពដោយប្រុងប្រយ័ត្ន គឺដោយសារការរំលូតកូនដោយប្រើថ្នាំ មានលក្ខណៈស្រដៀងគ្នានឹងការរលូតកើតឡើងដោយឯកឯង។ ក្រោយធ្វើការរំលូត យើងត្រូវបន្តតាមដានជាមួយគ្រូពេទ្យ បន្ទាប់ពីធ្លាក់ឈាមរយៈពេល ២ សប្តាហ៍។
២- វិធីថែទាំ
ជាទូទៅ ២-៣ ថ្ងៃក្រោយសំណល់ក្នុងស្បូនធ្លាក់អស់ យើងអាចត្រឡប់ទៅធ្វើការងារប្រចាំថ្ងៃដូចធម្មតា ប៉ុន្តែគប្បីចៀសវាងលើករបស់ធ្ងន់ៗ និងតមរួមភេទក្នុងរយៈពេល ២ សប្តាហ៍។ មួយវិញទៀត ពេលចាប់ផ្តើមរួមភេទ ត្រូវពន្យារកំណើត។ ករណីនេះ គួរប្រើស្រោមអនាម័យដើម្បីការបង្ការឆ្លងមេរោគ។
គួរចៀសវាងលាងសម្អាតផ្នែកខាងក្នុងទ្វារមាស ដើម្បីកាត់បន្ថយហានិភ័យឆ្លងមេរោគផ្សេងៗដែលអាចបង្កឲ្យមានជំងឺរលាកសរីរាង្គអាងត្រគាកណាមួយ។
[embed-health-tool-ovulation]
៣- បញ្ហាប្រឈមក្រោយរំលូតកូន
ក្រោយការរំលូតដោយថ្នាំលេប ស្រីៗយើងភាគច្រើនអាចនឹងជួបបញ្ហាមួយចំនួន ដូចជា៖
– មានធ្លាក់ ឬហូរឈាមតាមទ្វារមាសតិចតួចអំឡុង ២ សប្តាហ៍ដំបូង បើអាយុកូនលើស ៧ សប្តាហ៍។ ករណីធ្លាក់ឈាម អាចនឹងយូរជាងនេះ។
– មានអាការៈឈឺរមួលដូចពេលមករដូវ រយៈពេល ២-៦ សប្តាហ៍។
– មានអារម្មណ៍ប្រែប្រួលមិនទៀង។ អារម្មណ៍យើងអាចផ្លាស់ប្តូរពីធូរស្បើយ ទៅជាមានអារម្មណ៍ថាខុស សោកសៅ ឬការបាត់បង់។
៤- ពេលណាគួរទៅជួបគ្រូពេទ្យ?
ត្រូវរួសរាន់ទៅពេទ្យជាបន្ទាន់ បើប្រទះមានសញ្ញាណាមួយដូចខាងក្រោម៖
– ធ្លាក់ឈាមខ្លាំង ទាំងការរំលូតដោយឧបករណ៍ និងប្រើថ្នាំ សុទ្ធតែបង្កឲ្យមានឈាមធ្លាក់ គ្រាន់តែមានសភាពខុសគ្នាពីការធ្លាក់ឈាមរដូវ។ ប៉ុន្តែ សញ្ញាបញ្ជាក់ថាយើងធ្លាក់ឈាមមានសភាពធ្ងន់ធ្ងរ ដូចជា ធ្លាក់ឈាមមានសភាពដុំៗ ទំហំធំជាងបាល់កូនហ្គោល ក្នុងរយៈពេលលើសពី ២ ម៉ោង ឬធ្លាក់ឈាមជោកសម្លីអនាម័យ ២ បន្ទះក្នុងរយៈពេល ១ ម៉ោង បន្តធ្លាក់លើសពី ២ ម៉ោង ឬធ្លាក់ឈាម ១២ ម៉ោងជាប់គ្នា។
– រោគសញ្ញាឆ្លងមេរោគ មានដូចជា ឈឺក្បាល ឈឺតាមសាច់ដុំ វិលមុខ ឬក៏អស់កម្លាំង។ ទោះបីជាសីតុណ្ហភាពក្នុងខ្លួនធម្មតាក្តី ក៏យើងអាចមានការឆ្លងមេរោគដូចគ្នា។
– មានអាការៈឈឺពោះមិនបាត់
– មានអារម្មណ៍ក្តៅពេញខ្លួន ឬក្តៅខ្លួនលើស ៤ ម៉ោង
– ក្អួតលើសពី ៦ ម៉ោង
– ហើមពោះខុសពីធម្មតា
– ចង្វាក់បេះដូងលោតញាប់ខុសធម្មតា
– ហូរសារធាតុរាវខុសពីធម្មតាតាមទ្វារមាស
– ឈឺត្រង់ប្រដាប់ភេទ។
បើគ្រូពេទ្យសង្ស័យថា ការរំលូតយើងបរាជ័យ ច្បាស់ជាតម្រូវឲ្យធ្វើការរំលូតដោយប្រើឧបករណ៍បូមម្តងទៀត ដើម្បីចៀសវាងករណីរំខានផ្សេងទៀត។
អត្ថបទគួរអាន៖
- ស្រីៗមករដូវមិនទៀង ក្រោយចាក់វ៉ាក់សាំងកូវីដ-១៩ គួរបារម្ភអត់?
- ធ្លាក់កំណកឈាមធំៗពេលមករដូវ បណ្ដាលមកពីអ្វី?
- អំឡុងពេលមករដូវ ស្រីៗអាចញ៉ាំអាហារជូរបានអត់?
- មករដូវច្រើន និងឈឺចាប់ អាចមកពីបញ្ហាសុខភាពមួយនេះ
- មូលហេតុមកឈាមរដូវតិចជាងធម្មតា អាចមកពីហេតុផលទាំងនេះ
- ពណ៌ឈាមរដូវ អាចបញ្ជាក់ឲ្យដឹងពីបញ្ហាសុខភាពមនុស្សស្រី