បញ្ហាបែកញើស រួមជាមួយនឹងការផលិតជាតិខ្លាញ់កាន់តែច្រើន អាចបណ្តាលឲ្យយើងឡើងមុនដោយមិនដឹងខ្លួននៅរដូវក្តៅនេះ ជាពិសេសសម្រាប់អ្នកដែលមានស្បែកខ្លាញ់។ ដូច្នេះហើយ ដើម្បីជៀសវាងពីបញ្ហាស្បែកផ្សេងៗនៅរដូវក្តៅ គ្នាយើងអាចអនុវត្តន៍គន្លឹះទាំង៥នេះ។
គន្លឹះងាយៗទាំង៥ ថែទាំស្បែកនៅរដូវក្តៅ សម្រាប់អ្នកដែលមានស្បែកខ្លាញ់
១. លាបក្រែមផ្តល់សំណើម
ថ្វីត្បិតតែផ្ទៃមុខយើងអាចមានជាតិខ្លាញ់ច្រើនជាងធម្មតា ក៏យើងចាំបាច់ត្រូវប្រើក្រែមផ្តល់សំណើម ដើម្បីបំពេញជាតិទឹកដល់ស្បែក ព្រមទាំងបញ្ចៀសការបញ្ចេញជាតិខ្លាញ់ពីស្បែកច្រើនជ្រុលផងដែរ ហើយក្រែមផ្តល់សំណើមដែលស័ក្តិសមអំឡុងពេលនេះ គឺជាក្រែមផ្តល់សំណើមដែលមានសភាពស្រាល។
២. ប្រើក្រដាសបឺតខ្លាញ់
នៅរដូវក្តៅនេះ គ្នាយើងគួរតែមានក្រដាសបឺតខ្លាញ់នៅតាមខ្លួនជានិច្ច។ នៅពេលដែលស្បែកឡើងប្រេងខ្លាញ់ខ្លាំង នោះយើងអាចយកមកជូតនៅបរិវេណដែលមានខ្លាញ់ ប៉ុន្តែគួរជៀសវាងប្រើក្រដាសបឺតខ្លាញ់ច្រើនជ្រុល ដែលអាចបំផ្លាញខ្លាញ់ល្អៗនៅលើផ្ទៃមុខរបស់យើងបាន។
![ស្បែកខ្លាញ់២](https://cdn.hellokrupet.com/wp-content/uploads/2023/04/ស្បែកខ្លាញ់២-scaled.jpg)
៣. ប្រើទឹកជូតមុខ (Toners)
ទន្ទឹមនឹងនេះដែរ យើងមិនគួររំលងការប្រើទឹកជូតមុខឡើយ ពីព្រោះទឹកជូតមុខ ដើរតួនាទីយ៉ាងសំខាន់ជួយឲ្យស្បែកទន់ល្មើយ បង្រួមរន្ធញើស ក៏ដូចជាជួយគ្រប់គ្រងការផលិតជាតិខ្លាញ់ដែលលើស។
៤. ប្រើម៉ាសបិទមុខធម្មជាតិ
បន្ថែមពីនេះ យើងគួរចាប់ផ្តើមប្រើម៉ាសបិទមុខធម្មជាតិ ដូចជាម៉ាសផ្លែចេក និងទឹកឃ្មុំ ឬម៉ាសប្រទាលកន្ទុយក្រពើ និងទឹកឃ្មុំ ដើម្បីជួយកម្ចាត់ជាតិខ្លាញ់ដែលលើស និងជាតិពុលចេញពីស្បែក ព្រមទាំងជួយឲ្យស្បែកស្រស់ថ្លា និងម៉ត់រលោងនៅរដូវក្តៅនេះ។
៥. ជៀសវាងលាងសម្អាតមុខញឹកញាប់ពេក
ប្រសិនបើយើងលាងសម្អាតមុខញឹកញាប់ពេក នោះអាចធ្វើឲ្យស្បែកមុខរបស់យើងស្ងួត ដែលជាហេតុនាំឲ្យរាងកាយផលិតជាតិខ្លាញ់កាន់តែច្រើនលើសដើម។ ហេតុនេះហើយ យើងគួរលាងសម្អាតមុខតែ២ដងក្នុងមួយថ្ងៃ ទើបជាការប្រសើរ។
អត្ថបទគួរអាន៖