ប៉ាម៉ាក់ពិតជាមិនសប្បាយចិត្ត ឬអាចខឹងកូនទៀតផងពេលកូនធ្វើអ្វីមួយមិនត្រូវចិត្ត ឬមិនធ្វើតាមការណែនាំរបស់ខ្លួន។ សម្រាប់ប៉ាម៉ាក់ខ្លះអាចទប់ចិត្ត និងកែសម្រួលស្ថានការដោយណែនាំកូនបែបអហិង្សា តែក៏មានប៉ាម៉ាក់ខ្លះអាចចង់ដាក់ទណ្ឌកម្មកូនដោយប្រើរំពាត់ក៏មាន។ យ៉ាងណា បើប៉ាម៉ាក់គិតថាចង់ប្រើរំពាត់ដាក់ទណ្ឌកម្មកូន ត្រូវដឹងរឿងទាំងនេះសិន។
១. តើពិតជាចាំបាច់ត្រូវប្រើរំពាត់?
មុនសម្រេចចិត្តប្រើរំពាត់អប់រំកូន តើប៉ាម៉ាក់បានប្រើអស់វិធីបែបអហិង្សាហើយឬនៅ? ប៉ាម៉ាក់បានអប់រំណែនាំកូនផ្ទាល់មាត់ ផ្ដល់ជាឧទាហរណ៍ និងប្រាប់ពីផលវិបាកផ្សេងៗ ដែលកូនគួរដឹងហើយឬយ៉ាងណា។ បើវិធីនេះមិនមានប្រសិទ្ធភាព ប៉ាម៉ាក់ទំនងជាគិតចង់ប្រើរំពាត់ម្ដង តែថាការប្រើរំពាត់ មានប្រទេសមួយចំនួនចាត់ទុកថាជាអំពើខុសច្បាប់។ ថ្វីបើប្រទេសខ្លះមិនចាត់ទុកថាខុសច្បាប់ តែក៏ត្រូវគេចាត់ទុកជាការរំលោភបំពានលើរាងកាយ ហើយសហគមន៍មិនអាចទទួលយបានដែរ។ ម្យ៉ាង ការប្រើអំពើហិង្សាលើកូន អាចជ្រុលដៃបង្កជាអំពើហិង្សាធ្ងន់ធ្ងរ នោះប៉ាម៉ាក់ក៏អាចនឹងមានអារម្មណ៍ស្ដាយក្រោយវិញដែរ។
២. អប់រំដោយហិង្សាប៉ះពាល់អារម្មណ៍កូន
ការសិក្សាជាច្រើនបានរកឃើញថាការប្រើរំពាត់វាយអប់រំកូនមិនបានធ្វើឲ្យកូនកែប្រែឥរិយាបថនោះទេ តែធ្វើឲ្យកូនមានឥរិយាបថកាន់តែអាក្រក់ទៅវិញ។ បន្ទាប់ពីត្រូវរំពាត់កូនអាចមានអារម្មណ៍ថាមិនមានអ្នកស្រឡាញ់ និងដូចត្រូវគេបោះបង់ចោល។ ជំនួសឲ្យការកែប្រែឥរិយាបថពីមិនល្អមកល្អ ក្មេងអាចព្យាយាមលាក់កំបាំងកំហុសឆ្គងរបស់ខ្លួនធ្វើទាក់ទងនឹងឥរិយាបថមិនល្អរបស់ខ្លួនទៅវិញ។
ការសិក្សាបង្ហាញថាក្មេងដែលរងអំពើហិង្សាដោយការវាយដំច្រើនមានចំណុចមួយចំនួនដូចខាងក្រោម៖
- ផ្នែកពណ៌ប្រផេះក្នុងខួរក្បាលមានតិច(ទាក់ទងនឹងដំណើរការព័ត៌មានផ្សេងៗក្នុងខួរក្បាល)
- សមត្ថភាពរៀនសូត្រទាប
- មានបញ្ហាផ្លូវចិត្ត ដូចជាថប់បារម្ភ និងបាក់ទឹកចិត្ត
- ផឹកគ្រឿងស្រវឹង ឬប្រើថ្នាំញៀនខុសច្បាប់
- មិនទុកចិត្តអ្នកដទៃ
- ពេលធំឡើងក្លាយជាប្តី ឬប្រពន្ធចូលចិត្តប្រើហិង្សា
- អាចប្រព្រឹត្តអំពើខុសច្បាប់
- ស្លាប់នៅវ័យក្មេង។
បើសិនជាយើងមិនចង់ឃើញកូនស្ថិតក្នុងចំណុចទាំងនេះ សូមពិចារណាឡើងវិញចំពោះការដាក់ទណ្ឌកម្មកូនដោយប្រើរំពាត់ ឬទម្រង់ហិង្សាផ្សេងៗ។
[embed-health-tool-vaccination-tool]
៣. កុំវាយកូននៅមុខអ្នកផ្សេង
បើប៉ាម៉ាក់គិតថាត្រូវតែអប់រំដោយរំពាត់ទើបកូនធ្វើតាម ឬកែប្រែឥរិយាបថ ប៉ាម៉ាក់កុំវាយកូននៅមុខអ្នកដទៃ ឬសូម្បីតែនៅមុខកូនផ្សេងទៀត។ ការត្រូវប៉ាម៉ាក់វាយនៅមុខអ្នកដទៃ អាចធ្វើកូនមានអារម្មណ៍ខ្មាសគេ ឬខឹងខ្លាំងជាដើម។ ការធ្វើឲ្យកូនខ្មាសគេខ្លាំង អាចធ្វើឲ្យក្មេងមានឥរិយាបថមិនល្អកាន់តែខ្លាំងទៅវិញ មិនបានជួយឲ្យគេកែប្រែឥរិយាបថនោះទេ។
៤. ផ្ដល់ការព្រមានចុងក្រោយមុនប្រើរំពាត់
ការប្រើរំពាត់ ឬទម្រង់ហិង្សាផ្សេងទៀត សម្រាប់អប់រំកូនអាចធ្វើឲ្យកូនតូចចិត្ត ខឹង ភ័យ ឬតក់ស្លុត។ ប៉ាម៉ាក់ខ្លួនឯងត្រូវតែយល់ពីប្រតិកម្មដែលអាចកើតមានលើកូន បើសិនជាពិតជាចង់ប្រើរំពាត់មាន។
យ៉ាងណា ដូចដែលបាននិយាយអ៊ីចឹង ជាធម្មជាតិកូននឹងយំមុនពេល អំឡុងពេល និងក្រោយពេលប៉ាម៉ាក់វាយ ដែលហេតុនេះហើយបានជាមានការណែនាំមិនឲ្យប្រើរំពាត់ ឬទម្រង់នៃហិង្សាផ្សេងៗសម្រាប់អប់រំកូន។
បើគ្មានជម្រើសគិតថាត្រូវតែប្រើរំពាត់ ប៉ាម៉ាក់សូមផ្ដល់ឱកាសចុងក្រោយឲ្យកូន ដោយផ្ដល់ជាការព្រមានចុងក្រោយមួយ បើកូនមិនធ្វើតាម ឬកែប្រែចាំប៉ាម៉ាក់សម្រេចចិត្តជាថ្មី។ ប៉ាម៉ាក់អាចព្រមានកូនថា «បើកូនមិនប្រមូលរបស់លេងទុកដាក់ត្រឹមត្រូវទេ កូននឹងត្រូវរំពាត់មិនខាន» ការព្រមានបែបនេះ អាចធ្វើឲ្យកូនធ្វើតាម ដោយខ្លាចថាត្រូវរងទណ្ឌកម្ម។
អត្ថបទគួរអាន៖
- ដឹងគន្លឹះទាំងនេះ ការពារកូនពីបញ្ហាស្បែកក្នុងខែរងា
- គួរដឹង! កំហុស ៣ យ៉ាងម៉ាក់ប៉ាអាចធ្វើពេលកូនក្តៅខ្លួន
- ឃើញសញ្ញាទាំងនេះ អាចថាអូនៗកំពុងមានបញ្ហាប្រព័ន្ធរំលាយអាហារហើយ
- សារធាតុ Gluten ជាអ្វី? ហេតុអ្វីកុមារមួយចំនួនគួរចៀសវាង?
- អាហារល្អសម្រាប់សុខភាពក្រពះ–ពោះវៀនកូន ម៉ាក់ៗគួរជ្រើសរើស
- កូនកើតជំងឺពងបែកមាត់ដៃជើងគួរថែទាំម៉េច?