គ្នាយើងតែងគិតថា ការចិញ្ចឹមកូនតែឯង ច្រើនតែផ្ដល់ផលអវិជ្ជមានដល់ក្មេង ទាំងបញ្ហារឿងលុយកាក់ និងការផ្ដល់វេលាដល់កូនជាដើម។ ប៉ុន្តែ តាមពិតទៅ កូនដែលធំធាត់ឡើងក្រោមការចិញ្ចឹមបីបាច់តែពីម៉ាក់ ឬប៉ាតែម្នាក់ ក៏អាចទទួលបានគុណប្រយោជន៍មួយចំនួនដូចគ្នា។
១. បង្កើនភាពជិតស្និទ្ធរវាងកូននឹងប៉ា ឬម៉ាក់
ជាក់ស្ដែង ការចំណាយពេលនៅតែពីរនាក់កូន អាចជួយបង្កើនទំនាក់ទំនងកាន់តែជិតស្និទ្ធ និងរឹងមាំ ជាងការចិញ្ចឹមកូនជាមួយនឹងដៃគូទៅទៀត ពីព្រោះថាប៉ា ឬម៉ាក់កំពុងដើរតួនាទីដ៏សំខាន់នៅក្នុងជីវិតរបស់កូន និងមានផ្នែកមួយដែលមិនអាចខ្វះបាន។
២. ចែករំលែកទំនួលខុសត្រូវ
ពិតណាស់ ការបែងចែកភារកិច្ច និងទំនួលខុសត្រូវប្រចាំថ្ងៃនៅក្នុងគ្រួសារ មានសារៈសំខាន់ណាស់ពីព្រោះចំណុចនេះ អាចឲ្យកូនដឹងពីតម្លៃនៃការទទួលខុសត្រូវទាំងនោះ ព្រមទាំងមានមោទកភាពចំពោះកិច្ចការប្រចាំថ្ងៃរបស់ខ្លួនថែមទៀតផង។
៣. រៀនវិធីដោះស្រាយជម្លោះ
ទន្ទឹមនឹងនេះដែរ ក្មេងដែលរស់នៅជាមួយតែប៉ា ឬម៉ាក់ អាចឃើញជំនាញសម្របសម្រួលជម្លោះដោយផ្ទាល់។ ដូច្នេះហើយ ក្មេងអាចចូលរួម និងសហការនៅក្នុងការសម្របសម្រួលប្រកបដោយប្រសិទ្ធភាព។ ជាងនេះទៅទៀត កូនក៏អាចប្រឈមនឹងការខកចិត្តតាំងពីក្មេង ដោយតម្រូវឲ្យពួកគេមានភាពរឹងមាំផ្នែកខាងផ្លូវចិត្ត និងមិនងាយបាក់ទឹកចិត្ត ទោះជាជួបបញ្ហាមួយចំនួននៅក្នុងជីវិតយ៉ាងណាក្ដី។

៤. ដឹងថាខ្លួនជាអាទិភាពចម្បងក្នុងគ្រួសារ
មួយវិញទៀត កូនដែលចិញ្ចឹមបីបាច់ដោយម៉ាក់ ឬប៉ាតែឯង យល់ដឹងយ៉ាងច្បាស់ថា ខ្លួនជាអាទិភាពចម្បងនៅក្នុងគ្រួសារ បើទោះជាអ្នកផ្សេងទៀត មិនផ្ដល់តម្លៃឲ្យយ៉ាងណាក៏ដោយ។ គំនិតវិជ្ជមានមួយនេះ អាចជួយឲ្យក្មេងត្រៀមខ្លួនរួចជាស្រេចក្នុងការប្រឈមនឹងបញ្ហា ឬឧបសគ្គនានាដែលកើតឡើងនៅក្នុងសង្គមសព្វថ្ងៃនេះ ប្រកបដោយសុទិដ្ឋិនិយម។
ចំណុចសំខាន់
ប៉ា ឬម៉ាក់ចិញ្ចឹមកូនតែឯង តែងមានផលអវិជ្ជមានដល់កូនមួយចំនួនដូចជា បញ្ហារឿងលុយកាក់ និងការផ្តល់ពេលវេលាដល់កូនជាដើម។ ប៉ុន្តែ មិនថ្វីទេ ពីព្រោះកូនដែលមានតែប៉ា ឬម៉ាក់តែម្នាក់ក៏អាចទទួលគុណប្រយោជន៍មួយចំនួន ដូចជា៖
១. បង្កើនភាពជិតស្និទ្ធរវាងកូន និងយើង
២. ចេះចែករំលែកទំនួលខុសត្រូវ
៣. រៀនវិធីដោះស្រាយជម្លោះ
៤. ដឹងថាខ្លួនជាអាទិភាពចម្បងក្នុងគ្រួសារ។