ទារកបញ្ចេញខ្យល់ ឬផោមជាញឹកញាប់ជារឿងធម្មតានោះទេ តែបើហើមពោះញឹកញាប់នោះទើបគួរឲ្យបារម្ភ។ លោកស្រីវេជ្ជបណ្ឌិតឯកទេសកុមារ គុជ ឆោមដាលីន បម្រើការងារនៅមជ្ឈមណ្ឌលវេជ្ជសាស្ត្រសិង្ហបុរី ថា ក្មេងហើមពោះអាចបណ្តាលមកពីវិបាកជំងឺផ្សេងៗដូចជាការរលាកពោះវៀន ឯករណីមួយទៀត អាចមកពីរបបអាហាររបស់ម្តាយ ដែលញ៉ាំអាហារផ្អាប់ ជូរ ផ្អូម បន្លែឆៅ ផឹកថ្នាំខ្មែរ ឬស្រាត្រាំ ហើយបំបៅដោះកូន។ ចំពោះកូនធំ អាចញ៉ាំអាហារបាន មកពីការអាលែកហ្ស៊ីនឹងសារធាតុណាមួយ ឬក៏ញ៉ាំបន្លែឆៅ។
“យើងជឿគ្រប់គ្នាផឹកថ្នាំខ្មែរ ស្រាថ្នាំ ធ្វើឲ្យឆ្អិនសរសៃម្តាយ សម្បូរទឹកដោះឲ្យកូនម៉ឹម តែតាមពិតជាគ្រឿងពុល ពេលបំបៅដោះកូន ធ្វើឲ្យកូនទៅជារលាកពោះវៀន ហើមពោះ’។ លោកស្រីវេជ្ជបណ្ឌិតរៀបរាប់។
លោកស្រីវេជ្ជបណ្ឌិតថា ការព្យាបាលអាការៈហើមពោះទៅតាមមូលហេតុជាក់ស្តែង បើមកពីចំណីអាហារម្តាយ យើងត្រូវផ្លាស់ប្តូររបបអាហារ បើមកពីផឹកថ្នាំខ្មែរ ម្តាយត្រូវបញ្ឈប់ភ្លាម។ ចំពោះការព្យាបាលវិញ គ្រូពេទ្យឯកទេសកុមាររូបនេះថា គ្រូពេទ្យអាចឲ្យប្រើថ្នាំមួយចំនួន ដើម្បីឲ្យដើរខ្យល់ស្រួល ហើយព្យាបាលឫសគល់ តើកូនហើមពោះមកពីអ្វីឲ្យប្រាកដ។