ចំពោះគ្នាយើងមានកូនតូចៗ វិធីសាស្ត្រមួយអាចដឹងពីស្ថានភាពសុខភាពកូន គឺតាមដានទៅលើលាមកកូន ព្រោះសណ្ឋានលាមកអាចប្រាប់ឲ្យម៉ាក់ប៉ាដឹងច្រើនពីសុខភាពរបស់កូន។ ដោយសារបែបនេះហើយ ទើបម៉ាក់ប៉ាមួយចំនួនកើតជាក្ដីបារម្ភពេលឃើញលាមកអាអូនប្រែប្រួលក្រោយផ្លាស់ពីបៅទឹកដោះម្ដាយទៅបៅទឹកដោះគោម្សៅវិញ។
អ្វីដែលមាននៅក្នុងខោទឹកនោមអាអូនគឺជាការជះឥទ្ធិពលពីអ្វីដែលយើងជាម៉ាក់ប៉ាផ្ដល់ឲ្យកូន។ ចំពោះទារកបៅដោះម្ដាយ និងទារកបៅទឹកដោះគោ ជាទូទៅ លាមកកូនតែងមានលក្ខណៈមិនដូចគ្នាទេ។ នេះបើតាមការឲ្យដឹងពីលោកស្រីវេជ្ជបណ្ឌិត កុសល កណិការ ឯកទេសជំងឺកុមារ។
ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!
វេជ្ជបណ្ឌិតសញ្ញាប័ត្រពីប្រទេសបារាំងបានបកស្រាយថា សម្រាប់ទារកដែលបៅទឹកដោះគោ លាមកកូនមានពណ៌លឿង ឬពណ៌ត្នោត និងមានសភាពខាប់ៗ ស្រដៀងនឹងប៊័រសណ្ដែកដី ហើយលាមកអាអូនក៏មានក្លិនស្អុយជាងក្មេងបៅទឹកដោះម្ដាយ។
ហេតុអ្វីបានជាលាមកកូនមានភាពខុសគ្នា? ដូចដែលគ្រូពេទ្យកុមារ Margaret Morris ពន្យល់ វាគ្រាន់តែជាបញ្ហានៃរាងកាយសម្របខ្លួនទៅនឹងអ្វីដែលកូនយើងញ៉ាំ។ ពពួកបាក់តេរី (Microflora) នៅក្នុងក្រពះ-ពោះវៀនកូន ប្រែប្រួល អាស្រ័យលើប្រភេទអាហារដែលកំពុងរត់ឆ្លងកាត់ប្រព័ន្ធរំលាយអាហារ ហើយទឹកដោះគោម្សៅមានលក្ខណៈខុសពីទឹកដោះម្ដាយ។
បន្ថែមពីលើនេះ ប្រសិនបើកូនបៅទឹកដោះគោម្សៅ នោះអាអូនអាចនឹងមិនសូវជុះញឹកដូចពេលអាអូនបៅទឹកដោះម្ដាយទេ ព្រោះម៉ូលេគុលនៃទឹកដោះគោម្សៅមិនងាយរំលាយដូចទឹកដោះម្ដាយ។ ប៉ុន្តែ ម៉ាក់ប៉ាមិនចាំបាច់បារម្ភទេ បើអាអូនជុះញឹកញាប់ក្រោយបៅទឹកដោះគោម្សៅ ជាពិសេសនៅក្នុងសប្ដាហ៍ដំបូងៗ។