backup og meta

Gangliosides ៖ អាហារូបត្ថម្ភដ៏សំខាន់សម្រាប់កូនជួយដល់ការលូតលាស់ខួរក្បាល និងការសិក្សា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Sep 21, 2022

    Gangliosides ៖ អាហារូបត្ថម្ភដ៏សំខាន់សម្រាប់កូនជួយដល់ការលូតលាស់ខួរក្បាល និងការសិក្សា

    ប៉ា​ម៉ាក់​ណា​ក៏​មិន​ខុស​គ្នា​ដែរ​ តែង​តែង​ចង់​ឃើញ​កូន​មាន​សុខ​ភាព​ល្អជៀសឆ្ងាយ​ពី​ជំងឺ​ផ្សេងៗ ពិសេស​មាន​ការ​លូត​លាស់​ផ្នែក​ខួរ​ក្បាល​ល្អ បាន​ន័យ​ថា​កូន​មាន​បញ្ញា​ស្មារតី​ល្អ និង​រៀន​បាន​ពូ​កែ ឬ​គេ​ហៅ​ថា​កូន​មាន​ IQ ខ្ពស់ ​។

    ប៉ុន្តែ​អ្វី​ដែល​ប៉ា​ម៉ាក់​ចង់​បាន​ទាំង​នេះ​មិន​មែន​កើត​ចេញ​មក​ដោយ​មិន​មានការ​ជួយ​ជ្រោមជ្រែង​ពី​ប៉ា​ម៉ាក់​នោះ​ទេ​។ ​របប​អាហារ​ត្រឹម​ត្រូវ មជ្ឈដ្ឋាន​រស់​នៅ និង​ការ​ហ្វឹក​ហាត់​ខួរ​ក្បាល​ពី​តូច​បាន​ល្អ​ គឺ​ជួយ​ឲ្យ​កូន​មាន​ការ​វិវត្ត​ខួរ​ក្បាល​បាន​ល្អ​ ជួយ​បង្កើន​កម្រិត​ IQ របស់​កូន​​។ ទោះបី​ជា​ខួរ​ក្បាល​ក្មេង​បន្ត​លូត​លាស់​ចាប់​តាំងពី​ទើប​កើត​រហូត​ដល់​វ័យ​ជំទង់​ក្ដី ប៉ុន្តែ​មជ្ឈមណ្ឌល​គ្រប់គ្រង ​និង​បង្ការ​ជំងឺ (CDC) របស់​សហរដ្ឋ​អាមេរិក​ បាន​លើក​ឡើង​ថា​ក្នុង​រយៈ​ពេល​​ ៨​ឆ្នាំ​ដំបូង​ជា​ពេល​ដែល​ខួរ​ក្បាល​កូន​ត្រូវ​លូត​លាស់ កសាង​មូលដ្ឋាន​គ្រឹះ​សម្រាប់​​ការ​សិក្សា​ សុខ​ភាព​ និង​ជោគជ័យ​នៃ​ជីវិត​នា​ថ្ងៃ​អនាគត។​

    ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!

    ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!

    តើ​ IQ ជា​អ្វី​​​​?​

    IQ គឺ​ជា​ខ្នាត​មួយ​ដែល​គេ​វាស់​វែង​ទៅ​សមត្ថភាព​នៃការ​ស្វែង​រក​ហេតុផល និង​ដោះស្រាយ​បញ្ហា ដែល​គេ​គិត​ថា​ក្មេង​មានកម្រិត ​IQ ខ្ពស់​មាន​លទ្ធ​ភាព​ទទួល​បាន​ជោគជ័យ​ខ្ពស់​ក្នុង​ការ​សិក្សា​​។ កម្រិត ​IQ ជាមធ្យម​នៅ​ត្រឹម​ ១០០ ប៉ុន្តែ​ការ​សិក្សា​រក​ឃើញ​ថា​មនុស្ស​ប្រហែល​ជា ៦៨ ​ភាគ​រយ​មាន​ IQ ចន្លោះ​ពី​ ៨៥​ ទៅ ១១៥​។ សម្រាប់​អ្នក​មាន​កម្រិត​ IQ ខ្ពស់​ជាង​ ១៤០ ត្រូវ​គេ​ចាត់ទុក​ថា​ជាមនុស្ស​មាន​ពិ​ន្ទុខ្ពស់​អស្ចារ្យ​ម្នាក់​។ ផ្ទុយ​មក​វិញ សម្រាប់​ក្មេង​​មាន​កម្រិត IQ ទាប​ជាង​ ៧៥ ត្រូវ​គេ​ចាត់​ទុក​ថា​ជា​ក្មេង​ដែល​អាច​ប្រឈម​ក្នុង​ការរៀនសូត្រ​មិន​បាន​ល្អ​។ ​ ​

    កូន​លូតលាស់

    បើ​អីចឹង​ធ្វើ​ម៉េច​ដើម្បី​កូន​មាន​ខួរ​ក្បាល​ល្អ និង​មាន ​IQ ខ្ពស់?

    តាម​ការ​ណែ​នាំ​របស់​អង្គការ​សុខភាព​ពិភព​លោក ក៏​ដូច​ជា​ក្រ​សួង​សុខាភិបាល ម្ដាយ​គួរ​បំបៅ​ដោះ​កូន​ឲ្យ​បាន​យ៉ាង​តិច​ ៦​ខែ ឬ​ច្រើន​ជាង​នេះ​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​។ មួយ​វិញ​ទៀត ការ​ផ្ដល់​ទឹក​ដោះ​ដំបូង​ឲ្យ​កូន​ពិត​ជា​មាន​សារសំខាន់​ណាស់​​សម្រាប់​ការ​ផ្ដល់​ប្រព័ន្ធ​ការពារ​រាង​កាយរឹងមាំដល់​កូន និង​ការ​លូត​លាស់​ខួរ​ក្បាល​របស់​កូន​។ 

    ក្នុង​ទឹក​ដោះ​ម្ដាយ​មាន​ផ្ទុក​សារធាតុ​ម្យ៉ាង​ឈ្មោះ​ថា ហ្គេងឃ្លីអូសាយ (​Gangliosides) ដែល​ជា​​សារធាតុ​មួយ​ដើរ​តួ​យ៉ាង​សំខាន់​ក្នុង​ការ​អភិវឌ្ឍ​ខួរ​ក្បាល​របស់​កូន​។ ​ការ​សិក្សា​រក​ឃើញ​ថា​ក្នុង​ទឹក​ដោះ​ដំបូង​មាន​សារធាតុ ​​Gangliosides ចំនួន ​២៦,៨​ មិល្លីក្រាម​ក្នុង​មួយ​លីត្រ និង​ទឹក​ដោះ​បន្ត​បន្ទាប់​មក​ទៀត​អាច​មាន​ប្រហែល​ ១៨,៩ មិល្លីក្រាម​ក្នុង​មួយ​លីត្រ​។ Gangliosides ក្រៅ​ពី​មាន​ក្នុង​ទឹក​ដោះ​ម្ដាយ​ក៏​គេ​រក​ឃើញ​មាននៅ​ក្នុង​ឈាម ជាលិកា និង​ខួរ​ក្បាល​ផង​ដែរ​។ មួយ​វិញទៀត ​Gangliosides ឥឡូវនេះក៏​​ឃើញ​មាន​ក្នុង​ផលិត​ផល​ទឹក​ដោះ​គោ​ម្សៅមួយ​ចំនួន​ដែលជា​បច្ចេកវិទ្យាថ្មីមួយ

    ក្រៅពី​នេះ នៅ​មាន​ការ​សិក្សា​​មួយ​​បាន​ពិសោធ​ទៅ​ក្មេង​ពីរ​ក្រុម​ដោយ​មួយ​ក្រុម ត្រូវ​គេ​ផ្ដល់​​របប​អាហារ​មាន​ផ្ទុក​ ​​Gangliosides និង​មួយ​ក្រុម​ទៀត​ផ្ដល់​របប​អាហារ​ដែល​មិនមាន​ផ្ទុក ​​Gangliosides។ តាម​រយៈការ​ពិសោធន៍ ក្មេង​ដែល​បាន​ទទួល​អាហារមាន​ផ្ទុក​ ​​Gangliosides រហូត​ដល់​ ៦ខែ មាន​ការលូត​លាស់​ផ្នែក​ខួរ​ក្បាល​ល្អជាង និង​ពិន្ទុ​ IQ ខ្ពស់​ជាង​​ក្មេង​ដែល​មិន​បាន​ទទួល​ ​​​Gangliosides ​ក្នុង​របប​អាហារ​។​

    អត្ថបទគួរអាន៖

    ក្រៅ​ពី​អត្ថប្រយោជន៍​ដល់​ការ​លូត​លាស់​ផ្នែក​ខួរ​ក្បាល ​Gangliosides ក៏​មាន​ប្រយោជន៍​ជួយ​ដល់​សុខភាព​ក្រពះ​ពោះ​វៀន​កូន​ដូច​គ្នា​។​ ការ​សិក្សា​មួយ​ធ្វើ​ឡើង​នៅ​ប្រទេស​ម៉ាឡេស៊ី​​រក​​ឃើញ​ថា​សារធាតុ ​Gangliosides មាន​ប្រយោជន៍​ជួយ​គ្រប់​គ្រងប្រព័ន្ធ​ភាព​ស៊ាំ ជួយ​ដល់​ការ​លូត​លាស់​របស់​ក្រពះ​ពោះ​វៀន​កូន និង​ជួយ​ប្រឆាំង​ការ​ឆ្លង​មេរោគ​តាម​ពោះ​វៀន​​​ផង​ដែរ​។

    ក្រៅ​ពី​របប​អាហារ​ CDC អាមេរិក​ក៏​បាន​ណែ​នាំ​ដែរ​ថា ការ​និយាយ​លេង​ជាមួយ​កូន​ ​និង​ការ​យក​ចិត្ត​ទុក​ដាក់​ប្រកប​ដោយ​ក្ដី​ស្រឡាញ់​ពី​ប៉ា​ម៉ាក់ ក៏​រួម​ចំណែក​ជួយ​ឲ្យ​ខួរ​ក្បាល​កូន​តូច​លូតលាស់​បាន​ល្អ​ដែរ​។​ ​

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ទូច សុខា · កែ Sep 21, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម