យើងដឹងហើយថា ក្មេងខ្វះជាតិដែកធ្វើឲ្យស្លេកស្លាំង ដោយសារតែគ្រាប់ឈាមក្រហមធ្លាក់ចុះ។ បើតាមការលើកឡើងរបស់លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត ជាន សុផល ប្រធានផ្នែកជំងឺឈាមកុមារ នៃមន្ទីរពេទ្យកុមារជាតិ មិនត្រឹមតែស្លេកស្លាំងទេ ក្មេងដែលខ្វះជាតិដែករយៈពេលយូរ ក្មេងមិនសូវមានសកម្មភាពរាងកាយ ការលូតលាស់យឺតជាងក្មេងដទៃ ឈឺច្រើន បញ្ញាស្មារតីថយចុះ។
“យើងឃើញថា សកម្មភាពក្មេងហ្នឹងមិនសូវរស់រវើក កូនហ្នឹងមិនសូវរឹងប៉ឹងល្អ ខ្វះជាតិដែកយូរ ធ្វើឲ្យការវិវត្តខួរក្បាលថយចុះ”។ លោកវេជ្ជបណ្ឌិតរៀបរាប់។
គ្រាន់តែក្មេងស្លេកស្លាំង ហេតុអីបានប៉ះពាល់ដល់ខួរក្បាល? លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិតឯកទេសរោគកុមាររូបនេះបានពន្យល់ថា ខ្វះជាតិដែក ធ្វើឲ្យគ្រាប់ឈាមក្រហមធ្លាក់ចុះ ការដឹកជញ្ជូនអុកស៊ីសែនទៅចិញ្ចឹមខួរក្បាលមិនសូវបានគ្រប់គ្រាន់នោះទេ។ មួយវិញទៀត ជាតិដែក មានប្រយោជន៍សម្រាប់ការវិវត្ត ការលូតលាស់ប្រព័ន្ធប្រសាទ បើខ្វះជាតិដែកធ្វើឲ្យខួរក្បាលចោទជាបញ្ហា។
ស្លេកស្លាំងជាជំងឺខ្វះគ្រាប់ឈាមក្រហម ហើយក៏មានជំងឺជាច្រើនទៀតក៏ធ្វើឲ្យស្លេកស្លាំងដែរ។ លោកវេជ្ជបណ្ឌិតថា បើសង្ស័យកូនស្លេកស្លាំងដោយសារខ្វះជាតិដែក ម៉ាក់ប៉ាត្រូវប្រញាប់នាំកូនទៅជួបពេទ្យជំនាញធ្វើរោគវិនិច្ឆ័យ ព្រោះការព្យាបាលជំងឺស្លេកស្លាំងដោយខ្វះជាតិដែកងាយស្រួលនោះទេ តែការធ្វើរោគវិនិច្ឆ័យជាការលំបាក។
[embed-health-tool-vaccination-tool]