២. ឧស្សាហ៍ជជែកជាមួយកូន និងអានឲ្យកូនស្ដាប់
នៅពេលដែលប៉ាម៉ាក់ជជែកជាមួយកូនច្រើនប៉ុណ្ណា ពួកគេនឹងមានភាពឆ្លាតវៃច្រើនប៉ុននោះដែរ។ ការលេងហ្គេមលក្ខណៈបែបបង្រៀនសាមញ្ញៗ ដូចជាសួរកូនអំពីឈ្មោះ ឬរាប់វត្ថុ នឹងបង្កើនភាពឆ្លាតវៃរបស់ក្មេងបន្ថែមទៀត។ ប៉ាម៉ាក់អាចបង្កើនពិន្ទុIQ របស់ក្មេងចំនួន៦ពិន្ទុ ដោយការធ្វើបែបនេះរយៈពេលពីរបីឆ្នាំ នៅពេលដែលពួកគេនៅក្មេង។ ប៉ុន្តែ វាមិនសូវមានអត្ថប្រយោជន៍នោះទេ ប្រសិនបើប៉ាម៉ាក់ទើបតែចាប់ផ្ដើមនៅពេលដែលកូនអាយុបាន៤ឆ្នាំទៅហើយនោះ។
ចំណែកឯការអានឲ្យកូនស្ដាប់ក៏មានអត្ថប្រយោជន៍ខ្ពស់ដូចគ្នា ជាពិសេស គឺឲ្យកូនមានការចូលរួមជាមួយនឹងយើង ដោយសួរសំណួរងាយៗទៅកូនទាក់ទងទៅនឹងសាច់រឿង ព្រមទាំងអានដោយការលើកដាក់សំឡេង និងផ្លាស់ប្ដូរអារម្មណ៍ទើបជាការប្រសើរ។

៣. រំពឹងថាកូននឹងឆ្លាតវៃ
ទោះបីជាវាជាយុទ្ធសាស្ត្រដ៏សាមញ្ញយ៉ាងណាក្តី ប៉ាម៉ាក់មួយចំនួននៅតែមិនធ្លាប់បានដឹងអំពីការផ្លាស់ប្ដូរដ៏ធំមួយនេះឡើយ។ ចិត្តវិទូជាច្រើនបានអប់រំថា នៅពេលដែលយើងគិតថាយើងឆ្លាតជាងមុន យើងនឹងឆ្លាតជាងមុនពិតមែន ហើយភាពឆ្លាតវៃនេះដែរមិនមែននៅនឹងថ្កល់នោះទេ វាអាចផ្លាស់ប្ដូរ និងកើនឡើងបាន។ ដូច្នេះហើយ ប៉ាម៉ាក់គួរនិយាយប្រាប់កូនថា ពួកគេឆ្លាត ឬរំពឹងថាពួកគេឆ្លាត ដើម្បីឲ្យកូនមានគំនិតវិជ្ជមាន និងកាន់តែព្យាយាមបន្ថែមទៀត។