backup og meta

កូនមានសភាពស្លេកស្លាំង ដោយសារកង្វះជាតិដែក អាចជាបញ្ហាមួយនេះ

ត្រួតពិនិត្យដោយ គ្រូពេទ្យឯកទេស. វេជ្ជ. ទ្រី លីធាង · ជំងឺកុមារ · មន្ទីរពេទ្យកុមារជាតិ


អត្ថបទ​ដោយ សុខ វណ្ណ · កែ Sep 11, 2023

    កូនមានសភាពស្លេកស្លាំង ដោយសារកង្វះជាតិដែក អាចជាបញ្ហាមួយនេះ

    ជំងឺស្លេកស្លាំងអាច​កើត​លើកុមារដែល​បណ្ដាល​មកពី​ខ្វះជាតិដែកហើយ​បណ្តាលឱ្យកុមារស្លេកស្លាំង។ ម៉េចបានជាខ្វះជាតិដែកបង្កឱ្យកុមារស្លេកស្លាំង? ហើយជំងឺនេះបង្កផលវិបាក​សុខភាពអ្វីខ្លះដល់កុមារ? ម៉ាក់ប៉ាគួរការពារកូនពីការខ្វះជាតិដែកដោយរបៀបណា?

    លោកវេជ្ជបណ្ឌិត ទ្រី លីធាង ឯកទេសរោគកុមារ និងជំងឺឈាមលើកុមារ​នៅមន្ទីរ​ពេទ្យ​កុមារជាតិ​បាន​ឱ្យ​ដឹងថា ជាតិដែកជាសារធាតុរ៉ែដែលមាន​​មុខងារក្នុងការចូលរួមសំយោគ DNA នៅក្នុងកោសិកា និងជាសារធាតុផ្សំមួយយ៉ាងសំខាន់របស់ហ៊ីម (Heme) ដែលមាននៅក្នុងម៉ូលេគុល​ហេម៉ូក្លូប៊ីន (Hemoglobin) ​របស់​គ្រាប់​ឈាមក្រហម។

    ដូច្នេះហើយនៅពេលខ្វះជាតិដែក ការផលិតហ៊ីមនៅ​ក្នុង​គ្រាប់ឈាម​ក្រហមមិនបានល្អ ទើបបង្កឱ្យទៅជាខ្វះគ្រាប់​ឈាមក្រហម ហើយស្តែងជា​ភាព​ស្លេកស្លាំង។

    ១. រោគសញ្ញាស្លេកស្លាំងដោយសារខ្វះជាតិដែកលើកុមារ

    កុមារដែលស្លេកស្លាំងដោយសារខ្វះជាតិដែកអាចមានរោគសញ្ញាដូចជា៖

    • ស្លេកស្លាំងជាងក្មេងធម្មតា
    • ចង្វាក់បេះដូងដើរញាប់ (ដកដង្ហើមញាប់)
    • ឆាប់អស់កម្លាំង ឬខ្សោយ
    • មិនសូវលូតលាស់
    • ក្រចកស្តើង និងងាយរបក
    • ឬអាចរើសញុំាចំណីប្លែកៗដូចជា ដី ធ្យូង ក្បឿង។ល។
    លោកវេជ្ជបណ្ឌិត ទ្រី លីធាង
    លោកវេជ្ជបណ្ឌិត ទ្រី លីធាង ឯកទេសរោគកុមារ និងជំងឺឈាមលើកុមារ​នៅមន្ទីរ​ពេទ្យ​កុមារជាតិ

    ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

    ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!

    ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!

    ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!

    ២. ផលប៉ះពាល់នៃជំងឺស្លេកស្លាំងដោយសារខ្វះជាតិដែកលើកុមារ

    ក. លូតលាស់យឺត

    គ្រាប់ឈាមក្រហមមានមុខងារដឹកនាំអុកស៊ីសែន និងសារធាតុចិញ្ចឹមទៅគ្រប់កោសិកា។ បើកុមារ​ខ្វះ​ជាតិដែក ការផលិតគ្រាប់ឈាមក្រហមក៏ថយចុះ។ ដូច្នេះការដឹកនាំអុកស៊ីសែន និង​សារធាតុ​ចិញ្ចឹម​ទៅគ្រប់កោសិកាក៏អត់ល្អដែលជាហេតុធ្វើឱ្យកុមារខ្វះសារធាតុចិញ្ចឹម និងលូតលាស់យឺត។

    ខ. ខ្សោយបេះដូង

    បេះដូងមាននាទីច្រចាច់ឈាមដើម្បីនាំយកសារធាតុចិញ្ចឹម និងអុកស៊ីសែនទៅឱ្យកោសិកា។ នៅពេលកុមារស្លេកស្លាំងខ្លាំងដោយសារខ្វះជាតិដែក មានន័យថាការផលិតគ្រាប់ឈាម​មានការថយចុះ។ ពេលនោះ​បេះដូង​ត្រូវខំធ្វើការច្របាច់ឈាមជាងធម្មតា ហើយយូរៗទៅសាច់ដុំ​បេះដូង​​ដែលខំប្រឹងច្របាច់ឈាមបន្ថែមនឹងចុះខ្សោយ។

    គ. បាក់ទឹកចិត្ត

    ខួរក្បាលត្រូវការជាតិដែកដើម្បីផលិតអ័រម៉ូនដូប៉ាមីន( dopamine) ដែលធ្វើឱ្យយើង​រីករាយ។ កាលណា​រាងកាយ​កូនខ្វះជាតិដែក ខួរក្បាលផលិត​អ័រម៉ូនដូប៉ាមីនតិច ឬមិនផលិតដែលបណ្តាល​ឱ្យកូន​មាន​បញ្ហាផ្លូវចិត្ត​ដូចជា បាក់ទឹកចិត្ត ឬថប់បារម្ភដែលប៉ះពាល់ដល់ការអភិវឌ្ឍខួរក្បាល និង​ប្រាជ្ញា​សា្មរតី។

    ៣. វិធីការពារ

    ម៉ាក់ប៉ាអាចការពារ ឬកាត់បន្ថយកុំឱ្យកូនកើតជំងឺស្លេកស្លាំងដោយសារ​​​​​ខ្វះជាតិដែកដោយ៖

    ម៉ាក់ៗពពោះ៖ ម៉ាក់ៗត្រូវការពារកូនពីការខ្វះជាតិដែកតាំងពីពេលម៉ាក់ៗពពោះម្ល៉េះ ព្រោះឈាមរបស់ម៉ាក់ៗ​ក៏​ដឹកនាំ​ចូលទៅឈាមកូនដែរដើម្បីចិញ្ចឹមកូនឱ្យលូតលាស់។ ដូច្នេះ ម៉ាក់ៗត្រូវញុំាថ្នាំជាតិដែក​ឱ្យបាន​គ្រប់ចំនួនដើម្បីចៀសវាងឱ្យជាតិដែករបស់កូនក្នុងផ្ទៃមានគ្រប់គ្រាន់។

    ម៉ាក់ៗបំបៅដោះ៖ ម៉ាក់ៗត្រូវញុំាំចំណីអាហារដែលមានសារធាតុចិញ្ចឹម និងមានជាតិ​ដែក​គ្រប់គ្រាន់ដូចជា សាច់ក្រហម ថ្លើម បន្លែបៃតង សណ្តែក ទំពាំងបាយជូរក្រៀមជាដើម​ដើម្បី​ផ្តល់​ជាតិដែកដល់កូនបានគ្រប់គ្រាន់តាមរយៈទឹកដោះ។

    កូនអាយុចាប់ពី ៦ ខែឡើង៖  ម៉ាក់ៗត្រូវឱ្យកូនញុំាបបរខាប់គ្រប់គ្រឿង​​ដែលមានអង្ករ បន្លែបៃតង សាច់ ស៊ុត ល្ពៅជាដើមបន្ថែមពីលើការបំបៅដោះ ឬទឹកដោះគោម្សៅ​ដើម្បី​ឱ្យកូន​ទទួល​បាន​សារធាតុចិញ្ចឹម និងជាតិដែកគ្រប់គ្រាន់។

    ជំងឺស្លេកស្លាំងដោយសារខ្វះជាតិដែកលើកុមារងាយការពារទេ ម៉ាក់ប៉ាគួរអនុវត្តតាមការណែនាំ​របស់​លោកវេជ្ជបណ្ឌិតដើម្បីការពារកូនពីការ​លូតលាស់រាងកាយ និងបញ្ញាស្មារតីយឺត។

    អត្ថបទគួរអានៈ

    ចំណុចសំខាន់

    – ជំងឺស្លេកស្លាំងដោយសារខ្វះជាតិដែកបណ្តាលឱ្យកុមារ៖
    • លូតលាស់យឺត
    • ខ្សោយបេះដូង
    • បាក់ទឹកចិត្ត
    – ម៉ាក់ប៉ាអាចការពារ ឬកាត់បន្ថយកុំឱ្យកូនកើតជំងឺស្លេកស្លាំងដោយសារខ្វះជាតិដែកដោយ៖
    • ម៉ាក់ៗពពោះត្រូវញុំាថ្នាំជាតិដែកឱ្យបានគ្រប់ចំនួន
    • ម៉ាក់ៗបំបៅដោះត្រូវញុំាំអាហារសម្បូរជាតិដែកដូចជា សាច់ក្រហម ថ្លើម បន្លែបៃតង សណ្តែក ទំពាំងបាយជូរក្រៀមជាដើម
    • កូនអាយុចាប់ពី ៦ ខែឡើងញុំាបបរខាប់គ្រប់គ្រឿង

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ គ្រូពេទ្យឯកទេស.

    វេជ្ជ. ទ្រី លីធាង

    ជំងឺកុមារ · មន្ទីរពេទ្យកុមារជាតិ


    អត្ថបទ​ដោយ សុខ វណ្ណ · កែ Sep 11, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម