backup og meta

ពេលកូនកើតបូស ប៉ាម៉ាក់គួរដោះស្រាយបែបណា?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ សុខ វណ្ណ · កែ Sep 01, 2023

    ពេលកូនកើតបូស ប៉ាម៉ាក់គួរដោះស្រាយបែបណា?

    បូសជាជំងឺសើស្បែកដែលបង្កឱ្យស្បែកឡើងពកក្រហម ហើម និងមានខ្ទុះ អាចតូច ឬធំ និង​ងាយ​កើត​លើកុមារតូចៗណាស់ដែលបង្កឱ្យ​អាអូន​​មានការឈឺចាប់។ ហេតុអ្វីបានជាអាអូនកើតបូស? ធ្វើ​ម៉េចទើប​ឆាប់ជា និងមិនឆ្លងទៅកើតនៅកន្លែងផ្សេងទៀត?

    បូស​បង្កឡើង​ដោយ​បាក់តេរី​ឈ្មោះ Staphylococcus aureus ដែល​​រស់​នៅ​​លើស្បែកយើង។ ជា​ធម្មតា បាក់តេរីនេះមិនបង្កគ្រោះថ្នាក់​ដល់យើងទេ តែបើស្បែកយើងមានការដាច់រលាត ឬរលាក​ នោះ​បាក់តេរីនេះអាចងាយនឹងឆ្លងចូលក្នុងស្បែក ហើយបង្កឱ្យយើងកើតបូស។

    ម៉ាក់ប៉ាអាចព្យាបាលបូសអាអូនតាមវិធីដូចខាងក្រោម៖

    ១. ដំណាក់កាលកើតបូសដំបូង

    • ម៉ាក់ប៉ាអាចយកកន្សែងស្អាតជ្រលក់ទឹកក្តៅឧណ្ហៗ រួចពូតឱ្យស្ងួតទឹក។ បន្ទាប់មកយក​មក​ស្អំ​លើបូសអាអូនដើម្បីកាត់បន្ថយការឈឺចាប់ និងហើម។ ម្យ៉ាងទៀត ការស្អំទឹកក្តៅឧណ្ហៗ​អាច​បង្កើនចលនាឈាមរត់នៅតំបន់កើតបូសដែលជួយពន្លឿនកោសិកាឈាមសឱ្យមកប្រយុទ្ធប្រឆាំងនឹងមេរោគ។ លើសពីនេះទៅទៀត ការធ្វើបែបនេះក៏ជំរុញ​ឱ្យបូសឡើងមុខដែរ​ព្រោះ​កម្តៅ​ឧណ្ហៗពីទឹកក្តៅជួយឱ្យកោសិកាស្បែក បាក់តេរី និងកោសិកាឈាមស​ដែលងាប់​ឡើង​មកក្បែរផ្ទៃស្បែក។
    • ម៉ាក់ប៉ាអាចស្អំឱ្យអាអូនបែបនេះបីបួនដងក្នុងមួយថ្ងៃ និងគួរស្អំចាប់តាំងពីពេល​សង្កេតឃើញ​អាអូនឡើងបូសដំបូង និយាយរួមស្អំកាន់តែឆាប់កាន់តែល្អ។
    • ម៉ាក់ប៉ាគួរលាងដៃឱ្យស្អាតមុន និងក្រោយពេលស្អំទឹកក្តៅលើបូសរបស់អាអូន។

    ២. ដំណាក់កាលបូសឡើងមុខ

    បូសងាយឆ្លងណាស់ ដូច្នេះប្រសិនបើបូសឡើងមុខ ហើយទន់ ម៉ាក់ប៉ាគួរ៖

    • ទាញស្បែកមុខបូសចេញ រួចសង្កត់លើគែមមុខបូសបន្តិចដើម្បី​ឱ្យ​ខ្ទុះ និងឈាមហូរចេញ
    • យកសំឡីស្អាតជ្រលក់ទឹកថ្នំាសម្លាប់មេរោគ រួចជូតខ្ទុះ ឬឈាមចេញឱ្យអស់ និងសម្អាត​មុខ​របួស​ឱ្យស្អាត
    • បន្ទាប់មកយកបង់បិទដំបៅបិទលើមុខរបួសដើម្បីចៀសវាងមេរោគឆ្លងទៅកើតបូសនៅកន្លែងផ្សេងទៀត
    • បន្តស្អំទឹកក្តៅឧណ្ហៗលើបូសអាអូនរហូតទាល់តែជាសះស្បើយ
    • ម៉ាក់ប៉ាត្រូវលាងសម្អាតដៃឱ្យស្អាតមុន និងក្រោយពេលសម្អាត ឬប៉ះពាល់បូសរបស់អាអូន

    បញ្ហាកូនឈឺចុកជើង

    ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!

    ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!

    ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

    ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!

    ៣. ប្រការគួរធ្វើ និងចៀសវាង

    • នៅពេលបូសមិនទាន់ឡើងមុខ ម៉ាក់ប៉ាចៀសវាងច្របាច់​បូសព្រោះអាចរុញ​មេរោគឱ្យចូល​ក្នុង​ស្បែកអាអូនកាន់តែជ្រៅ និងធ្វើឱ្យបូសក្លាយ។
    • ចៀសវាងប្រើកន្សែងជូតមុខ និងជូតខ្លួនរួមគ្នាជាមួយអាអូន ព្រោះអាច​បណ្តាល​ឱ្យឆ្លង​មេរោគ​បង្កបូសពីកូន។
    • ម៉ាក់ប៉ាគួរឧស្សាហ៍បោកគក់កន្សែងជូតមុខ និងកន្សែងជូតខ្លួនរបស់​អាអូន ដើម្បីបង្ការ​មេរោគ​បូស​ឆ្លង​ទៅកើតនៅកន្លែងផ្សេងទៀត​​លើរាងកាយ។

    ៤. ពេលណាគួរនាំកូនទៅពេទ្យ?

    • ពេលកូនកើតបុសនៅលើមុខ ច្រមុះ ឬឆ្អឹងខ្នង ព្រោះអាចបណ្តាល​ឱ្យមានផលវិបាកធ្ងន់ធ្ងរ
    • ពេលបូសមិនឡើងមុខ ឬមិនប្រសើរឡើងក្នុងរយៈពេលមួយសប្តាហ៍
    • ពេលអាអូនមានការឈឺចាប់ ឬមិនស្រួលខ្លួនខ្លាំង
    • ពេលមានគ្រុនក្តៅ
    • ពេលបូសមានទំហំប៉ុនកាក់ (២៤ មិល្លីម៉ែត្រ) ធំជាងនេះ ឬធំទៅៗ
    • ពេលកូនឡើងបូសច្រើនក្នុងពេលតែមួយ

    ចំណុចសំខាន់

    ម៉ាក់ប៉ាអាចព្យាបាលបូសអាអូនតាមវិធីដូចខាងក្រោម៖
    • ម៉ាក់ប៉ាអាចស្អំបូសអាអូនជាមួយទឹកក្តៅឧណ្ហៗបីបួនដងក្នុងមួយថ្ងៃ
    • ពេលបូសចេញមុខ និងទន់ ម៉ាក់ប៉ាអាចទាញស្បែកមុខបូសចេញ រួចសង្កត់លើគែមមុខបូសបន្តិចដើម្បីឱ្យខ្ទុះ និងឈាមហូរចេញ រួចយកសំឡីស្អាតជ្រលក់ទឹកថ្នំាសម្លាប់មេរោគមកជូតខ្ទុះ និងឈាមឱ្យស្អាត
    • បន្ទាប់មកយកបង់បិទដំបៅបិទលើមុខរបួស
    • ម៉ាក់ប៉ាត្រូវលាងសម្អាតដៃឱ្យស្អាតមុន និងក្រោយពេលប៉ះពាល់បូសរបស់អាអូន

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ សុខ វណ្ណ · កែ Sep 01, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម