នៅពេលដែលរាងកាយយើងប៉ះត្រូវអាកាសធាតុត្រជាក់ វានឹងច្របាច់ឈាមដើម្បីរក្សាកម្តៅ និងសីតុណ្ហភាពក្នុងរាងកាយ ដែលកត្តានេះ អាចនាំឲ្យប្រព័ន្ធភាពស៊ាំចុះខ្សោយ ជាពិសេសកុមារតូចៗគឺងាយប្រឈមនឹងជំងឺជាច្រើនមុខ។
តើជំងឺណាខ្លះដែលកើតលើកុមារតូចៗក្នុងរដូវរងា?
ជាទូទៅ កុមារតូចៗងាយឆ្លងជំងឺផ្សេងៗនៅរដូវរងា ប៉ុន្តែជំងឺដែលឧស្សាហ៍កើតបំផុតគឺជំងឺផ្តាសាយធម្មតា និងគ្រុនផ្តាសាយធំ ដែលបណ្តាលមកពីវីរុស ហើយចម្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត តាមរយៈខ្យល់អាកាស។ រោគសញ្ញានៃជំងឺផ្តាសាយធម្មតារួមមាន តឹងច្រមុះ ហៀរសម្បោរ ឈឺបំពង់ក ក្អក និងឈឺក្បាល ខណៈកុមារដែលកើតជំងឺផ្តាសាយធំមានអាការ ដូចជាគ្រុនក្តៅ អស់កម្លាំង ឈឺចាប់រាងកាយ និងព្រឺរងារ។ ក្រៅពីជំងឺគ្រុនផ្តាសាយ ក្មេងៗក៏ងាយប្រឈមនឹងជំងឺផ្លូវដង្ហើមដទៃទៀត ដូចជារលាកទងសួត និងរលាកសួត ដែលមានរោគសញ្ញា រួមមានក្អក ពិបាកដកដង្ហើម និងគ្រុនក្តៅ។























