ប៉ុន្មានឆ្នាំចុងក្រោយ គ្រុនឈាមកាន់តែសាហាវទៅៗ ដោយកើតលើមនុស្សធំ ហើយមានគ្រោះថ្នាក់ដល់ជីវិតកាន់តែខ្លាំង បើរត់ទៅពេទ្យព្យាបាលអត់ទាន់។ ភាគច្រើន អត់សូវចាប់អារម្មណ៍ ដោយសារឮពាក្យនេះថ្នឹកតាំងពីក្មេងៗ មិនថាក្នុងភូមិ ក្នុងសាលា។ តែកុំភ្លេចថា ឥឡូវនេះ ព្យាបាលអត់ទាន់ទេ ជីវិតពិបាកស្រោចស្រង់ហើយ។ នេះជា ៥ សំណួរខ្លឹមៗជុំវិញរឿងគ្រុនឈាមដែលគេឧស្សាហ៍សួរ ហើយ “Hello គ្រូពេទ្យ” ថ្ងៃនេះ សូមបកស្រាយ៖
១- គ្រុនឈាមហ្នឹងម៉េច?
វាជាជំងឺចម្លងដោយសារមូសខ្លាញីមានផ្ទុកវីរុសគ្រុនឈាមដែលមាន ៤ ប្រភេទ DEN1, DEN2, DEN3, និង DEN4 ហើយតំបន់ដែលទទួលរងគ្រោះដោយសារជំងឺនេះជាងគេ គឺតំបន់ត្រូពិក ដូចជា ភូមិភាគអាស៊ីអាគ្នេយ៍ ប្រជុំកោះប៉ាស៊ីហ្វិកខាងលិច អាព្រិក និងប្រទេសជាប់ឆ្នេរសមុទ្រការីប៊ីន។
២- ចេញរោគសញ្ញាអីខ្លះ?
ក្នុងរយៈពេល ៤ ទៅ ១០ ថ្ងៃបន្ទាប់ពីមូសខ្លាខាំ គ្នាយើងអាចលេចរោគសញ្ញា៖
– គ្រុនក្ដៅដល់ ៤០ អង្សារសេ
– ឈឺក្បាលខ្លាំង
– ឈឺសន្លាក់
– ចុកខាងក្រោយគ្រាប់ភ្នែក
– ឈឺចាប់សាច់ដុំ
– រោយឆ្អឹងឆ្អែង
– ចេញអុជក្រហមៗលើស្បែក
– ក្អួត ឬចង្អោរ
– អស់កម្លាំង
– អាចចេញឈាមតាមអញ្ចាញធ្មេញ ឬច្រមុះ
– ស្បែកឆាប់ឡើងជាំ ពេលប៉ះទង្គិចនឹងអ្វីមួយ។
ក្មេង ឬមនុស្សធំដែលមិនធ្លាប់មានគ្រុនឈាមពីមុនមក អាចមានអាការៈស្រាលជាងអ្នកដទៃ ប៉ុន្តែក្នុងករណីខ្លះក៏អាចធ្ងន់ធ្ងរដល់ថ្នាក់ប៉ះពាល់ដល់ជីវិតទៀតក៏មាន។ ពេលគ្រុនឈាមឈានដល់ដំណាក់កាលដែលមានសញ្ញាហូរឈាមធ្ងន់ធ្ងរហើយ ចន្លោះថ្ងៃគ្រោះថ្នាក់បំផុត គឺនៅថ្ងៃទី៣ ទៅ ទី៧ បន្ទាប់ពីឃើញរោគសញ្ញានៅថ្ងៃដំបូង។ សរសៃឈាម និងប្រព័ន្ធទឹករងៃ អាចខូចខាត និងបង្កជាគ្រោះថ្នាក់ដូចជា៖
– ចេញឈាមច្រមុះ និងអញ្ចាញធ្មេញ
– ក្អួតចេញឈាម
– អស់កម្លាំងខ្លាំង
– ដង្ហើមញាប់ខុសធម្មតា
– ហូរឈាមក្រោមស្បែកដែលលេចចេញស្រដៀងស្នាមជាំដុំៗ
– ថ្លើមរីកធំ
– សម្ពាធឈាមធ្លាក់ចុះ។
៣- ត្រូវធ្វើម៉េច?
បើគ្នាយើងមានចេញសញ្ញាគួរឲ្យសង្ស័យថា មានជំងឺគ្រុនឈាម ត្រូវប្រញាប់ទៅពេទ្យពិនិត្យ និងទទួលការព្យាបាលទាន់ពេលវេលា។
៤- អាចព្យាបាលតាមណាខ្លះ?
មិនទាន់មានការព្យាបាលណាមួយជាក់លាក់សម្រាប់ជំងឺនេះទេ ប៉ុន្តែគ្រូពេទ្យអាចណែនាំវិធីមួយចំនួនដើម្បីសម្រួលដល់អាការៈឲ្យធូរជាងមុនដោយ៖
– ញ៉ាំទឹកឲ្យបានគ្រប់គ្រាន់
– អាចញ៉ាំថ្នាំប៉ារ៉ាសេតាមុល (Paracetamol) បញ្ចុះកម្ដៅ និងបន្ថយការឈឺចាប់
– មិនត្រូវប្រើថ្នាំណាដែលអាចបង្កឲ្យមានការហូរឈាមកាន់តែធ្ងន់ធ្ងរជាងនេះទេ ដូចជា ថ្នាំអ៊ីប៊ុយប្រូភេន (Ibuprofen) ថ្នាំអាស្ពីរីន និងថ្នាំសូដ្យូមណាប្រូសែន (Sodium Naproxen) ជាដើម។ បើអាការៈកាន់តែធ្ងន់ ត្រូវទៅពេទ្យ ព្រោះក្នុងករណីខ្លះ អ្នកជំងឺអាចត្រូវបញ្ចូលឈាម តាមដានសម្ពាធឈាម និងថែទាំឲ្យបានដិតដល់។
៥- មានវ៉ាក់សាំងការពារអត់?
មិនទាន់មានវ៉ាក់សាំងប្រឆាំងនឹងជំងឺនេះនៅឡើយទេ តែវិធីល្អ គឺការពារកុំឲ្យមូសខាំ និងអនុវត្តវិធីខាងក្រោម៖
– ត្រូវនៅកន្លែងណាដែលមានខ្យល់ចេញចូលបរិសុទ្ធ
– ប្រើថ្នាំការពារមូសខាំលាបលើស្បែក និងដាក់នៅជិតគ្រែគេង
– ពេលចេញទៅក្រៅ ឬកន្លែងសម្បូរមូស ត្រូវពាក់ខោអាវដៃវែងជើងវែង
– គេងក្នុងមុងជាប្រចាំ ព្រោះមូសចូលចិត្តខាំនៅពេលព្រលប់ៗ
– ប្រមូលកំប៉ុង សម្បកកង់ ថូផ្កាចាស់ៗ ដបទឹកសុទ្ធ ឬប្រដាប់ប្រដាដក់ទឹកដែលមូសពងបាន ទៅកប់ចោល ឬសម្អាតកុំឲ្យមានសល់ទឹកដក់ឲ្យសោះ។
[embed-health-tool-bmi]