មនុស្សគ្រប់វ័យអាចឆ្លងវីរុសណូរ៉ូ (Norovirus) គ្រប់ពេល ប៉ុន្តែវីរុសនេះឆ្លងខ្លាំងបំផុតនៅខែត្រជាក់ និងបង្កឱ្យមានអាការដូចជា ចង្អោរ ចុកពោះ រាក និងក្អួតច្រើនដង ហើយពេលខ្លះអាចបង្កឱ្យក្តៅខ្លួន ឈឺក្បាល និងឈឺខ្លួន ដោយសាររលាកក្រពះពោះវៀនស្រួចស្រាវ។ បើឆ្លងវីរុសណូរ៉ូ (Norovirus) យើងគួរថែទាំខ្លួន ឬសមាជិកគ្រួសារបែបម៉េច?
បើយើងឆ្លងវីរុសណូរ៉ូ (Norovirus) យើងនឹងមានអាការដូចបានរៀបរាប់ខាងដើម ចន្លោះពី ១២ ទៅ ២៤ ម៉ោង សូមទៅពិគ្រោះជំងឺនៅតាមមណ្ឌលសុខភាព ឬមន្ទីរពេទ្យរដ្ឋដែលនៅជិតផ្ទះ។ គ្រូពេទ្យអាចនឹងធ្វើតេស្តពិនិត្យលាមកបន្ថែម ដើម្បីឱ្យប្រាកដ។
មិនមានថ្នាំសម្រាប់កម្ចាត់ ឬព្យាបាលវីរុសណូរ៉ូ (Norovirus) ទេ រួមទាំង ថ្នាំផ្សះ ព្រោះជាវីរុសណូរ៉ូ (Norovirus) មិនមែនជាប្រភេទបាក់តេរីទេ។ ការព្យាបាលគឺផ្តោតលើការបន្ថយរោគសញ្ញា ឬ អាការរបស់អ្នកឆ្លងវីរុសនេះ។ ជាទូទៅអ្នកជំងឺឆ្លងវីរុសណូរ៉ូ (Norovirus) នឹងជាសះស្បើយក្នុង រយៈពេល ១ ទៅ ៣ ថ្ងៃ។ ក្នុងអំឡុងពេលឈឺ អ្នកជំងឺអាចគ្រប់គ្រងអាការជំងឺដោយ៖
ជាទូទៅ អាការជំងឺបង្កឡើងដោយវីរុសណូរ៉ូ (Norovirus) គឺដូចគ្នា មិនថា ឆ្លងលើមនុស្ស ពេញវ័យ ឬកុមារទេ គ្រាន់តែថា មនុស្សពេញវ័យអាចរាកច្រើនដងជាងកុមារ ហើយកុមារអាចក្អួត ច្រើនដងជាងមនុស្សពេញវ័យ។ លើសពីនេះ កុមារអាយុក្រោម ៥ឆ្នាំ មនុស្សចាស់ ស្រ្តីពពោះ អ្នកមានជំងឺរុំារ៉ៃ និងអ្នកដែលមានប្រព័ន្ធការពាររាងកាយខ្សោយអាចនឹងមានអាការធ្ងន់ធ្ងរ បើឆ្លង វីរុសនេះ។ ចំណែកអ្នកមានជំងឺបេះដូង ឬតម្រងនោមជាដើម ដែលឆ្លងវីរុសណូរ៉ូ (Norovirus) ត្រូវប្រាប់គ្រូពេទ្យថា មានជំងឺរុំារ៉ៃទាំងនេះ ព្រោះការរាក និងក្អួតងាយបណ្តាលឱ្យខ្សោះជាតិទឹកក្នុងខ្លួន និងបង្កជាបញ្ហាធ្ងន់ធ្ងរ ឬគ្រោះថ្នាក់។
ជាទូទៅអ្នកជំងឺឆ្លងវីរុសណូរ៉ូនឹងជាសះស្បើយក្នុងរយៈពេល ១ ទៅ ៣ ថ្ងៃ។ ក្នុងអំឡុងពេលឈឺ អ្នកជំងឺអាចគ្រប់គ្រងអាការជំងឺដោយ៖
-
-
- ញុាំទឹកឱ្យបានច្រើន ជាពិសេសទឹកដែលមានផ្ទុកអេឡិចត្រូលីតច្រើនដូចជា ទឹកដូង ឬទឹកអូរ៉ាលីត
- សម្រាកឱ្យបានគ្រប់គ្រាន់
- ញុាំអាហារទន់ៗ មានរសជាតិស្រាល និងងាយរំលាយ
- ញុាំថ្នាំបំបាត់រាក ក្អួត ក្តៅខ្លួន ឈឺក្បាល ឬឈឺខ្លួនជាដើម តាមវេជ្ជបញ្ជា ជាពិសេសកុមារ និងអ្នកមានជំងឺរុំារ៉ៃ
- បើកុមារនៅបៅដោះ ឬទឹកដោះគោ ត្រូវបន្តបំបៅដោះ ឬទឹកដោះគោតាមធម្មតា
- ចៀសវាងគ្រឿងស្រវឹង ទឹកដោះគោស្រស់ ភេជ្ជៈដែលមានជាតិស្ករច្រើន និងភេជ្ជៈមានជាតិកាហ្វេអ៊ីន
- ចៀសវាងញុាំឈីស អាហារបំពង ឬអាហារមានជាតិខ្លាញ់ខ្ពស់
- ញុាំអាហារក្នុងបរិមាណតិច តែច្រើនដង
- បើមានរោគសញ្ញា ឬអាការខ្វះជាតិទឹកដូចជា នោមតិច ទឹកនោមមានពណ៌លឿងចាស់ ស្លក់ ភ្នែក និងសន្លឹម ត្រូវប្រាប់គ្រូពេទ្យ ឬនាំអ្នកជំងឺទៅពេទ្យជាបន្ទាន់ ដើម្បីឱ្យគ្រូពេទ្យព្យាបាល