បើយោងតាមរបាយការណ៍ថ្មីមួយដែលចេញផ្សាយដោយមន្ទីរពត៌មានខេត្តសៀមរាប កាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤ យ៉ាងហោចណាស់ មានកុមារកម្ពុជាប្រមាណជិត៧០០នាក់ ត្រូវបានរកឃើញថា បានកើតជំងឺទឹកនោមផ្អែមប្រភេទ១ ដែលបណ្តាលមកពីការខ្វះអាំងស៊ុយលីន ឬលំពែងមិនអាចផលិតអាំងស៊ុយលីនគ្រប់គ្រាន់។ ជំងឺទឹកនោមផ្អែមប្រភេទ១ បានកើតលើកុមារដែលមានអាយុចន្លោះពី៥ ដល់១០ឆ្នាំ ហើយអ្នកជំនាញក៏មិនទាន់បានដឹងពីមូលហេតុច្បាស់លាស់ដែលនាំឲ្យកុមារកើតជំងឺនេះនៅឡើយដែរ។
លោកសាស្ត្រាចារ្យ ឃុន លាងឈុន អនុប្រធានមន្ទីរពេទ្យជ័យវរ្ម័នទី៧ ទទួលបន្ទុកផ្នែកជំងឺទឹកនោមផ្អែម បានគូសបញ្ជាក់ថា ជំងឺទឹកនោមផ្អែមប្រភេទ១ នៅមន្ទីរពេទ្យគន្ធបុប្ផានៅភ្នំពេញ និងសៀមរាប មានការកើនឡើងចំនួន៦៩៨នាក់ ក្នុងនោះនៅមន្ទីរពេទ្យគន្ធបុប្ផាខេត្តសៀមរាប មានចំនួន៣០៩។ លោកបានបន្តថា ក្នុងរយៈពេល១០ឆ្នាំចុងក្រោយ ជំងឺទឹកនោមផ្អែមប្រភេទ១ មានការកើនឡើងក្នុងមួយឆ្នាំ រហូតដល់២០ករណី ដែលភាគច្រើនកើតលើក្មេងមានអាយុពី៤ ទៅ១៤ឆ្នាំ ហើយបច្ចុប្បន្ននៅលើពិភពលោកមិនទាន់មានថ្នាំព្យាបាលជំងឺទឹកនោមផ្អែមនៅឡើយទេ ប៉ុន្តែអាចគ្រប់គ្រងបាន ប្រសិនបើកុមារធ្វើរោគវិនិច្ឆ័យទាន់ពេលវេលា។
រោគសញ្ញានៃជំងឺទឹកនោមផ្អែមប្រភេទ១មានអ្វីខ្លះ?
ជំងឺទឹកនោមផ្អែមប្រភេទ១ អាចកើតឡើងភ្លាមៗ ឬបន្តិចម្តងៗ ហើយជួនកាល កូនមិនមានបង្ហាញរោគសញ្ញាជំងឺទឹកនោមផ្អែមផងក៏មាន។ យ៉ាងណាមិញ រោគសញ្ញាដែលប៉ាម៉ាក់គួរចាប់អារម្មណ៍ រួមមាន៖
- កូននោមច្រើន
- ស្រេកទឹកខ្លាំងជាងធម្មតា
- អស់កម្លាំង
- ស្រកទម្ងន់។
តើផលវិបាកអ្វីខ្លះដែលអាចកើតឡើងលើកុមារដែលមានជំងឺទឹកនោមផ្អែមប្រភេទ១?
នៅពេលដែលកូនមិនទទួលបានកម្រិតជាតិស្ករក្នុងឈាមគ្រប់គ្រាន់ទេនោះ ក្មេងអាចប្រឈមនឹងបញ្ហាផ្សេងៗដូចជា៖ ជំងឺ Diabetic Ketoacidosis (ឈាមប្រែជាអាស៊ីដដោយសារជាតិសេតូន) ឡើងជាតិស្ករក្នុងឈាម ខ្វះជាតិស្ករក្នុងឈាម ក៏ដូចជាបញ្ហាការអភិវឌ្ឍ និងការលូតលាស់របស់កុមារ។
[embed-health-tool-heart-rate]
ហេតុដូច្នេះហើយ ប៉ាម៉ាក់គួរកត់សម្គាល់នូវរោគសញ្ញា ក៏ដូចជានាំកូនមកកាន់មន្ទីរពេទ្យឲ្យបានទាន់ពេលវេលា ជៀសវាងកូនវិវត្តិទៅជាសន្លប់ ឬអាចស្លាប់បាន។