backup og meta

គន្លឹះ៥យ៉ាង ជួយកាត់បន្ថយហានិភ័យជំងឺមហារីកមាត់ស្បូន ស្រីៗគួរដឹង

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Oct 02, 2023

    គន្លឹះ៥យ៉ាង ជួយកាត់បន្ថយហានិភ័យជំងឺមហារីកមាត់ស្បូន ស្រីៗគួរដឹង

    ថ្វី​ត្បិត​តែ​ពុំ​មាន​វិធី​ណា​អាច​ការពារ​​ជំងឺ​មហារីក​មាត់​ស្បូន​បាន​ទាំង​ស្រុង​ក៏​ពិត​មែន ប៉ុន្តែ​ប្រសិនបើ​យើង​រក​ឃើញ​ជំងឺ​មហារីក​មួយ​​នៅ​ដំណាក់កាល​ដំបូង នោះ​ឱកាស​ព្យាបាលជាសះស្បើយ​ក៏កាន់តែខ្ពស់​។ ពិត​ណាស់​ HPV ជា​ប្រភេទ​វីរុស​ដែល​ឆ្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀត តាម​ការ​រួម​ភេទ ហើយ​គ្នា​យើង​ក្នុង​វ័យ​បន្ត​ពូជ​ភាគ​ច្រើន​អាច​ឆ្លង​​វីរុស​នេះ​ ប៉ុន្តែ​មិន​មែន​វីរុស​ទាំង​អស់​សុទ្ធ​តែ​បង្ក​ឲ្យ​កើត​ជំងឺ​មហារីក​នោះ​ទេ ពីព្រោះ​ថា​ជា​ទូទៅ ប្រព័ន្ធ​ភាព​ស៊ាំ​​របស់​យើង​ប្រឆាំង​នឹង​ការ​ឆ្លង​មេរោគ​ផ្សេង​ៗ​។ យ៉ាង​ណា​មិញ វ៉ារ្យង់​​មួយ​ចំនួន​ និង​កត្តា​ដទៃ​ទៀត​អាច​បណ្តាល​ឲ្យ​ស្រីៗ​យើង​កើត​ជំងឺ​មហារីក​មាត់​ស្បូន​ដោយ​មិន​ដឹង​ខ្លួន។ ដូច្នេះ​ហើយ​ ដើម្បី​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​មហារីក​មាត់​ស្បូន​ យើង​​គួរ​អនុវត្តគន្លឹះ​​ទាំង​៥​ខាង​ក្រោម។

    ១. ឈប់​ជក់​បារី

    ការ​ជក់​បារី​ អាច​បង្កើន​ហានិភ័យ​នៃ​ការ​កើត​ជំងឺ​មហារីក​មាត់​ស្បូន​ទ្វេ​ដង ពីព្រោះ​ផលិតផល​ថ្នាំ​ជក់​ទាំង​នេះ អាច​បំផ្លាញ​DNA​នៃ​កោសិកា​មាត់​ស្បូន​ និង​​រួម​ចំណែក​ដល់​ការវិវត្ត​នៃ​ជំងឺ​មហារីក​មាត់​ស្បូន។

    ២. ពិនិត្យ​សុខភាព​

    ការ​ពិនិត្យ​សុខភាព​ជា​ប្រចាំ​មាន​សារៈសំខាន់​ណាស់​ ដើម្បី​ការពារ​ខ្លួន​​ពី​ជំងឺ​មហារីក។ ស្រីៗ​យើង​គួរ​ធ្វើតេស្ត Pap Test ឬ Pap smearដើម្បី​ពិនិត្យ​រក​មើល​កោសិកាដែល​អាច​បង្កជំងឺមហារីក​ ​​ដែល​ជា​ភាព​មិន​ប្រក្រតី​នៃ​កោសិកា​លើ​មាត់​ស្បូន និង​អាច​វិវត្ត​ទៅ​ជា​ជំងឺ​មហារីក​មាត់​ស្បូន​ ប្រសិនបើ​យើង​មិន​ធ្វើការ​ព្យាបាល​ឲ្យ​បាន​ត្រឹមត្រូវ​ទេ​នោះ។ ចំណែក​ឯ​តេស្ដHPV អាច​ជួយ​ឲ្យ​យើង​ដឹង​ពី​វត្តមាន​វីរុស​ដែល​បណ្តាល​ឲ្យ​មាន​ការ​ប្រែប្រួល​កោសិកា​ (human papillomavirus) ។

    ៣. ចាក់​វ៉ាក់សាំង

    ការ​ចាក់​វ៉ាក់សាំង​មុន​ពេល​ប៉ះពាល់​នឹង​វីរុស​HPV ជា​មធ្យោបាយ​ដ៏​ល្អ​បំផុត​ក្នុង​ការ​បង្ការ​ជំងឺ​មហារីក​មាត់​ស្បូន​។ កុមារ​ចាប់​ពី​អាយុ​៩​ឆ្នាំ​ឡើង​ទៅ គួរ​តែ​វ៉ាក់សាំង​HPV។ សម្រាប់​មនុស្ស​ពេញ​វ័យ​ដែល​មាន​អាយុ​ចាប់​ពី​២៧​ឆ្នាំ រហូត​ដល់​៤៥​ឆ្នាំ គប្បី​ធ្វើការ​ពិភាក្សា​ជាមួយ​នឹង​គ្រូពេទ្យ​ជំនាញ​ ថា​តើ​គួរ​ចាក់​វ៉ាក់សាំង​ឬ​យ៉ាង​ណា​ ពីព្រោះ​អ្នក​ដែល​ស្ថិត​ក្នុង​វ័យ​នេះ ទទួល​បាន​អត្ថប្រយោជន៍​តិចតួច​ប៉ុណ្ណោះ​ពី​ការ​ចាក់​វ៉ាក់សាំង។

    ៤. ប្រើ​ស្រោម​អនាម័យ​ជានិច្ច

    យោង​តាម​ការ​ស្រាវជ្រាវ​បាន​ឲ្យ​ដឹង​ថា ស្ត្រី​ដែល​មាន​ដៃគូ​រួម​ភេទ​ច្រើន​ អាច​ទំនង​ជា​ងាយ​ឆ្លង​វីរុស​HPV និង​វិវត្ត​ទៅ​ជា​ជំងឺ​មហារីក​មាត់​ស្បូន​។ អ៊ីចឹង​ហើយ​ យើង​គួរ​តែ​ការពារ​ខ្លួន​ ដោយ​ការ​ប្រើ​ស្រោម​អនាម័យ​ជានិច្ច​រាល់​ពេល​រួម​ភេទ។

    ៥. ហាត់ប្រាណ​ជា​ប្រចាំ និង​ញ៉ាំ​របប​អាហារ​សុខភាព

    របប​អាហារ​ដែល​មាន​តុល្យភាព​ដូចជា​ផ្លែឈើ បន្លែ គ្រាប់​ធញ្ញជាតិ​ អាច​ជួយ​ការពារ​យើង​ពី​ជំងឺ​មហារីក​ និង​ជួយ​ឲ្យ​យើង​មាន​សុខភាព​ល្អ​ថែម​ទៀត​ផង។ អាហារ​ទាំង​នេះ ផ្ទុក​សារធាតុ​គីមី​មាន​ប្រយោជន៍​ ដែល​​ជួយ​កាត់បន្ថយ​ហានិភ័យ​នៃ​ការ​កើត​ជំងឺ​មហារីក​មាត់​ស្បូន។ បន្ថែម​ពី​នេះ យើង​ចាំបាច់​​ហាត់ប្រាណ​ជា​ប្រចាំ ដើម្បី​ជួយ​ឲ្យ​ប្រព័ន្ធ​ភាព​ស៊ាំ​រឹងមាំ និង​អាច​ប្រឆាំង​នឹង​ជំងឺ​មហារីក​យ៉ាង​មាន​ប្រសិទ្ធភាព។

    អត្ថបទគួរអាន៖

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Oct 02, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម