ជំងឺមហារីកសុដន់ គឺជាជំងឺគ្រោះថ្នាក់ និងច្រើនកើតមានផងដែរ ជាពិសេសក្នុងចំណោមមនុស្សស្រី។ ការព្យាបាលជំងឺនេះ អាចបង្កឲ្យអ្នកជំងឺទទួលបានផលវិបាកជាច្រើន ដូចជាហត់អស់កម្លាំង និងស្ត្រេស ជាដើម ដែលទាំងអស់នេះធ្វើឲ្យទម្ងន់អ្នកជំងឺប្រែប្រួលញឹកញាប់ នៅអំឡុងពេលព្យាបាល។
ការសិក្សាបានបង្ហាញថា អ្នកជំងឺខ្លះដែលមានជំងឺមហារីកដោះ បន្ទាប់ពីព្យាបាលជាមួយនឹងសារធាតុគីមីខ្លះសម្រាប់ព្យាបាលជំងឺនេះ ឬថ្នាំពេទ្យមួយចំនួន នឹងធ្វើឲ្យទម្ងន់ខ្លួនអ្នកជំងឺកើនឡើង ទោះបីជាការព្យាបាលដោយសារធាតុទាំងនោះត្រូវបានបញ្ចប់ក៏ដោយ។ សម្រាប់អ្នកជំងឺខ្លះព្យាបាលដោយថ្នាំគីមីរួច បានឡើងទម្ងន់ នេះដោយសារវិធីផ្សេងទៀតក្រៅពីថ្នាំ។ អ្នកជំងឺអាចនឹងបាត់បង់សាច់ដុំ និងកើនឡើងជាលិកាខ្លាញ់។ វិធីបញ្ចុះទម្ងន់ធម្មតា សម្រាប់អ្នកជំងឺទាំងនោះជួនកាលគឺមិនមានប្រសិទ្ធភាពឡើយ។ មូលហេតុមួយទៀតដែលនាំឲ្យឡើងទម្ងន់ នោះគឺដោយសារ តែ Corticosteroids ដែលជាហេតុនាំឲ្យយើងញ៉ាំច្រើន។ Corticosteroids គឺជាអ័រម៉ូន ដែលអាចធ្វើឲ្យកើនឡើងជាលិកាខ្លាញ់។ ស្ត្រីដែលព្យាបាលដោយ ពពួកថ្នាំ Steroids អាចនឹងឡើងទម្ងន់ ប៉ុន្តែ ទម្ងន់ដែលឡើងនេះ ជាញឹកញាប់អាចសម្គាល់ឃើញនៅរយៈពេលពីរបីសប្ដាហ៍បន្ទាប់ពីប្រើជាប់ប៉ុណ្ណោះ។
ការសិក្សាខ្លះបានបញ្ហាញថា ការឡើងទម្ងន់ គឺជាប់ទាក់ទងនឹងការដែលមិនសូវហាត់ប្រាណ។ ពេលព្យាបាលជំងឺមហារីក អ្នកជំងឺច្រើនមានអារម្មណ៍ស្ត្រេស អស់កម្លាំង ចង្អោរ ឈឺចាប់ ដែលទាំងអស់នេះជាហេតុនាំឲ្យកាត់បន្ថយសកម្មភាពរាងកាយ និងការហាត់ប្រាណ។ ការឡើងទម្ងន់ ក៏អាចទាក់ទងនឹងរបបអាហារផងដែរ។ ស្ត្រីខ្លះ ឃ្លានអាហារផ្អែម និងកាបូអ៊ីដ្រាត នៅអំឡុងពេលព្យាបាលដោយថ្នាំគីមី។ ការញ៉ាំអាហារប្រភេទទាំងនេះ ច្រើនអាចបណ្ដាលឲ្យអ្នកជំងឺឡើងទម្ងន់យ៉ាងខ្លាំង។
ការព្យាបាលជំងឺមហារីកដោយប្រើការព្យាបាលដោយអ័រម៉ូន អាចបង្កឲ្យឡើងទម្ងន់បាន។ ការព្យាបាលប្រភេទនេះ កាត់បន្ថយកម្រិតបរិមាណរបស់អ័រម៉ូនអេស្ត្រូសែន (estrogen) និង ប្រូហ្សេស្តេរ៉ូន (Progesterone) ចំពោះមនុស្សស្រី និងថយអ័រម៉ូន តេស្តូស្តេរ៉ូន (Testosterone) ចំពោះមនុស្សប្រុស ហើយថែមទាំងកើនឡើងកម្រិតជាតិខ្លាញ់នៅក្នុងខ្លួន កាត់បន្ថយម៉ាស់របស់សាច់ដុំ និងធ្វើឲ្យផ្លាស់ប្ដូរវិធីដែលរាងកាយបំប្លែងអាហារឲ្យទៅជាថាមពលផងដែរ។
ស្ត្រីជាច្រើន មានអារម្មណ៍ថា ការប្រើថ្នាំ Tamoxifen ធ្វើឲ្យពួកគេឡើងទម្ងន់។ តែទោះជាយ៉ាងនេះក្ដី នៅមិនទាន់មានការសិក្សាណាបង្ហាញពីការឡើងទម្ងន់ ដោយសារមានការទាក់ទងនឹងអ័រម៉ូននៅឡើយទេ។ ការឡើងទម្ងន់ខ្លាំង អាចបង្កើនគ្រោះថ្នាក់នៃជំងឺបេះដូង លើសឈាម ទឹកនោមផ្អែម ចំពោះអ្នកជំងឺ និងជាពិសេស បង្កើនគ្រោះថ្នាក់នៃជំងឺមហារីកសុដន់កើតឡើងវិញ។
អ្នកជំងឺខ្លះ បន្ទាប់ពីព្យាបាលជំងឺមហារីកសុដន់ហើយ បែជាមានបញ្ហាផ្ទុយទៅ វិញ ដោយអ្នកទាំងនោះចុះទម្ងន់ដោយសារ តែមានអារម្មណ៍មិនឃ្លានអាហារ ចង្អោរ និងផលរំខានដែលបណ្ដាលមកពីការព្យាបាលដោយថ្នាំគីមី។ អ្នកជំងឺជាបុរសខ្លះ ភាគច្រើននិយាយថា ការស្រកទម្ងន់ជាបញ្ហាធំចំពោះពួកគេជាជាងការឡើងទម្ងន់។ ការចុះទម្ងន់ធ្វើឲ្យអ្នកជំងឺមានអារម្មណ៍ថាខ្លួនឯងមិនមានសុខភាពល្អ ហើយនិងមិនសូវមានសាច់ដុំជាមនុស្សប្រុស។ ការចុះទម្ងន់ធ្វើឲ្យអ្នកជំងឹបាត់បង់ថាមពល ខ្វះអាហារូបត្ថម្ភ ធ្វើឲ្យអ្នកជំងឺកាន់តែពិបាកនឹងជាសះស្បើយ។
ការថែរក្សាទំងន់ឲ្យថេរក្នុងអំឡុងពេលព្យាបាលជំងឹមហារីកដោះ គឺជារឿងសំខាន់បំផុត។ អ្នកជំងឹគួរស្វែងរកការប្រឹក្សាយោបល់ជាមួយគ្រូពេទ្យ ដើម្បីរៀបចំរបបអាហារ និងជីវជាតិល្អៗសម្រាប់រាងកាយ។ ក្រៅពីនេះ អ្នកជំងឺគួរហាត់ប្រាណដូចជា ការហាត់ប្រាណខ្លាំងចំពោះដៃ និងស្មារ ដើម្បីការពារពីការបាត់បង់សាច់ដុំ និងកើនឡើងជាលិកា អាឌីប៉ុស (Adipose tissue)។
អាន៖