backup og meta
មាតិកា
ឧបករណ៍សុខភាព
រក្សាទុក
តារាងមាតិកា

Breast Cancer (ជំងឺមហារីកសុដន់)

ត្រួតពិនិត្យដោយ គ្រូពេទ្យឯកទេស. សាស្ត្រាចារ្យវេជ្ជបណ្ឌិត គាន់ អូន · សម្ភពនិងរោគស្រ្តី · មន្ទីរពេទ្យកាល់ម៉ែត


អត្ថបទ​ដោយ យ៉ានណែត​ នីគែល · កែ Apr 08, 2022

Breast Cancer (ជំងឺមហារីកសុដន់)

និយមន័យ

១- អ្វី​ទៅ​ជា​មហារីក​សុដន់?

ក្រោយ​ភាព​ពេញ​វ័យ សុដន់​ស្រ្ដី​ផ្ទុក​ទៅ​ដោយ​សារ​ជាតិ​ខ្លាញ់ ជាលិកា​ត​ភ្ជាប់ និង មាន​បំពង់​តូចៗ​រាប់​ពាន់ និង​ក្រពេញ​តូចៗ​សម្រាប់​ផលិត​ទឹក​ដោះ។ បំពង់​តូចៗ​មាន​ក្នុង​សុ​ដន់ ឬ​ថង់ផលិត​ទឹក​ដោះ នឹង​ដឹក​ជញ្ជូន​ទឹក​ដោះ​ទៅ​កាន់​ចុង​សុដន់។

មហារីក កើត​ឡើង​ដោយ​សារ​កោសិកា​នៅ​ក្នុង​ខ្លួន​កើន​លើស​ចំនួនខុសធម្មតា​ បាត់បង់​សមត្ថភាព​ក្នុង​ការ​គ្រប់​គ្រង ខណៈ​ប្រភេទ​មហារីក​សុដន់ ចែក​ចេញ​ជា ២ ប្រភេទ៖

– Ductal carcinoma៖ សំដៅ​នៅ​ពេល​មហារីក​ចាប់​ផ្ដើម​បង្ក​ឡើង​ក្នុង​បំពង់បង្ហូរ​ទឹក​ដោះចាប់ពីក្រពេញផលិតទឹកដោះទៅចុងសុដន់ និង ជា​ប្រភេទ​មហារីកឧស្សាហ៍​ជួប​ប្រទះ​ជាង​គេ។

– Lobular carcinoma៖ សំដៅ​ពេល​កោសិកា​មហារីក ចាប់​ផ្ដើម​បង្ក​ឡើង​ក្នុង​ក្រពេញ​ផលិត​ទឹក​ដោះ។

ករណី​​មហារីក​សុដន់រាលដាល(Carcinoma invasive) ចាប់​ផ្ដើម​ឡើង​នៅ​ពេល​កោសិកា​មហារីក​រាល​ដាល​ចេញ​ពី​ក្រពេញ​ផលិត​ទឹក​ដោះ ឬ​បំពង់បង្ហូរ​ទឹក​ដោះ និង​ឆ្លង​ចូល​ទៅ​កាន់​កោសិកា​ជិតៗ ជា​ហេតុ​បង្កើន​ឱកាស រីក​រាល​ដាល​ទៅ​កាន់​សរីរាង្គ​ផ្សេង​ទៀត​លើ​ក្នុង​រាងកាយ។

ករណី​មហារីក​សុដន់​មិន​រាលដាល ដែល​កោសិកា​មហារីក​ស្ថិត​នៅ​កន្លែង​ដើម​ដដែល ហើយ​មិន​ទម្លុះ​ចេញ​មក​ក្រៅ។ យ៉ាង​ណា​ក៏​ដោយ កោសិកា​ទាំង​នេះ នៅ​តែ​អាច​វិវត្ត​ទៅ​ជា​មហារីក​សុដន់​រាលដាល​បាន​ដូច​គ្នា។

២- កើត​ឡើង​ញឹកញាប់​ប៉ុណ្ណា?

មហារីកសុដន់ ងាយ​នឹង​កើត​ឡើង​ខ្លាំង​ណាស់ ជា​ទូទៅ ប៉ះពាល់​ទៅ​ស្រ្តី​ច្រើន​ជាង​បុរស។ បើ​មាន​ចម្ងល់​បន្ថែម គួរ​ពិភាក្សា​ ឬប្រឹក្សា​យោបល់​ជាមួយ​វេជ្ជ​បណ្ឌិត។

រោគសញ្ញា

៣- រោគ​សញ្ញា​មាន​អ្វី​ខ្លះ?

រោគ​សញ្ញា​ដំបូង​របស់​មហារីក​សុដន់ ច្រើន​តែ​មាន​ជាលិកា​រឹង​នៅ​តំបន់​ណា​មួយ​ក្នុង​សុដន់ ​កូនកណ្តុរនៅ​ក្លៀក ឬ​ក្នុង​សុដន់។

រោគសញ្ញា​ផ្សេង​ទៀត​រួម​មាន៖

– ឈឺ​ក្នុង​ក្លៀក ឬ​សុដន់ មិនមែន​បណ្ដាល​ពី​ការ​មក​វដ្ត​រដូវ

– មាន​ទ្រុឌ ឬ​ស្បែក​សុដន់​ឡើង​ក្រហម ដូច​ផ្លែ​ក្រូច

– រមាស់​ចុង​សុដន់​ម្ខាង

– មានហូរទឹករងៃ ឬ​ខ្ទុះ​ចេញ​ពី​ចុង​សុដន់ អាច​មាន​ទាំង​ឈាម​មក​ជា​មួយ

– ចុង​សុដន់​លិប​ចូល​ក្នុង

– សុដន់​ម្ខាង​ធំ​ជាង​ម្ខាង​ទៀតខុសពីធម្មតា

– ឡើង​ប្រេះ​ស្រកា ឬ​របក​ស្បែក​សុដន់ ស្បែក​ចុង​សុដន់។

ដុំ​ពក​ខ្លះ អាច​មិន​មែន​ជា​មហារីក ប៉ុន្ដែ​ស្រីៗ​គួរ​ទៅ​ពិនិត្យ​ឲ្យ​បាន​ច្បាស់​ជាមួយ​គ្រូពេទ្យ​ជំនាញ។

នៅ​មាន​រោគ​សញ្ញា​មួយ​ចំនួន អាច​មិន​បាន​រៀប​រាប់​ខាង​លើ។ បើ​មាន​ចម្ងល់​ពី​រោគសញ្ញា​ណា​មួយ សូម​ទៅ​ជួប​ពិគ្រោះ​ជា​មួយ​គ្រូពេទ្យ​ជំនាញ។

៤- ពេល​ណា​គួរ​ជួប​​ពេទ្យ?

គួរ​ទៅ​ជួប​គ្រូពេទ្យ ប្រសិន​បើ​ប្រទះ​ឃើញ​ដុំ​ពក ឬ​ករណី​សុដន់​រីក​ធំ ទោះ​បី​ជា​ទើប​ពិនិត្យ​ឆ្លុះ​មើល​សុដន់​ថ្មីៗ​ក៏​ដោយ។

អាន៖

មូលហេតុបង្ក

៥- មូលហេតុបង្កមានអ្វីខ្លះ?

មូល​ហេតុ​កើតម​ហារីក​សុដន់ មក​ទល់​នឹង​ពេល​នេះ​ នៅ​​មិន​ទាន់​ដឹង​ជាក់​ច្បាស់​នៅ​ឡើយ​ទេ។ គ្រូពេទ្យ​គ្រាន់​តែ​ដឹង​ថា ជំងឺ​មហារីក​សុដន់ កើត​ឡើង​ពេល​កោសិកា​សុដន់​ចាប់ផ្ដើម​លូតលាស់​ខុស​ប្រក្រតី។ កោសិកា​ទាំង​នេះ កកើត​ច្រើន​ឆាប់​រហ័ស លឿន​ជាង​កោសិកា​មាន​សុខភាព​ល្អ និងបន្ដ​បង្កើន​ចំនួន​ ក្លាយ​ទៅ​ជា​ដុំពក។ កោសិកាមហារីក អាច​រីក​រាល​ដាល ចេញ​ពី​សុដន់ទៅ​កាន់​ក្រពេញ​ទឹក​រងៃ ឬ​ផ្នែក​ផ្សេងៗ​នៃ​រាង​កាយ។

មហារីក​សុដន់ ភាគ​ច្រើន​កើត​ឡើង​បណ្ដាល​មក​ពី​កោសិកា​នៅ​ក្នុង​បំពង់បង្ហូរ​ទឹកដោះ។ ម៉្យាង​ទៀត ក៏​អាច​បណ្ដាល​មក​ពី​កោសិកា​នៅ​ក្នុង ក្រពេញ​ជាលិកា ព្រម​ទាំង​កោសិកា ឬ​ជាលិកា​នៅ​ក្នុង​សុដន់​ផ្ទាល់​តែ​ម្តង។

អ្នក​វិទ្យាសាស្រ្ដ បាន​វិភាគ​ទៅ​លើ​កត្តា​អ័រម៉ូន កត្តា​បែប​ផែន​ជីវិត និងកត្តា​បរិស្ថាន​ ដែល​សុទ្ធ​តែ​អាច​បង្កើន​ហានិភ័យ​ប្រឈម។ ប៉ុន្ដែ​មូលហេតុ​ស្រីៗ​ខ្លះ ​គ្មាន​កត្តាហានិភ័យ​សោះ​ ​បែរ​ជា​កើត​ជំងឺ​មហារីក​នេះ ស្រី​ខ្លះទៀត ​មាន​កត្តាប្រឈម​ខ្ពស់ ​បែរ​ជា​មិន​កើត​មហារីក ហើយ​ករណី​នេះ​នៅ​តែ​មិន​អាច​បក​ស្រាយ​បាន​នៅ​ឡើយ។ ការ​សន្និដ្ឋាន​ផ្សេង​ទៀត មូលហេតុ​បង្ក​មហារីក អាច​បណ្ដាល​មក​ពី ទំនាក់ទំនង​ស្មុគស្មាញ​របស់​ហ្សែន និង​បរិស្ថាន​ជុំវិញ​ខ្លួន។

កត្តាប្រឈម

៦- កត្តា​ប្រឈមមាន​អ្វី​ខ្លះ?

ហានិភ័យ​ប្រឈម​កើត​មហារីក​សុដន់​មាន​ច្រើន ដូចជា៖

– ភេទស្រី៖ ប្រឈម​ហានិភ័យ​កើត​ច្រើន​ជាង​បុរស។

– កត្តា​អាយុ៖ ហានិភ័យ​កើត​មហារីក​សុដន់ កាន់​តែ​កើន​ឡើង​ខ្ពស់ ពេល​អាយុ​កាន់​តែ​ច្រើន។

– ប្រវត្តិធ្លាប់កើតមហារីកសុដន់៖ បើ​ធ្លាប់​កើត​មហារីក​សុដន់ នៅ​ដោះ​ម្ខាង​ហើយ ឱកាស​កើត​សារ​ជាថ្មី​កាន់​តែ​ខ្ពស់​នៅ​ដោះ​ម្ខាង​ទៀត។

– ប្រវត្តិគ្រួសារ៖ បើ​ម៉ាក់ បង​ស្រី ឬ​កូន​ស្រី មាន​ជំងឺ​មហារីក​នេះ យើង​ក៏​មាន​ហានិភ័យ​ខ្ពស់ កើត​មហារីក​សុដន់​ទាំង​វ័យ​ក្មេង។ យ៉ាងណា មនុស្ស​ភាគ​ច្រើន​កើត​មហារីក​សុដន់ គ្មាន​ប្រវត្តិ​គ្រួសារ​កើត​ជំងឺ​មហារីក​នេះ​ពី​មុន​ទេ។

– កត្តា​ហ្សែន៖ ទទួល​ហ្សែន​តំណ​ពូជ ក៏​បង្កើន​ហានិភ័យ​កើត​មហារីក​ដែរ។ ការ​ផ្លាស់​ប្តូរ​ហ្សែន​មួយ​ចំនួន បណ្ដាល​ឲ្យ​មាន​ហានិភ័យ​ខ្ពស់​កើត​មហារីក​សុដន់ អាច​ចម្លង​ពី​ប៉ា​ម៉ាក់​ទៅ​កូន​បាន។ ហ្សែន ​ដែល​មាន​ការ​ផ្លាស់​ប្តូរ​ញឹកញាប់​ដូចជា BRCA1 និង BRCA2 អាច​បង្កើន​ហានិភ័យ​ខ្លាំង​ក្លា​បំផុត​កើត​មហារីក​សុដន់ និង​មហារីក​ដទៃ​ទៀត ប៉ុន្ដែ​ក៏​មិន​មែន​មិន​អាច​ចៀស​ផុត​ពី​ជំងឺ​មហារីក​នោះ​ដែរ។

– ប៉ះពាល់វិទ្យុសកម្ម៖ បើ​យើង​ទទួល​ការ​ព្យាបាល​បែប​វិទ្យុ​សកម្ម​លើ​ទ្រូង កាល​ពី​ក្មេង ឬ​វ័យ​ជំទង់ ក៏​មាន​ហានិភ័យ​ប្រឈម​ខ្ពស់​កើត​មហារីក​សុដន់។

– ធាត់ លើស​ទម្ងន់៖ ក៏​ជា​កត្តា​ហានិភ័យ​មហារីក​សុដន់​ដូច​គ្នា។

– ឆាប់​មាន​រដូវ​ទាំង​វ័យ​ក្មេង៖ ចាប់​ផ្ដើម​មាន​រដូវ​មុន​អាយុ ១២ឆ្នាំ បង្កើន​ហានិភ័យ​មហារីក​នេះ។

– អស់​រដូវ៖ អំឡុង​ពេល​ឈាន​ដល់​វ័យ​ចំណាស់ ស្រីៗ​នឹង​ចាប់​ផ្ដើម​អស់​រដូវ ហើយ​ក៏​ជាអំឡុង​ពេល​យើង​មាន​ហានិភ័យ​ខ្ពស់​ប្រឈម​មហារីក។

– កូន​ដំបូង​នៅ​វ័យ​ចំណាស់៖ ស្រីៗ​សម្រាល​កូន​ដំបូង​អាយុ​លើស ៣០ឆ្នាំ ក៏មាន​ហានិភ័យ​ដែរ។

– កក្តាមិនបំបៅដោះកូន ការមិនបំបៅដោះកូនជាកត្តាប្រឈមនិងការកើតជំងឺ មហារីដោះខ្ពស់​ ដោយសារពុំំមានការផ្លាស់ប្តូនៅក្នុងក្រពេញថង់ផលិតទឹកដោះ និងបំពង់បង្ហូរទឹកដោះ។

– មិន​ធ្លាប់​មាន​ផ្ទៃ​ពោះ៖ មិន​ធ្លាប់​មាន​គភ៌​សោះ ហានិភ័យ​មហារីក​សុដន់​កាន់​តែ​ខ្ពស់​ ជាង​ស្រី​ធ្លាប់​មាន​គភ៌។

– ព្យាបាល​ដោយ​អ័រម៉ូន​ក្រោយ​អស់​រដូវ៖ ប្រើ​ថ្នាំ​អរម៉ូន​ផ្សំ​ជា​មួយ អ័រម៉ូន អឺស្រ្ដូហ្សែន និង អ័រម៉ូន ប្រូហ្សេស្ដេរ៉ូន ដើម្បី​ព្យាបាល​អការៈ និង​រោគសញ្ញា​ក្រោយ​អស់​រដូវ បង្កើន​ហានិភ័យ​មហារីក​សុដន់។ ហានិភ័យ​នឹង​កាត់​បន្ថយ ពេល​ឈប់​ប្រើ​ថ្នាំ​ទាំង​នេះ។

– សេពគ្រឿងស្រវឹង៖ សេព​គ្រឿង​ស្រវឹង​បង្កើន​ហានិភ័យ​មហារីក​សុដន់។

អាន៖

រោគវិនិច្ឆ័យ ​និង​ការ​ព្យាបាល

ព័ត៌មាន​នេះ មិន​អាច​យក​ទៅ​ប្រើ​ប្រាស់​គ្រប់​ប្រភេទ​ជំងឺ​ទេ។ គួរ​ពិភាក្សា​ជាមួយ​គ្រូពេទ្យជំ​នាញ​សម្រាប់​ព័ត៌មាន​បន្ថែម។

៧- គួរ​ធ្វើ​រោគ​វិនិច្ឆ័យ​ដោយ​វិធី​ណា?

ធ្វើ​រោគ​វិនិច្ឆ័យ​ជា​រឿយៗ កើត​ឡើង​ដោយ​សារ​លទ្ធផល​តាមដាន​ជា​ប្រចាំ ឬ​នៅ​ពេល​យើង​ទៅ​ជួប​គ្រូពេទ្យ​បន្ទាប់​ពី​រក​ឃើញ​រោគសញ្ញា។ ធ្វើ​រោគ​វិនិច្ឆ័យ ធ្វើ​តេស្ត​មួយ​ចំនួន ព្រម​ទាំង​ទម្រង់​ការ​ជួយ​ក្នុង​បញ្ជាក់​ពី​ធ្វើ​រោគវិនិច្ឆ័យ។

– ពិនិត្យ​សុដន់៖ គ្រូពេទ្យ​នឹង​ពិនិត្យ​រក​ដុំពក​នៅ​លើ​សុដន់ និង​រក​រោគសញ្ញា​ផ្សេងៗ។

អ្នក​ជំងឺ​ត្រូវ​ឲ្យ​អង្គុយ ឬ​ឈរ​លើក​ដៃ​ឡើង​លើ​ដាក់​លើ​ក្បាល ពេល​ធ្វើ​ការ​ពិនិត្យ។

ការពិនិត្យតាមរយៈរូបភាព​វេជ្ជសាស្រ្ត៖ ម៉ាម៉ូក្រាម ជា​បច្ចេកទេសថត​កាំ​រស្មី​អ៊ិច ដែលគ្រូពេទ្យ​ប្រើ​លើ​ពិនិត្យ​ស្រាវជ្រាវរកមហារីក​សុដន់ទាន់ពេលវេលា។ វា​បង្កើត​រូបភាព អាច​ជួយ​ក្នុង​ស្វែង​រក​ដុំ​ពក ឬ​ភាព​មិន​ប្រក្រតី​ផ្សេង​ទៀត។

បើ​សង្ស័យ​ទៅ​លើ​លទ្ធផល​ទទួល​បាន អាច​តាម​ដាន​ដោយ​ធ្វើ​រោគវិនិច្ឆ័យ​ម្ដង​ទៀត។ យ៉ាង​ណា​មិញ ម៉ាម៉ូក្រាម ពេល​ខ្លះ​បង្ហាញ​ពី​តំបន់​គួរ​ឲ្យ​សង្ស័យ​ដែលមិន​ទាន់​ជា ​មហារីក ជា​ហេតុ​ធ្វើ​ឲ្យ​អ្នក​ជំងឺ​មាន​ការចាប់អារម្មណ៍​ និងមិន​អត់​ប្រយោជន៍ និង​ពេល​ខ្លះ​ឈាន​ដល់​ការ​ព្យាបាលទាន់ពេលវេលា

– ឆ្លុះ​អេកូ៖ អាច​ជួយ​បែង​ចែក​រវាង ដុំ​សាច់ម៉ាស​រឹង ឬ​គីស​ទឹក។

– ស្កេន​អឹម​រ៉ាយ MRI៖ ត្រូវ​ចាក់​បញ្ចូល​សារធាតុ​ដែលជាថ្នាំចាប់បង្ហាញរូបភាវេជ្ជសាស្ត្រកាន់តែច្បាស់​ទៅ​ក្នុង​ខ្លួនអ្នក​ជំងឺ​ដើម្បី​ពិនិត្យ​មើល​ការ​រីករាល​ដាល​មហារីក។

– ច្រឹប​សាច់៖ ជាលិកា​គំរូ​មួយ​ត្រូវ​វះកាត់​យក​ចេញ ដើម្បី​វិភាគ​នៅ​មន្ទីរ​ពិសោធន៍ ដើម្បី​ពិនិត្យ តើ​កោសិកា​ទាំង​នោះ ជា​កោសិកា​មហារីក ឬ​ទេ​បើ​ដូច្នោះ​មែន វា​ជា​កោសិកា​មហារីក​ប្រភេទ​ណា ហើយ​ជា​កោសិកា​មហារីក​ដែល​ប្រតិកម្ម​នឹង​អ័រម៉ូន ឬ​ទេ។

ការ​ធ្វើ​រោគវិនិច្ឆ័យ​បែង​ចែក​ទៅ​តាម​ដំណាក់កាល​មហារីក​ដូចជា៖

– ទំហំ

– កម្រិត​រីករាល​ដាល

– តើ​ជា​ប្រភេទ​មហារីករាលដាល(carcinoma invasive) ឬ​មិន​រាលដាល (carcinoma in situ)

– រាលដាល​ទៅ​កាន់​ផ្នែក​ផ្សេងៗ​នៃ​រាងកាយ ឬ​នៅ។

ធ្វើ​រោគវិនិច្ឆ័យ​តាម​ដំណាក់​កាល ជា​ជំនួយ​ក្នុង​ការ​ជ្រើសរើស​វិធី​ព្យាបាល​ត្រឹមត្រូវ និង មាន​ឱកាស​ច្រើន​អាច​ជា​សះស្បើយ។

៨- ព្យាបាល​ដោយ​វិធី​ណា?

គ្រូពេទ្យ​នឹង​កំណត់​ពី​ជម្រើស​ព្យាបាល​មហារីក​សុដន់ ដោយ​ផ្អែក​លើ​ប្រភេទ​មហារីក តាម​ដំណាក់​កាល និង​កម្រិត​របស់​វា ថា​តើ​កោសិកា​មហារីក​មាន​ប្រតិកម្ម​ទៅ​នឹង​អរម៉ូន​ដែរ ឬ​ទេ។ គ្រូពេទ្យ​នឹង​គិត​ពី​បញ្ហា​សុខភាព​ទូទៅ ​រួម​ទាំង​ជម្រើស​របស់​យើង​ផង​ដែរ។

ស្ត្រី​ភាគ​ច្រើន ធ្វើ​ការ​វះកាត់​មហារីក​សុដន់ និង​ទទួល​ការ​ព្យាបាល​បន្ថែម​ទៀត មុន ឬ​ក្រោយ វះកាត់ ដូចជា ព្យាបាល​បែប​គីមី ព្យាបាល​ដោយ​អ័រម៉ូន ឬ​ព្យាបាល​បែប​វិទ្យុសកម្ម។

មាន​ជម្រើស​ជាច្រើន​ សម្រាប់​ព្យាបាល​ជំងឺ​មហារីក​សុដន់ ធ្វើ​ឲ្យ​យើង​អាច​នឹង​ស្មុគ​ស្មាញ ពិបាក​សម្រេច​ចិត្ត​ជ្រើស​យក​វិធី​ព្យាបាល​ណា​មួយ។ យ៉ាង​ណា គួរ​ពិភាក្សា​យោបល់​ជាមួយ​គ្រូពេទ្យ​ឯកទេស​សុដន់ នៅ​គ្លីនិក ឬមន្ទីរពេទ្យ។

ព្យាបាល​ដោយ​វះកាត់

វះកាត់​ព្យាបាល​ជំងឺ​មហារីក​សុដន់​មាន​ដូចជា៖

– កាត់​ចេញ​ដុំ​មហារីក (lumpectomy)៖ អំឡុង​ពេល​ធ្វើ​ការ​វះ​កាត់​ Lumpectomyហៅ​បាន​ថា ការ​វះកាត់​ទុក​ផ្នែក​ខ្លះ​របស់​សុដន់ ឬ​ការ​កាត់​ចេញ​មាន​ទំហំ​ធំ ដោយ​គ្រូពេទ្យ នឹង​វះ​យក​ដុំសាច់ និង កន្លែង​ជុំវិញ​ជាប់​ជាលិកា​មាន​សុខ​ភាព​ល្អ។ Lumpectomy សម្រាប់​ធ្វើការ​វះកាត់​ដុំសាច់​តូចៗ។

– កាត់​សុដន់​ទាំងមូល​ (Mastectomy)៖ Mastectomy ធ្វើ​ឡើង​ដើម្បី​កាត់​ចេញ​នូវ​ជាលិកា​ទាំងអស់​របស់​សុដន់។ Mastectomy ភាគច្រើន មាន​ទម្រង់​ការ​កាត់​ចេញ​គ្រប់​ជាលិកា​របស់​សុដន់ ដូចជា ក្រពេញ​ទឹក​ដោះ បំពង់​បង្ហូរ​​ទឹក​ដោះ ជាលិកា​ខ្លាញ់ និង​ស្បែក​សុដន់​ខ្លះ រួម​មាន ចុង​សុដន់ និង​ រង្វង់​ជុំវិញ​ចុង​សុដន់។ វិធី​វះកាត់ Mastectomy បែប​បន្សល់​ស្បែក ទុក​សម្រាប់​គ្រប​លើ​ដើម​ទ្រូង ដើម្បី​ធ្វើ​ការ​កែ​លម្អ និង​សោភ័ណ្ឌ​ភាព។ អាស្រ័យ​លើ​ទីតាំង និង​ទំហំ​ដុំសាច់ ចុង​សុដន់​អាច​រក្សា​ទុក​ដដែល។

ការកាត់​យក​ក្រពេញ​ទឹក​រងៃរឺកូនកណ្តុរចាំយាមទៅវិភាគ (Sentinel node biopsy) ដើម្បី​កំណត់​ថា តើ​ជំងឺ​មហារីក​បាន​រីករាល​ដាល​ដល់​ក្រពេញ​ទឹក​រងៃ ឬនៅ? ជំហាន​ដំបូង គឺ​ចោះ​បង្ហូរ​ទឹក​រងៃ​ពី​ដុំ​សាច់​ជាមុន។ បើ​គ្មាន​មហារីក​ក្នុង​ក្រពេញ​ទឹក​រងៃ​ទេ ឱកាស​កើត​មហារីក​ផ្សេង​ទៀត​ក្នុង​ក្រពេញ​ទឹក​រងៃ​ដែល​នៅ​សល់ គឺ​មាន​តិច​តួច ហើយ​ក្រពេញ​ផ្សេង​ទៀត ក៏​មិន​ចាំ​បាច់​កាត់​ចេញ​ដែរ។

ការកាត់​ចេញ​នូវ​ក្រពេញ​ទឹក​រងៃ​រឺកៀរយកកូនកណ្តុរនៅក្លៀក (Axillary lymph node dissection)៖ បើ​មហារីក​បាន​រក​ឃើញ​ក្នុង​ក្រពេញ​ទឹក​រងៃ​ក្រោម​ក្លៀក គ្រូពេទ្យ​វះកាត់ នឹង​ពិភាក្សា​ជាមួយ​យើង ពី​មុន​ងារ​ក្រពេញ​នេះ មុខ​ធ្វើ​ការ​វះកាត់។

– កាត់​សុដន់​ទាំង​ពីរ​ចេញ៖ ស្រ្ដី​មួយ​ចំនួន​មាន​មហារីក​នៅ​ដោះ​ម្ខាង បាន​ជ្រើសរើស​ការ​កាត់​ចោល​នូវ​សុដន់​ម្ខាង​ទៀត (Contralateral prophylactic mastectomy) ដែល​មិន​មាន​មហារីក បើ​ពួក​គេ​មាន​ហានិភ័យ​ខ្ពស់កើត​មហារីក​លើ​ដោះ​ម្ខាង​ទៀត ដោយ​សារ​តែ​មាន​ហ្សែន​អន់ ឬ មាន​ប្រវត្តិ​គ្រួសារ​ធ្លាប់​កើត​មហារីក​សុដន់​ត​កូន​ត​ចៅ។ ស្រ្ដី​កើត​មហារីក​នៅ​សុដន់​ម្ខាង​ភាគ​ច្រើន មិន​ដែល​វិវត្ត​ទៅ​កើត​ម្ខាង​ទៀត​ទេ។ ពិភាក្សា​ពី​ហានិភ័យ​ជំងឺ​មហារីក​សុដន់​ជាមួយ​គ្រូពេទ្យ​ជំនាញ រួម​ទាំង​ផល​ចំណេញ និង គ្រោះ​ថ្នាក់​ទម្រង់​ការវះកាត់​នេះ។

ផល​វិបាក​ព្យាបាល​មហារីក​សុដន់​ដោយ​វះកាត់ អាស្រ័យ​ទៅ​លើ​ទម្រង់​យើង​ជ្រើស​រើស។ វះកាត់​មហារីក​អាច​បង្ក​ហានិភ័យ ដូច​ជា ឈឺ​ចាប់ ហូរ​ឈាម ឆ្លង​រោគ និង​ហើម​ដៃ។

ស្រីៗ​មួយ​ចំនួន​ជ្រើសរើស​ការ​ធ្វើ​ការ​កែ​លម្អ​សុដន់​ឡើង​វិញ បន្ទាប់​ពី​វះកាត់។ ពិភាក្សា​ជាមួយ​គ្រូពេទ្យ​វះកាត់​ ពាក់​ព័ន្ធ​ជម្រើស​របស់​យើង។

គួរ​ជួប​គ្រូពេទ្យ​វះកាត់​កែ​សម្ផស្ស​សិន មុន​ធ្វើការ​វះកាត់​។ ជម្រើស រួម​មាន ​កែ​លម្អ​សុដន់​ឡើង​វិញ​តាម​រយៈ​ដាក់​បញ្ចូល (ស៊ីលីកូន ឬជាតិទឹក) ឬ​កែ​លម្អ​ដោយ​ប្រើ​ជាលិកា​យើង​ផ្ទាល់។

ព្យាបាល​ដោយ​វិទ្យុសកម្ម

វិធី​ព្យាបាល​ដោយ​វិទ្យុសកម្ម គឺ​ប្រើ​រលក​ថាមពល​មាន​កម្លាំង​ខ្លាំង ដូចជា កាំរស្មី​អ៊ិច និង​ប្រូតុង ដើម្បី​សម្លាប់​កោសិកា​មហារីក ហើយ​វិធី​ព្យាបាល​នេះ​អាច​ធ្វើ​ឡើង​ដោយ​មាន ម៉ាស៊ីន​ធំ​មួយ​បាញ់​រលក​ថាមពល​ទៅ​កាន់​រាងកាយ (External beam radiation) ឬ ក៏​ដាក់​សារ​ធាតុ​វិទ្យុសកម្ម​ទៅ​ក្នុង​រាងកាយ​តែ​ម្តង (Brachytherapy)។

វិធី​ព្យាបាល (External beam radiation) ភាគ​ច្រើន​ត្រូវ​ប្រើ​ប្រាស់​បន្ទាប់​វះកាត់​សុដន់​នៅ​ដំណាក់​កាល​ដំបូង។ គ្រូពេទ្យ​នឹង​ណែនាំ​វិធី​ព្យាបាល​ដោយ​វិទ្យុសកម្ម​នៅ​ប្រអប់​ទ្រូង បន្ទាប់​ពី​ការ​វះកាត់ មាន​មហារីក​សុដន់​ធំ ឬ​រីករាល​ដាល​ទៅ​ក្រពេញ​ទឹក​រងៃ។

ផល​ប៉ះពាល់​ការ​ព្យាបាល​បែប​វិទ្យុសកម្ម មាន​ដូចជា អស់កម្លាំង និង​មាន​កន្ទួល​រមាស់ ដូច​ត្រូវ​កម្ដៅ​ថ្ងៃ​នៅ​កន្លែង​បាន​បាញ់​វិទ្យុសកម្ម។ ជាលិកា​សុដន់ អាច​ហើម ឬ​រឹង​ជាង​មុន។ បញ្ហា​ធ្ងន់ធ្ងរ​កម្រ​នឹង​កើត មាន​ដូចជា ខូចខាត​បេះដូង ឬ​សួត មហារីករើ​ឡើង​វិញ​នៅ​កន្លែង​ព្យាបាល។

ព្យាបាលដោយគីមី

ព្យាបាល​ដោយ​គីមី គឺ​ប្រើ​ថ្នាំ​ទៅ​សម្លាប់​កោសិកា​មហារីក ប្រសិន​បើ​មហារីក​មាន​ហានិភ័យ​រើ​ឡើង​ម្ដង​ទៀត ឬ​រីករាល​ដាល​ទៅ​កាន់​ផ្នែក​ណា​មួយ​នៃ​រាង​កាយ គ្រូពេទ្យ​អាច​ណែនាំ​វិធី​ព្យាបាល​ដោយ​គីមី ដើម្បី​កាត់​បន្ថយ​ការ​កើត​ឡើង​វិញ​របស់​មហារីក (Adjuvant chemotherapy)។

ជួន​កាល ព្យបាល​ដោយ​គីមី ត្រូវ​ប្រើ​លើ​ស្រីៗ​មាន​ដុំ​សាច់​មហារីក​ធំ មុន​ធ្វើ​ការ​វះកាត់ ដើម្បី បង្រួញ​ដុំ​សាច់​នោះ​ទៅ​ទំហំ​អាច​វះ​កាត់​បាន។

ព្យាបាល​ដោយ​គីមី ត្រូវ​ប្រើប្រាស់​សម្រាប់​ស្រី​មាន​មហារីក រីក​រាល​ដាល​ទៅ​កាន់​ផ្នែក​ផ្សេង​នៃ​រាង​កាយ។ ម៉្យាង​ទៀត ការ​ព្យាបាល​ដោយ​គីមី ត្រូវ​បាន​ណែនាំ​ សម្រាប់​ការ​សាកល្បង​គ្រប់គ្រង​មហារីក និង​កាត់​បន្ថយ​រោគ​សញ្ញា​ផ្សេងៗ​បង្ក​ឡើង​ដោយ​មហារីក។

ផល​ប៉ះពាល់ អាស្រ័យ​ទៅ​លើ​ឱសថ​យើង​ប្រើ​ប្រាស់ ភាគ​ច្រើន ដូច​ជា ជ្រុះ​សក់ ចង្អោរ ក្អួត អស់​កម្លាំង និង​បង្កើន​ឱកាស​ឆ្លង​រោគ។ ផល​ប៉ះពាល់​​កម្រ​ជួប​ប្រទះ ដូច​ជា អស់​រដូវ​មុន​វ័យ​កំណត់ មិន​អាច​មាន​កូន ខូចខាត​បេះដូង និង​តម្រង​នោម ខូច​ប្រព័ន្ធ​ប្រសាទ និង​កើត​មហារីក​គ្រាប់​ឈាម ​ប៉ុន្តែ​ករណី​កម្រ​ជួប​ប្រទះ​បំផុត។

ព្យាបាលដោយអ័រម៉ូន

វិធី​ព្យាបាល​ដោយ​អ័រម៉ូន ឬ​ហៅ​ថា ការ​ព្យាបាល​រាំង​ខ្ទប់​អ័រម៉ូន ជា​ញឹកញាប់​ត្រូវ​ប្រើ​សម្រាប់​ព្យាបាល​មហារីក​សុដន់​ងាយ​ប្រតិកម្ម​នឹង​អ័រម៉ូន មហារីក​ទាំង​នោះ ដូចជា មហារីក​កន្លែង​ទទួល​អ័រម៉ូន​អឺស្ត្រូសែន​វិជ្ជមាន និង​មហារីក​កន្លែង​ទទួល​អ័រម៉ូន​ប្រូហ្សេស្តេរ៉ូន​វិជ្ជមាន។

វិធី​ព្យាបាល​ដោយ​អ័រម៉ូន ត្រូវ​ប្រើ​ប្រាស់ មុន ឬ​ក្រោយ​ពេល​វះកាត់​ដើម្បី​កាត់​បន្ថយ​ឱកាស​វិល​ត្រលប់​វិញ​របស់​មហារីក ព្រម​ទាំង​បង្រួញ និង​គ្រប់​គ្រង​មហារីក បាន​រីករាល​ដាល​រួច​ហើយ​ផងដែរ។ ហើយ​ការ​ព្យាបាល​អាច​ប្រើប្រាស់​ជា​មួយ ការ​ព្យាបាល​បែប​អ័រម៉ូន​រួម​មាន៖

– ឱសថ​ទប់ស្កាត់​អ័រម៉ូន​មិន​ឲ្យ​ភ្ជាប់​ទៅ​នឹង​កោសិកា​មហារីក ដូច​ជា ពពួក​ឱសថ (SERM) ធ្វើ​ការ​ទប់​ស្កាត់​អ័រម៉ូន​អឺស្រ្ដូហ្សែន មិន​ឲ្យ​ភ្ជាប់​ទៅ​នឹង​កន្លែង​ទទួល​អ័រម៉ូន​នេះ​នៅ​លើ​កោសិកា​មហារីក ដើម្បី​ពន្យឺត​ការ​លូតលាស់​ដុំសា និង​សម្លាប់​កោសិកាដុំសាច់។ ឱសថ SERMs មាន​ដូចជា Tamoxifen raloxifen (Evista) និង Toremifene (Fareston)។ ផល​រំខាន រួម​មាន ក្ដៅ​ក្បាល និង​ក បែក​ញើស​ពេល​យប់ និង​ស្ងួត​ទ្វារ​មាស ព្រម​ទាំង​ហានិភ័យ​គួរ​ឲ្យ​កត់​សម្គាល់​ផ្សេង​ទៀត ដូចជា​ជំងឺ កំណក​ឈាម ដាច់​សរសៃ​ឈាម​ខួរក្បាល មហារីក​ស្បូន និង​ភ្នែក​ឡើង​បាយ។

– ឱសថ​ធ្វើ​ឲ្យ​រាងកាយ​ឈប់​ផលិត​អ័រម៉ូន​អឺស្រ្ដូហ្សែន ក្រោយ​ពេល​អស់​រដូវ ឈ្មោះថា Aromatase inhibitors វា មាន​អំពើ​ទៅ​ផ្អាក​សកម្មភាព​អង់ស៊ីម ដែល​បំប្លែង​អ័រម៉ូន អង់ស្ត្រូហ្សែន នៅ​ក្នុង​រាងកាយ​ឲ្យ​ទៅ​ជា អ័រម៉ូនអឺស្រ្តូហ្សែន ហើយ​ឱសថ​ទាំង​នេះ មាន​ប្រសិទ្ធិភាព​ចំពោះ​ស្រីៗ​អស់​រដូវ​ប៉ុណ្ណោះ។ ពពួកឱសថ Aromatase inhibitors រួមមាន Anastrozole (Arimidex), Letrozole (Femara) និង Exemestane (Aromasin)។ ផល​រំខាន មាន​ដូច​ជា ក្ដៅ​ក្បាល និង​ក បែក​ញើស​ពេល​យប់ និង ស្ងួត​ទ្វារ​មាស ឈឺ​សន្លាក់​សាច់ដុំ​ និង​បង្កើន​ហានិភ័យ​ធ្វើ​ឲ្យ​ឆ្អឹង​ស្ដើង (Osteoporosis)។

– ឱសថ​មាន​អំពើ​ទៅ​បំផ្លាញ​ទទួល​អ័រម៉ូន​អឺស្រ្ដូហ្សេន ដូចជា Fulvestrant (faslodex) ប្រើ​សម្រាប់​ស្រីៗ​អស់​រដូវ និង​ផល​រំខាន អាច​មាន​ជា ក្ដៅ​ក្បាល និង​ក ឈឺ​សន្លាក់ ជាដើម។

– វះកាត់​ចេញ​ក្រពេញ​អូវែ ឬ​ប្រើប្រាស់​ឱសថ​ដើម្បី​បញ្ឈប់​ការ​ផលិត​អ័រម៉ូន ចំពោះ​ស្រីៗនឹង​អស់​រដូវ ដើម្បី​បញ្ឈប់​ក្រពេញ​អូវែ​ផលិត​អ័រម៉ូន អឺស្រ្ដូហ្សែន ក៏​ជា​វិធី​មាន​ប្រសិទ្ធិភាព​ក្នុង​ការ​ព្យបាល​ដោយ​អរម៉ូន។

ឱសថ​ចំ​គោលដៅ

ព្យាបាល​ដោយ​ឱសថ​ឲ្យ​ចំ​គោល​ដៅ ដើម្បី​ធ្វើ​ការ​វាយ​ប្រហារ​ជាក់លាក់​មួយ​ទៅ​លើ កោសិកា​មហារីក​មាន​ភាព​មិន​ប្រក្រតី។ ឱសថ​គោលដៅ​សម្រាប់​ព្យាបាល​មហារីក​សុដន់​រួមមាន៖

– ឱសថ Trastuzumab (Herceptin) ជួយ​រារាំង​ប្រូតេអ៊ីន និង​សម្លាប់​កោសិកា​មហារីក ហើយ​ផល​រំខាន អាច​មាន​ ឈឺ​ក្បាល រាក និង​បញ្ហា​បេះដូង។

– ឱសថ Pertuzumab (Perjeta) អាច​ប្រើ​ជាមួយ​ឱសថ Trastuzumab និង​ព្យាបាល​បែប​គីមី ហើយ​ការ​ផ្សំ​ឱសថ​ទាំងពីរ​មុខ​នេះ គឺ​សម្រាប់​តែ​ស្រ្ដី​មិន​ប្រើប្រាស់​ថ្នាំ​ព្យាបាលមហារីក ហើយ​ផល​រំខាន មាន​ដូច​ជា រាក ជ្រុះសក់ និង​បញ្ហា​បេះដូង។

– ឱសថ Ado-trastuzumab (Kadcyla) អាច​ផ្សំ​ជាមួយ​ឱសថTrastuzumab និង​ឱសថCell-killing ហើយ​ការ​ផ្សំ​នេះ ជួយ​ស្វែង​រក​កោសិកា​មហារីក នៅ​ពេល​វា​ចូល​ទៅ​ក្នុង​រាងកាយ​យើង។ ឱសថAdo-trastuzumab អាច​ជា​ជម្រើស​សម្រាប់​ស្រីៗ មាន​ជំងឺ​មហារីក​សុដន់​ដំណាក់​កាល​ចុង​ក្រោយ និង​ធ្លាប់​ប្រើ​ឱសថ Tratuzumab រួម​ទាំង​វិធី​ព្យាបាល​ដោយ​គីមី។

– ឱសថLapatinib (Tykerb) អាច​ប្រើ​ផ្សំ​ជាមួយ​វិធី​ព្យាបាល​ដោយ​គីមី ឬ​ព្យាបាល​ដោយ​អ័រម៉ូន ហើយ​ផល​រំខាន មាន​ដូច​ជា រាគ ឈឺ​ដៃ​ជើង ចង្អោរ និង​បញ្ហា​បេះដូង។

– ឱសថPalbociclib (Ibrance) ប្រើ​ជាមួយ​ឱសថ Aromatase inhibitors សម្រាប់​ស្រីៗ​មាន​មហារីក​សុដន់​ដំណាក់​កាល​ចុង​ក្រោយ ផល​រំខាន​មាន ដូចជា បង្កើន​ហានិភ័យ​ការ​ឆ្លង​មេរោគ អស់​កម្លាំង និង​ចង្អោរ។

– ឱសថEverolimus (Afinitor) ប្រើ​ជាមួយ​ឱសថ Exemestane សម្រាប់​ស្រីៗ​មាន​ជំងឺ​មហារីក​ដំណាក់​កាល​ចុង​ក្រោយ ហើយ​ផល​រំខាន មានដូចជា ដំបៅ​មាត់ បង្កើន​ហានិភ័យ​ឆ្លង​មេរោគ កន្ទួល​រមាស់ និង​បញ្ហា​សួត។

ថែទាំ និងគាំទ្រ

វិធី​ថែទាំ និង​គាំទ្រ ត្រូវ​ចាត់​ទុក​ជាវិធី​ថែទាំ​បែប​វេជ្ជសាស្រ្ដ មាន​លក្ខណៈ​បច្ចេកទេស ផ្ដល់​ភាព​ធូរ​ស្រាល​ពី​ការ​ឈឺចាប់ និង​រោគសញ្ញា​ផ្សេងៗ​របស់​ជំងឺ​ដែល​មាន​ស្ថាន​ភាព​ធ្ងន់ធ្ងរ ហើយ​វិធី​ថែទាំ​នេះ អាច​ប្រើ​បាន​អំឡុង​ពេល​ព្យាបាល​ទ្រង់​ទ្រាយ​ធំ ដូចជា ការ​វះកាត់ ការ​ព្យាបាល​ដោយ​គីមី​ ឬ​ព្យាបាល​ដោយ​វិទ្យុសកម្ម។

អាន៖

ផ្លាស់ប្តូរទម្លាប់​រស់នៅ

៩- ទម្លាប់រស់នៅ

ផ្លាស់​ប្តូរ​ទម្លាប់​រស់​នៅ និង​វិធី​ព្យាបាល​នៅ​ផ្ទះ អាច​ជួយ​បង្ការ និង​គ្រប់គ្រង​ស្ថាន​ភាព​ជំងឺ​បាន​ដូចជា៖

– ពិភាក្សា​ជាមួយ​វេជ្ជបណ្ឌិត​ពី​ពេល​វេលា​សក្ដិសម​ធ្វើតេស្ត និង​ឆ្លុះ​មើល​មហារីក​សុដន់ មាន ពិនិត្យ​មើល​សុដន់ និង​ការ​ថត​ម៉ាម៉ូក្រាម។ សួរ​ពី​ផលប្រយោជន៍ និង​ហានិភ័យ​ក្រោយ​ថត​មើល​សុដន់។ ការ​សម្រេច​ចិត្ត​ជាមួយ​គ្រូពេទ្យ អាច​ជួយ​យើង​រក​បាន​យុទ្ធសាស្ត​ដ៏​ត្រឹមត្រូវ​ក្នុង​ការ​ថត​មើល​មហារីក​សុដន់។

– រៀន​សម្គាល់​សុដន់​ឲ្យ​បាន​ច្បាស់ តាមរយៈ​ការ​ពិនិត្យ​សុដន់​ដោយ​ខ្លួន​ឯង ប្រសិន​បើ​មាន ការ​ប្រែប្រួល ដុំ​ពក ឬ​អ្វី​ជា​សញ្ញា​មិន​ប្រក្រតី​ក្នុង​សុដន់ ប្រញាប់​ទៅ​ជួប​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ឲ្យ​បាន​ឆាប់​រហ័ស។ យល់​ដឹង​ពី​សុដន់ អាច​ជួយ​ឲ្យ​យើង​យល់​កាន់​តែ​ច្បាស់ ពី​ការ​ប្រែប្រួល​ធម្មតា​សុដន់​ និង​បែង​ចែក​ឲ្យ​ច្បាស់​ពី​អការៈ និង​រោគសញ្ញា​មិន​ប្រក្រតី។

– ផឹក​គ្រឿង​ស្រវឹង តិច​ជាង​មួយ​កែវ​ក្នុង​មួយ​ថ្ងៃ។ ហាត់​ប្រាណ​ឲ្យ​បាន​ច្រើន​ថ្ងៃ​ក្នុង​មួយ​សប្ដាហ៍ យ៉ាងតិច ៣០ នាទី/ថ្ងៃ។ បើ​យើង​មិន​សូវ​ហាត់​ប្រាណ គួរ​តែ​សួរ​យោបល់​ពី​គ្រូពេទ្យ និង ចាប់​ផ្ដើម​បន្ដិច​ម្ដងៗ។

– កំណត់​ការ​ព្យាបាល​បែប​អ័រម៉ូន​ក្រោយ​ពេល​អស់​រដូវ ព្រោះ​ព្យាបាល​បែប​អ័រម៉ូន​ផ្សំ​គ្នា អាច​បង្កើន​ហានិភ័យ​កើត​មហារីក​សុដន់ ហេតុនេះ​គួរ​ពិភាក្សា​ជាមួយ​ពេទ្យ​ពី​ផល​ប្រយោជន៍ និង​ហានិភ័យ​ព្យាបាល​ដោយ​អ័រម៉ូន។ ស្រីៗ​មួយ​ចំនួន ជួប​ប្រទះ​រោគ​សញ្ញា​គួរ​ឲ្យ​រំខាន​អំឡុង​ពេល​អស់​រដូវ និង បង្កើន​ហានិភ័យ​មហារីក​សុដន់។ ដើម្បី​កាត់​បន្ថយ ហានិភ័យ​មហារីក យើង​គួរ​បន្ថយ​ចំនួនក​ម្រិត​ព្យាបាល​ដោយ​អ័រម៉ូន ដោយ​ប្រើ​ត្រឹម​រយៈពេល​ខ្លី។

– រក្សា​ទម្ងន់​ឲ្យ​មាន​សុខភាព​ល្អ បើ​ទម្ងន់​បច្ចុប្បន្ន​មាន​សុខភាព​ល្អ ត្រូវ​ធ្វើ​លំហាត់​ប្រាណ​ដើម្បី​រក្សា​ទម្ងន់។ បើ​ចង់​សម្រក​ទម្ងន់ គួរ​បន្ថែម​ការ​ហាត់​ប្រាណ និង កាត់​បន្ថយ​ចំនួន​កាល់ឡូរី​ ក្នុងអាហារ​ប្រចាំ​ថ្ងៃ។ ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ រៀប​ចំផែន​កា​រសម្រក​ទម្ងន់ និង​ជ្រើសរើស​របប​អាហារ​ជួយ​ដល់​សុខភាព។ ញ៉ាំ​អាហារ​បំប៉ន​ជាមួយ​ប្រេង​អូលីវ លាយ​ជាមួយ​សណ្ដែក អាច​ជួយ​កាត់​បន្ថយ​ហានិភ័យ។ ម្ហូប​អាហារ​ផ្សុំ​ពី​រុក្ខជាតិ ដូចជា បន្លែ ផ្លែឈើ គ្រាប់​ធញ្ញជាតិ ដំឡូង និង​សណ្ដែក សុទ្ធ​តែ​ល្អ​សម្រាប់​សុខភាព។

អាន៖

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ត្រួតពិនិត្យដោយ គ្រូពេទ្យឯកទេស.

សាស្ត្រាចារ្យវេជ្ជបណ្ឌិត គាន់ អូន

សម្ភពនិងរោគស្រ្តី · មន្ទីរពេទ្យកាល់ម៉ែត


អត្ថបទ​ដោយ យ៉ានណែត​ នីគែល · កែ Apr 08, 2022

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម