backup og meta

អាហារ និងភេជ្ជៈទាំងនេះ អាចជួយបន្ថយអាការៈចាញ់កូន

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ សុខ វណ្ណ · កែ Apr 04, 2023

    អាហារ និងភេជ្ជៈទាំងនេះ អាចជួយបន្ថយអាការៈចាញ់កូន

    ការចាញ់កូនបណ្តាលម៉ាក់ៗពពោះមួយចំនួនចង្អោរ ឬក្អួត និងមិនស្រួល​ក្នុងខ្លួន។ ការចាញ់កូន​តិចតួច​មិនបណ្តាលឱ្យម៉ាក់ៗ ឬកូនក្នុងផ្ទៃមានគ្រោះថ្នាក់ទេ តែបើម៉ាក់ៗចាញ់កូនខ្លាំង​អាចបណ្តាល​ឱ្យ​ខ្វះសារធាតុចិញ្ចឹម និងបាត់បង់អេឡិចត្រូលីត។ ដូច្នេះដើម្បីជួយបន្ធូរអាការៈ​ចាញ់កូន ម៉ាក់ៗ​គួរញុំាអាហារ និងភេជ្ជៈណាខ្លះ?

    ហេតុអ្វីបានជាម៉ាក់ៗពពោះភាគច្រើនចាញ់កូន? ម៉ាក់ៗពពោះភាគច្រើន​ចាញ់កូនដោយសារការ​កើន​ឡើង​នៃអ័រម៉ូនក្នុងអំឡុងពេលពពោះ។

    ជាទូទៅម៉ាក់ៗពពោះអាចមានអាការៈចាញ់កូននៅសប្តាហ៍ទី ៥ ឬទី៦ នៃ​ការមានផ្ទៃពោះ ហើយ​អាច​ចាញ់ខ្លាំងនៅអំឡុងប្តាហ៍ទី ៩ តែបន្ទាប់ពីសប្តាហ៍ទី ១២ ឬសប្តាហ៍ទី ១៦ ម៉ាក់ៗ​មួយ​ចំនួនអាចបាត់ចាញ់កូនដោយឯកឯង។

    ទោះបីជាយ៉ាងណាក៏ដោយ ម៉ាក់ៗពពោះ ១៥%-២០% អាចបន្តចាញ់កូនរហូតដល់ត្រីមាសទី ៣ ហើយ​ម៉ាក់ៗពពោះ ៥% ទៀតអាចចាញ់កូនរហូតដល់ពេលសម្រាល។

    ខាងក្រោមនេះជាអាហារ និងភេជ្ជៈមួយចំនួនដែលអាចជួយកាត់បន្ថយអាការៈចាញ់កូនបាន៖

    ១. ខ្ញី

    ​ខ្ញី និងក្លិនរបស់​ខ្ញីអាចជួយបំបាត់អាការៈ​ចាញ់កូនបាន។ លើសពីនេះទៅទៀត​ ខ្ញីក៏អាចជួយដល់​ការ​រំលាយអាហារ និងប្រឆាំងនឹងការរលាកក្នុងខ្លួនដែរ។​

    ម៉ាក់ៗ​អាច​ញុំាអាហារដែលមានលាយខ្ញី ឬញុំាតែ​ខ្ញីក៏បាន ប៉ុន្តែម៉ាក់ៗមិន​ត្រូវញុំាខ្ញីលើសពី ១០០០ មីល្លីក្រាមក្នុងមួយថ្ងៃទេ ព្រោះអាចបណ្តាល​ឱ្យ​មានផលប៉ះពាល់។ ជាទូទៅការញុំាខ្ញី ២៥០ មីល្លីក្រាម​ក្នុងមួយថ្ងៃអាចជួយបំបាត់អាការៈចាញ់កូនបានហើយ។

    ២. ជីរអង្កាម

    ជីរអង្កាមមានប្រសិទ្ធភាពក្នុងការកាត់បន្ថយអាការៈចាញ់កូនស្រដៀងនឹងខ្ញីដែរ ហើយអាចធ្វើឱ្យ​ខ្យល់​ដង្ហើមម៉ាក់ៗស្រស់ថ្លា និងកាត់បន្ថយអាការៈមិនស្រួលក្នុងពោះទៀតផង។ ម៉ាក់ៗអាចញុំា​ជីរ​អង្កាមដោយលាយជាមួយអាហារ ឬញុំាស្ករកៅស៊ូរសជាតិ​​ជីរអង្កាម ឬតែជីរអង្កាមក៏បាន។

    ៣. ក្រូចឆ្មារ

    ក្លិន និងទឹកក្រូចឆ្មារអាចកាត់បន្ថយអាការៈចាញ់កូនបាន។ ម៉ាក់ៗអាច​បន្ថែមទឹកក្រូចឆ្មារចូលអាហារ ឬញុំាទឹកក្រូចឆ្មារលាយទឹកក្តៅឧណ្ហៗក៏បាន។ ប្រសិនបើម៉ាក់ៗឈឺក្រពះ ហើយមិនអាចញុំា​ទឹក​ក្រូច​ឆ្មារបាន ម៉ាក់ៗអាចហិតក្លិនសម្បកក្រូចឆ្មារក៏បាន។

    ក្រូចឆ្មារ

    ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

    ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!

    ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!

    ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!

    ៤. អាហារសម្បូរប្រូតេអ៊ីន

    តាមការសិក្សាបានឱ្យដឹងថាការមានជាតិស្ករក្នុងឈាមទាបអាចបង្កឱ្យម៉ាក់ៗចាញ់កូនកាន់តែខ្លាំង។ ជាទូទៅអាហារដែលផ្ទុកប្រូតេអ៊ីនខ្ពស់ត្រូវការពេលយូរក្នុងការរំលាយ។

    ដូច្នេះការញុំាអាហារសម្បូរប្រូតេអ៊ីនអាច​ជួយ​កាត់បន្ថយអាការៈចាញ់កូនរបស់ម៉ាក់ៗបានដោយការពារក្រពះ និង​ផ្លូវរំលាយអាហារម៉ាក់ៗពីភាពតានតឹងដែលគ្មានអាហារ។

    អាហារសម្បូរទៅដោយប្រូតេអ៊ីនមានដូចជាគ្រាប់ផ្លែឈើ ស៊ុត សណ្តែក សាច់សុទ្ធ សាច់ទ្រូងមាន់ ត្រី និងយ៉ាអួរជាដើម។

    ៥. អាហារសម្បូរវីតាមីន B6

    វីតាមីន B6 មិនត្រឹមតែអាចកាត់បន្ថយអាការៈចាញ់កូនទេ ថែមទាំង​ជួយជំរុញការផលិតកោសិកា​ឈាម​ក្រហមទៀតផង។ អាហារសម្បូរទៅដោយវីតាមីន B6 មានដូចជា សាច់សុទ្ធ គ្រាប់​ធញ្ញជាតិ អង្ករ​សម្រូប ផ្លែបឺរ ចេក សារី ត្រី ពោត ការ៉ុត និងគ្រាប់ផ្លែឈើជាដើម។

    ៦. អាហារផ្ទុកកាបូអ៊ីដ្រាត

    អាហារផ្ទុកកាបូអ៊ីដ្រាតរួមមាននំបុ័ង មី បាយ ប៉ាស្តា ដំឡូងបារាំងអាច​ជួយ​កាត់បន្ថយអាកាៈចាញ់​កូនរបស់ម៉ាក់ៗបានដោយសារងាយរំលាយ និង​ធ្វើឱ្យម៉ាក់ៗមានកម្លាំងឆាប់។

    ៧. បន្លែ និងផ្លែឈើស្រស់

    ផ្លែឈើ និងបន្លែស្រស់មិនត្រឹមតែល្អចំពោះមានសុខភាពម៉ាក់ៗទេ ថែមទាំងអាចកាត់បន្ថយអាការៈ​ចាញ់កូន​បានទៀតផង ព្រោះសម្បូរទៅដោយ​សារធាតុចិញ្ចឹម និងជាតិសរសៃដែលជួយដល់​ការ​រំលាយ​អាហារ។

    ម៉ាក់ៗគួរញ៉ាំផ្លែឈើដែលសម្បូរជាតិទឹកដូចជា ឪឡឹក ត្រសក់ស្រូវ ប៉ោម សារី ឬ ក្រូចជាដើម​ដើម្បី​បំពេញជាតិទឹក និងគួរចៀសវាងផ្លែឈើដែលមានរសជាតិផ្អែមខ្លាំង ព្រោះ​អាច​បណ្តាល​ឱ្យមានបញ្ហារំលាយអាហារ។

    ពេលចាញ់កូន ម៉ាក់ៗត្រូវញុំាទឹក ឬទឹកដូងឱ្យបានច្រើនដើម្បីកុំឱ្យខ្សោះជាតិទឹកក្នុងខ្លួន និង​ដើម្បី​បំពេញ​អេឡិចត្រូលីតឡើងវិញ និងត្រូវញុំា​អាហារ​ដែលមានរសជាតិសាបៗទើបងាយរំលាយ។ ទោះបី​ជាម៉ាក់ៗមិនឃ្លាន ឬញុំាមិនឆ្ងាញ់ក៏ដោយ ក៏ម៉ាក់ៗត្រូវព្យាយាមញុំាដែរ​ដើម្បី​ឱ្យមានកម្លាំង​ទើប​មិនសូវធ្វើទុកដោយសារចាញ់កូន។

    អត្ថបទគួរអាន៖

    ចំណុចសំខាន់

    អាហារ និងភេជ្ជៈមួយចំនួនដែលអាចជួយកាត់បន្ថយអាការៈចាញ់កូនបាន៖
    • ខ្ញីមិនត្រឹមតែអាច​បំបាត់អាការៈ​ចាញ់កូនទេ ថែមទាំងជួយដល់ការរំលាយអាហារ និងប្រឆាំងនឹងការរលាកក្នុងខ្លួនទៀត
    • ជីរអង្កាមអាចកាត់បន្ថយអាការៈចាញ់កូន ហើយអាចធ្វើឱ្យខ្យល់ដង្ហើមម៉ាក់ៗស្រស់ថ្លា និងកាត់បន្ថយអាការៈមិនស្រួលក្នុងក្រពះទៀតផង
    • ក្លិន និងទឹកក្រូចឆ្មារអាចកាត់បន្ថយអាការៈចាញ់កូនបាន ហើយប្រសិនបើម៉ាក់ៗឈឺក្រពះ ម៉ាក់ៗអាចហិតក្លិនសម្បកក្រូចឆ្មារក៏បាន
    • អាហារសម្បូរប្រូតេអ៊ីនត្រូវការពេលយូរក្នុងការរំលាយ ដែលមិនធ្វើឱ្យកម្រិតជាតិស្ករក្នុងឈាមម៉ាក់ៗចុះទាបលឿនដែលអាចបណ្តាលឱ្យម៉ាក់ៗចាញ់កូនកាន់តែខ្លាំង
    • អាហារសម្បូរវីតាមីន B6 អាចកាត់បន្ថយអាការៈចាញ់កូន និងជួយជំរុញការផលិតកោសិកាឈាមក្រហម
    • អាហារផ្ទុកកាបូអ៊ីដ្រាតងាយរំលាយ និងធ្វើឱ្យម៉ាក់ៗមានកម្លាំងឆាប់
    • ផ្លែឈើ និងបន្លែស្រស់សម្បូរទៅដោយសារធាតុចិញ្ចឹម និងជាតិសរសៃដែលជួយដល់ការរំលាយអាហារ

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ សុខ វណ្ណ · កែ Apr 04, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម