backup og meta

បើម៉ាក់ៗមានទម្លាប់ទាំងនេះ នឹងធ្វើឱ្យអាការៈចាញ់កូនកាន់តែធ្ងន់ធ្ងរ

បើម៉ាក់ៗមានទម្លាប់ទាំងនេះ នឹងធ្វើឱ្យអាការៈចាញ់កូនកាន់តែធ្ងន់ធ្ងរ

ម៉ាក់ៗពពោះភាគច្រើនចាញ់កូននៅត្រីមាសទី ១ នៃការមានផ្ទៃពោះដែល​ធ្វើឱ្យម៉ាក់ៗចង្អោរ ក្អួត ញុំា​អីមិនឆ្ងាញ់ និងមិនស្រួលក្នុងខ្លួន។ ទន្ទឹម​នឹងនេះដែរ ទម្លាប់សាមញ្ញមួយចំនួន​ក៏ធ្វើឱ្យអាការៈ​ចាញ់​កូន​កាន់​តែធ្ងន់ធ្ងរដែរ។ តើពេលចាញ់កូនម៉ាក់ៗគួរចៀសវាងអ្វីខ្លះ?

ម៉ាក់ៗពពោះមួយចំនួនអាចមិនសូវចាញ់ តែម៉ាក់ៗមួយចំនួនទៀតអាច​ចាញ់កូនខ្លាំង។ ខាងក្រោម​នេះជាកត្តាដែលអាចធ្វើឱ្យអាការៈចាញ់កូនរបស់ម៉ាក់ៗតែធ្ងន់ធ្ងរ៖

១. ញុំាតិចពេក ឬឆ្អែតពេក

ការញុំាតិចពេកធ្វើឱ្យក្រពះយើងមិនសូវមានអាហារកិន ហើយការញុំាច្រើន​ពេក​ធ្វើឱ្យក្រពះយើង​មាន​បញ្ហា​ក្នុងការកិនអាហារ ឬត្រូវការពេលយូរដើម្បីកិនអាហារដែល​សុទ្ធតែជាកត្តាអាចបណ្តាល​ឱ្យ​យើងមានអាការៈ​ចង្អោរ។

២. ញុំាំអាហារមានជាតិខ្លាញ់ច្រើន

អាហារមានជាតិខ្លាញ់ច្រើនដូចជា អាហារបំពង សាច់ជាប់ខ្លាញ់ ឈឺស ប័រ ជាដើមធ្វើឱ្យយើងមាន​បញ្ហា​ក្រពះពោះវៀន ព្រោះពិបាកក្នុងការរំលាយ។

៣. ញុំាអាហារផ្អែមខ្លាំង

អាហារផ្អែមៗ ជាពិសេសអាហាដូចជា បង្អែម ទឹកក្រូច នំខេក​ជាដើម​ត្រូវការពេលយូរក្នុងការរំលាយ ហើយពេលខ្លះអាហារទាំងនេះមានផ្ទុកជាតិខ្លាញ់ខ្ពស់ទៀតផង។

៤. ញុំាអាហារមានក្លិនខ្លាំង

ក្នុងអំឡុងពេលពពោះ ដោយសារការប្រែប្រួលអ័រម៉ូន ឃានវិញ្ញាណម៉ាក់ៗអាច​ប្រែប្រួលដែល​ធ្វើឱ្យ​ម៉ាក់ៗចាញ់ក្លិនមួយចំនួន និងទ្រាំមិនបានរហូតដល់ចង្អោរ ឬក្អួត។ ការញុំាអាហាអាហារ​ដែលមាន​ក្លិនខ្លាំងដូចជា ខ្ទឹមស និងខ្ទឹមបារាំងជាដើមអាចបណ្តាលឱ្យម៉ាក់ៗចាញ់កូនកាន់តែខ្លាំង។

៥. ញុំាគ្រឿងស្រវឹង

ការញុំាគ្រឿងស្រវឹងអាចបណ្តាលឱ្យរលាកស្រទាប់ក្រពះ បង្កើនការផលិតជាតិអាស៊ីដក្នុងក្រពះ និង​ធ្វើឱ្យក្រពះកិនអាហារយឺតជាងមុនដែលជាហេតុធ្វើឱ្យម៉ាក់ៗចង្អោរ និងក្អួត។ ម៉្យាងទៀត ការញុំា​គ្រឿង​ស្រវឹងក៏បណ្តាល​ឱ្យម៉ាក់ៗមានបញ្ហាច្រាលទឹកអាស៊ីដក្រពះដែរ។

៦. ញុំាជាតិកាហ្វេអ៊ីន

ជាតិកាហ្វេអ៊ីននៅក្នុងកាហ្វេ ភេជ្ជៈប៉ូវកម្លាំង ឬ ទឹកក្រូចជាដើមអាចជំរុញ​ឱ្យក្រពះផលិត​អាស៊ីដ​កាន់​តែច្រើនដែលបណ្តាលឱ្យម៉ាក់ៗចង្អោរ ក្អួត ឈឺពោះ មិនស្រួលក្នុងក្រពះ និងច្រាល​ទឹក​អាស៊ីដ​ក្រពះ។

កាហ្វេ

ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!

ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!

ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!

៧. ញុំាហឹរ

ម៉ាក់ៗពពោះមួយចំនួនអាចចូលចិត្តញុំាហឹរ ឬទម្លាប់ញុំាហឹរតាំងពីមិនទាន់ពពោះម្ល៉េះ។ ការញុំាហឹរ​អាច​បណ្តាលឲ្យក្រពះ និងពោះវៀនម៉ាក់ៗក្រហាយ និងឈឺដែលធ្វើឱ្យអាការៈចង្អោរ និងក្អួត​កាន់​តែ​ធ្ងន់ធ្ងរ។

៨. មិនសូវញុំាទឹក

ក្នុងអំឡុងពេលពពោះ កម្រិតឈាមក្នុងខ្លួនម៉ាក់ៗនឹងកើនឡើង ៥០% ដូច្នេះម៉ាក់ៗត្រូវការ​ញ៉ាំទឹកឱ្យ​បាន​គ្រប់គ្រាន់។ ម្យ៉ាងទៀត ពេលម៉ាក់ចង្អោរ ឬក្អួត ម៉ាក់ៗនឹងបាត់បង់ជាតិទឹក និងអេឡិចត្រូលីត​ដែល​ធ្វើឱ្យម៉ាក់ៗកាន់តែខ្សោយ និងអស់កម្លាំង។

លើសពីនេះទៅទៀត ការញុំាទឹកអាចជួយបំពេញជាតិទឹកក្នុងខ្លួនម៉ាក់ៗឡើងវិញ និងអាចជួយកាត់​បន្ថយអាការៈចាញ់កូនបាន ដូច្នេះ ម៉ាក់ៗគួរញុំាទឹកយ៉ាងហោច​ណាស់​​២ លីត្រក្នុងមួយថ្ងៃ ឬញុំា​ទឹក​ដូងដើម្បីបំពេញអេឡិចត្រូលីតឡើងវិញ។

៩. មិនញុំាអាហារ

ម៉ាក់ៗមួយចំនួនអាចទម្លាប់មិនញុំាអាហារពេលព្រឹក។ លើសពីនេះទៅ​ទៀត ការចាញ់កូនអាច​ធ្វើ​ឱ្យ​ម៉ាក់ៗមិនឃ្លាន ញុំាមិនឆ្ងាញ់ ឬញុំាហើយក្អួតវិញអស់។

ការគ្មានអាហារនៅក្នុង​ពោះអាច​ធ្វើឱ្យក្រពះ​ម៉ាក់ៗមានបញ្ហា ព្រោះក្រពះគ្មានអាហារកិនដែលអាចបណ្តាលឱ្យម៉ាក់ៗចង្អោរ ​និងក្អួត។ ម៉ាក់ៗគួរ​ញុំា​អាហារ​​តិចល្មម និងត្រូវញុំាអាហារសម្រន់បន្ថែម។

១០. គេងភ្លាមបន្ទាប់ពីញុំាអាហារ

ពេលម៉ាក់ៗចាញ់កូន ម៉ាក់ៗអាចអស់កម្លាំង ហើយងងុយគេង ប៉ុន្តែម៉ាក់ៗ​គួររង់ចាំយ៉ាង​ហោច​ណាស់កន្លះម៉ោង ទៅមួយម៉ោងដើម្បីឱ្យក្រពះ​កិនអាហារសិន ចៀសវាងគេងភ្លាម​បន្ទាប់​ពី​ញុំា​អាហារ​​រួចដែលបណ្តាល​ឱ្យ​អាហារច្រាលចេញពីក្រពះ។

១១. ដុសធ្មេញភ្លាមបន្ទាប់ពីញុំាអាហាររួច

ការដុសធ្មេញភ្លាមបន្ទាប់ពីញ៉ាំអាហាររួចអាចបណ្តាលឱ្យច្រាលអាស៊ីដ​ក្រពះ​ដែលធ្វើឱ្យម៉ាក់ៗ​ចង្អោរ ឬក្អួត។ បើម៉ាក់ៗចង់ដុសធ្មេញ បន្ទាប់​ពី​ញុំា​អាហារ ម៉ាក់ៗគួររង់ចាំ ៣០នាទីសិន។

១២. នឿយហត់ពេក

ការគេង និងសម្រាកឱ្យបានច្រើនអាចកាត់បន្ថយអាការៈចាញ់កូនបាន ប្រសិនបើម៉ាក់ៗ​ធ្វើការ​ច្រើន​ពេក ឬនឿយហត់ពេក ម៉ាក់ៗនឹងខ្សោយ ហើយអស់កម្លាំងដែលធ្វើឱ្យម៉ាក់ៗចាញ់កូនកាន់តែខ្លាំង។

ទោះបីជាម៉ាក់ៗមិនអាចការពារមិនឱ្យចាញ់កូនបាន តែការផ្លាស់ប្តូររបៀបរស់នៅ និងរបបអាហារត្រឹម​ត្រូវ​ ​អាច​កាត់បន្ថយ និងមិនបណ្តាលឱ្យអាការៈ​​ចាញ់កូនកាន់តែធ្ងន់ធ្ងរ។

អត្ថបទគួរអាន៖

ចំណុចសំខាន់៖

ទម្លាប់​សាមញ្ញ​ធ្វើឱ្យអាការៈចាញ់កូនកាន់តែធ្ងន់ធ្ងរ៖
  • ការញុំាតិចពេក ឬឆ្អែតពេកសុទ្ធតែបណ្តាលឱ្យក្រពះមានបញ្ហា
  • ការញុំាំអាហារមានជាតិខ្លាញ់ច្រើនធ្វើឱ្យម៉ាក់ៗមានបញ្ហាក្រពះពោះវៀន ព្រោះពិបាកក្នុងការរំលាយ
  • ការញុំាអាហារផ្អែមខ្លាំងក៏ធ្វើឱ្យមានបញ្ហាក្នុងការរំលាយអាហារដែរ
  • ការញុំាអាហារដែលមានក្លិនខ្លាំងដូចជា ខ្ទឹមស និងខ្ទឹមបារាំង
  • ការញុំាគ្រឿងស្រវឹងអាចបណ្តាលឱ្យរលាកស្រទាប់ក្រពះ បង្កើនការផលិតជាតិអាស៊ីដក្នុងក្រពះ ធ្វើឱ្យក្រពះកិនអាហារយឺតជាងមុន និងបណ្តាលឱ្យច្រាលទឹកអាស៊ីដក្រពះ
  • ការញុំាជាតិកាហ្វេអ៊ីនអាចជំរុញឱ្យក្រពះផលិតអាស៊ីដកាន់តែច្រើន
  • ការញុំាហឹរអាចបណ្តាលក្រពះ និងពោះវៀនម៉ាក់ៗក្រហាយ និងឈឺ
  • ការមិនសូវញុំាទឹកធ្វើឱ្យម៉ាក់ៗខ្វះជាតិទឹក និងអេឡិចត្រូលីតដែលបណ្តាលឱ្យម៉ាក់ៗកាន់តែខ្សោយ និងអស់កម្លាំង
  • ការមិនញុំាអាហារធ្វើក្រពះម៉ាក់ៗថមានបញ្ហា ព្រោះគ្មានអាហារកិន
  • ការគេងភ្លាមបន្ទាប់ពីញុំាអាហារបណ្តាលឱ្យអាហារច្រាល់ចេញពីក្រពះ
  • ការគេងភ្លាមបន្ទាប់ពីញុំាអាហារបណ្តាលឱ្យអាហារច្រាល់ចេញពីក្រពះ
  • ការដុសធ្មេញភ្លាមបន្ទាប់ពីញុំាអាហាររួចក៏អាចបណ្តាលឱ្យច្រាល់អាស៊ីដក្រពះដែរ
  • ការនឿយហត់ពេកធ្វើឱ្យម៉ាកៗខ្សោយ ហើយអស់កម្លាំងកាន់តែខ្លាំង

[embed-health-tool-pregnancy-weight-gain]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Morning Sickness Remedies
https://americanpregnancy.org/healthy-pregnancy/pregnancy-health-wellness/morning-sickness-remedies/

Morning sickness
https://www.healthywa.wa.gov.au/Articles/J_M/Morning-sickness

Morning Sickness? 10 Tips to Tame Your Turbulent Tummy Day or Night
https://health.clevelandclinic.org/morning-sickness-10-tips-to-tame-your-turbulent-tummy-day-or-night/

Morning Sickness: 5 Things That Help & 5 Things That Make It Worse
https://www.healthymummy.com/morning-sickness-5-things-that-help-5-things-that-make-it-worse/

What Not To Eat When You Have Morning Sickness?
https://www.epainassist.com/diet-and-nutrition/what-not-to-eat-when-you-have-morning-sickness

5 ways you’re making morning sickness worse
https://www.pregnancymagazine.com/pregnancy/pregnancy-health/5-ways-youre-making-morning-sickness-worse

How You May Be Making Your Morning Sickness Worse
https://www.babygaga.com/you-might-make-morning-sickness-worse/

10 foods that will help your morning sickness — and 7 things that will make it worse
https://www.insider.com/best-and-worst-foods-for-morning-sickness-2018-8#onions-are-a-no-go-11

Morning Sickness Diet: 10 Most Satisfying & Healthy Snacks
https://wellnessnova.com/best-foods-for-morning-sickness/

កំណែ​ប្រែបច្ចុប្បន្ន

09/03/2022

អត្ថបទ​ដោយ សុខ វណ្ណ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

ស្រីៗដឹង​ទេ អាការៈចាញ់កូន​កើនឡើងខ្លាំង​នៅសប្ដាហ៍ទីប៉ុន្មាន?

បន្ថយអាការៈចាញ់កូន រមួលក្រពើពេលពពោះ កុំរំលងផ្លែឈើទាំងនេះ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ សុខ វណ្ណ · កែ Mar 09, 2022

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម