អំឡុងពេលពពោះ រាងកាយម៉ាក់ៗតែងប្រឈមនឹងការប្រែប្រួលជៀសមិនផុតឡើយ ដូចជាសុដន់រីកធំ ឬនោមញឹកញាប់ជាដើម។ ប៉ុន្តែ ម៉ាក់ៗដឹងអត់ថា ច្រមុះយើងក៏អាចប្រែប្រួលអំឡុងពេលពពោះដូចគ្នា។ តើបញ្ហាច្រមុះរីកធំអំឡុងពេលពពោះជារឿងធម្មតា ឬគួរឲ្យបារម្ភ?
មូលហេតុនៃច្រមុះរីកធំអំឡុងពេលពពោះ
អ្នកជំនាញបានឲ្យដឹងថា ចាប់ពីត្រីមាសទី១ និងត្រីមាសទី២ សរសៃឈាមអាចរីកធំ ដើម្បីទប់ទល់ទៅនឹងការលូតលាស់របស់ទារក អាចបណ្តាលឲ្យកើនឡើងលំហូរឈាមទៅក្នុងភ្នាសរម្អិលក្រោមច្រមុះ ជាហេតុនាំឲ្យច្រមុះរីកធំ។ ក្នុងអំឡុងត្រីមាសទី៣ ម៉ាក់ៗខ្លះក៏អាចជួបប្រទះបញ្ហាចាល់ទឹកនៅក្នុងផ្ទៃមុខ ដែលធ្វើឲ្យច្រមុះឡើងហើម។ យ៉ាងណាមិញ បញ្ហាច្រមុះរីកធំមិនមានអ្វីគួរឲ្យយើងបារម្ភឡើយ ហើយករណីនេះក៏មិនមែនកើតឡើងលើស្ត្រីពពោះគ្រប់រូបនោះដែរ ។
ពេលណាច្រមុះវិលមកធម្មតាវិញ?
ជាទូទៅ ច្រមុះម៉ាក់ៗនឹងវិលមករកសភាពដើមក្រោយសម្រាលកូនរួច គឺនៅពេលដែលអ័រម៉ូនមានស្ថិរភាពហើយការហើមក៏ស្រកចុះទៅតាមនោះដែរ។
ម៉ាក់ៗគួរសង្កេតឲ្យបានដិតដល់ទៅលើការប្រែប្រួលដែលកើតមានអំឡុងពេលពពោះ ក៏ដូចជាពិគ្រោះយោបល់ជាមួយនឹងគ្រូពេទ្យសម្ភព ដើម្បីបញ្ចៀសផលវិបាកធ្ងន់ធ្ងរផ្សេងៗ។