backup og meta

បបូរមាត់ឡើងខ្មៅអំឡុងពេលពពោះមែនអត់? ដោះស្រាយតាមគន្លឹះទាំងនេះ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jul 06, 2023

    បបូរមាត់ឡើងខ្មៅអំឡុងពេលពពោះមែនអត់? ដោះស្រាយតាមគន្លឹះទាំងនេះ

    ពិត​ណាស់​ ការ​ពពោះ ជា​ដំណាក់កាល​ដ៏​រំភើប​រីករាយ​របស់​ស្ត្រី​គ្រប់​រូប ប៉ុន្តែ​ម៉ាក់​ៗ​ក៏​ប្រឈម​នឹង​ការ​ប្រែប្រួល​ច្រើន​ដូច​គ្នា។ បញ្ហា​មួយ​ចំនួន​ដែល​តែង​តែ​កើត​ឡើង​អំឡុង​ពេល​ពពោះ មាន​ដូចជា​ឈឺ​ខ្នង ពិបាក​គេង ហើយ​មួយ​វិញ​​ទៀត ម៉ាក់​ក៏​អាច​ប្រឈម​នឹង​បញ្ហា​បបូរ​មាត់​ឡើង​ខ្មៅ​ដោយ​មិន​ដឹង​ខ្លួន​ផង​ដែរ។

    កត្តា​អ្វី​ខ្លះ​ដែល​នាំ​ឲ្យ​បបូរ​មាត់​ឡើង​ខ្មៅ​អំឡុង​ពេល​ពពោះ?

    ជាក់ស្តែង ​បបូរ​មាត់​ឡើង​ខ្មៅ តែង​កើត​ឡើង​ជា​រឿយៗ​អំឡុង​ពេល​ពពោះ ហើយ​មាន​ស្ត្រី​ប្រមាណ​ជា​៥០ ទៅ​៧០​ភាគរយ​ជួប​ប្រទះ​បញ្ហា​មួយ​នេះ។ យ៉ាង​ណា​មិញ អ្នក​ជំនាញ​ជឿ​ថា​ បបូរ​មាត់​ខ្មៅ​នេះ​ អាច​បណ្តាល​មក​ពី​ការ​ប្រែប្រួល​អ័រម៉ូន​ និង​កង្វះ​សារធាតុ​ចិញ្ចឹម​ជាក់លាក់​អំឡុង​ពេល​ពពោះ។

    គន្លឹះ​បញ្ចៀស​បញ្ហា​បបូរ​មាត់​ខ្មៅ​អំឡុង​ពេល​ពពោះ

    ម៉ាក់​ៗ​ក៏​អាច​អនុវត្តន៍​វិធីសាស្ត្រ​មួយ​ចំនួន​ ដើម្បី​កាត់បន្ថយ​ឱកាស​នៃ​បញ្ហា​បបូរ​មាត់​ខ្មៅ​អំឡុង​ពេល​ពពោះ​បាន​ ដោយ៖

    ១. ប្រើ​ក្រមួន​លាប​មាត់​ ឬ ​Lip balm

    ការ​ការពារ​បបូរ​មាត់​ពី​កម្តៅ​ថ្ងៃ​ខ្លាំង ដោយ​ប្រើ​ក្រមួន​លាប​មាត់​ ឬ​ក្រែម​ដែល​មាន​SPF គឺ​ជា​រឿង​សំខាន់ ពីព្រោះ​ថា​កាំ​រស្មី​ UV អាច​ជំរុញ​ការ​ផលិត​សារធាតុ​ Melanin ដែល​នាំ​ឲ្យ​បបូរ​មាត់​យើង​ប្រែ​ពណ៌​ទៅ​ជា​ខ្មៅ។

    ២. របប​អាហារ​តុល្យភាព

    បន្ថែម​ពី​នេះ ម៉ាក់​ៗ​ក៏​មិន​អាច​ខ្វះ​បាន​នូវ​របប​អាហារ​ដែល​សម្បូរ​ទៅ​ដោយ​សារធាតុ​ចិញ្ចឹម​សំខាន់​ៗ ដែល​រួម​មាន​ជាតិ​ដែក​ អាស៊ីដ ​Folic វីតាមីន ​C និង​ E។ អាហារ​ទាំង​នេះ អាច​បញ្ចៀស​កង្វះ​សារធាតុ​ចិញ្ចឹម​សំខាន់​ៗ​ដែល​នាំ​ឲ្យ​បបូរ​មាត់​ឡើង​ខ្មៅ។

    ៣. រក្សា​ជាតិ​ទឹក

    យើង​ធ្លាប់​បាន​ឮ​​រួច​មក​ហើយ​ថា ការ​រក្សា​ជាតិ​ទឹក​ក្នុង​រាងកាយ​​មាន​សារៈសំខាន់​ណាស់​។ នៅ​ពេល​ដែល​ស្បែក​មាន​សំណើម នោះ​ម៉ាក់​ៗ​មិន​ងាយ​ប្រឈម​នឹង​បញ្ហា​បបូរ​មាត់​ខ្មៅ​ឡើយ។

    ៤. ជៀសវាង​ស្រ្កាប់​បបូរ​មាត់​លើស​កម្រិត

    ប្រសិនបើ​យើង​ឧស្សាហ៍​ស្រ្កាប់​ ឬ​ត្រដុស​បបូរ​មាត់​ញឹកញាប់​ នោះ​ស្បែក​បបូរ​មាត់​នឹង​ងាយ​ឡើង​ពណ៌​ខ្មៅ។ ជំនួស​មក​វិញ យើង​គួរ​សម្អាត​បបូរ​មាត់​ដោយ​ប្រើ​ហ្វូម​ដែល​គ្មាន​ជាតិ​កាត់​ ឬ​កំណាត់​ទន់​ៗ ទើប​ជា​ការ​ប្រសើរ។

    បបូរមាត់ខ្មៅ

    ៥. ញ៉ាំ​វីតាមីន​រក្សា​គភ៌​

    ជាមួយ​គ្នា​នេះ​ដែរ ការ​ញ៉ាំ​វីតាមីន​រក្សា​គភ៌ ដែល​ណែនាំ​ឲ្យ​គ្រូពេទ្យ​ជំនាញ​ គឺ​ជា​រឿង​ចាំបាច់​បំផុត​មួយ ពីព្រោះ​អាហារ​បំប៉ន​ទាំង​នេះ មាន​ផ្ទុក​សារធាតុ​ចិញ្ចឹម​សំខាន់​ៗ និង​ជួយ​អាច​ទ្រទ្រង់​សុខុមាលភាព​ទាំង​មូល ព្រម​ទាំង​បញ្ចៀស​បញ្ហា​កង្វះ​សារធាតុ​ចិញ្ចឹម​ថែម​ទៀត​ផង។

    អត្ថបទគួរអាន៖

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jul 06, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម